រាជធានីភ្នំពេញ ៖ ថ្ងៃទី២៤ តុលា ខាងមុខនេះ កីឡាករល្បីឈ្មោះកែវ រំចង់ នឹងបានឡើងប្រកួតនៅក្នុងព្រឹត្តិការណ៍ Thai Fight ជាថ្មីទៀតហើយនៅក្នុងប្រទេសវៀតណាម។ លោកគឺជាតំណាងកីឡាករកម្ពុជាតែម្នាក់គត់ដែលមានឈ្មោះចេញប្រកួត ហើយត្រូវគេឲ្យប៉ះកណ្ដាប់ដៃជាមួយម្ចាស់ខ្សែក្រវាត់ល្បីឈ្មោះមកពីប្រទេសថៃ ។
ការប្រកួតដែលប្រកាសធ្វើឡើងនៅក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាមនេះ មានការចូលរួមដោយកីឡាករប្រដាល់ល្បីៗមកពីគ្រប់ទិសទីដែលមានក្បាច់គុនប្រដាល់រស់រវើក ប៉ុន្តែភាគច្រើនគេឃើញវត្តមានកីឡាករឡាវ ថៃ និងវៀតណាម ដោយកីឡាករកម្ពុជាគឺមានតែម្នាក់ប៉ុណ្ណោះ ដោយមានការផ្លាស់ប្ដូរគ្នាពីសេន ប៊ុនថេន និងកែវ រំចង់ ។ នៅលើបណ្ដាញហ្វេសប៊ុក បើទោះជាគេឃើញកីឡាករកែវ រំចង់បង្ហាញភាពល្អូកល្អិនជាមួយភរិយា ធ្វើឲ្យគេប៉ាន់ស្មានថាលោកភ្លេចខ្លួនហ្វឹកហាត់ដើម្បីត្រៀមខ្លួន ប៉ុន្តែកីឡាកររូបនេះក៏បង្ហាញឲ្យឃើញពីការត្រៀមខ្លួនដែលនាំឲ្យមានការកោតសរសើរផងដែរ ។ ថ្វីដ្បិតថា ក្រោយបរាជ័យក្រោមដៃឡុង សុភី ក្នុងវគ្គប្រកួតដណ្ដើមខ្សែក្រវាត់
ខារ៉ាបាវវគ្គ១ ធ្វើឲ្យកីឡាករមកពីខេត្តបាត់ដំបងរូបនេះ បាត់បង់អ្នកគាំទ្រមិនតិច ក៏វត្តមានបានចេញប្រកួតក្នុងព្រឹត្តិការណ៍ Thai Fight ដែលនឹងលេចឡើងនៅក្នុងប្រទេសវៀតណាមលើកនេះ នៅតែមានការចាប់អារម្មណ៍ចំពោះគេ ។ កែវ រំចង់ បានបង្ហោះសំណេរដដែលជាដដែលថា ខ្លួនប្រឹងប្រែងហ្វឹកហាត់យ៉ាងសម្បើមដើម្បីដណ្ដើមជ័យជម្នះទៅលើគូប្រកួត ដែលអ្នកណាក៏ល្បីថាខ្លាំង ។ លោកបានទទូចសុំកម្លាំងចិត្តពីអ្នកគាំទ្រ ដើម្បីឲ្យខ្លួនទទួលបានជោគជ័យត្រឡប់មកវិញ ហើយអ្នកលេងហ្វេសប៊ុកក៏បានណែនាំកុំឲ្យគេវាយបែបច្រឡោត និងណែនាំកុំឲ្យគេមើលស្រាលដៃគូដូចអ្វីដែលបានធ្លាប់ធ្វើនោះផងដែរ ។
យោងតាមការប្រកាសរបស់វេបសាយ Thai Fight កីឡាករកែវ រំចង់ ត្រូវឡើងប្រកួតជាមួយកីឡាករថៃឈ្មោះIquezang Kor.Rung Thanakeat ដែលជាជើងខ្លាំង និងធ្លាប់មានប្រវត្តិវាយផ្ដួលកីឡាករបរទេសមកពីតំបន់ផ្សេងនៅក្នុងព្រឹត្តិការណ៍អន្តរជាតិមួយនេះច្រើនលើកមកហើយ ។ កីឡាករកែវ រំចង់ បានផុសនៅលើហ្វេសប៊ុកថា គូប្រកួតរបស់ខ្លួនគឺជាម្ចាស់ខ្សែក្រវាត់តាំងពីវ័យក្មេង ហើយគេក៏ជាកីឡាករដែលចេះស្ទាត់នូវក្បាច់ប្រដាល់សាកលនៅក្នុងប្រទេសថៃផងដែរ ។ យ៉ាងណាក៏ដោយ កីឡាកររូបនេះបានបង្ហាញការតាំងចិត្ត និងប្រកាសយកឈ្នះឲ្យខាងតែបានសម្រាប់ការប្រកួតដែលនឹងលេចឡើងនៅក្នុងប្រទេសវៀតណាមនៅថ្ងៃខាងស្អែកនោះ ។ វេបសាយដដែលបានអះអាងថា ព្រឹត្តិការណ៍ Thai Fight នេះ នឹងចាប់ផ្ដើមប្រកួតនៅក្នុងតំបន់មួយនៅទីក្រុងហូជីមិញចាប់ពីម៉ោង៦ល្ងាចតទៅ ដោយផ្សាយបន្តផ្ទាល់នៅតាមកញ្ចក់ទូរទស្សន៍របស់ថៃ និងវៀតណាមចាប់ពីម៉ោង៦និង២០នាទីល្ងាច។ ប៉ុន្តែក៏មានបណ្ដាទូរទស្សន៍ជាដៃគូនឹងទទួលផ្សាយបន្តចាប់ពីម៉ោង៨យប់តទៅផងដែរ ដើម្បីឲ្យអ្នកគាំទ្រនៅទូទាំងពិភពលោកបានឃើញពីការប្រកួតបើទោះមិនមានលទ្ធភាពមកទស្សនាដោយផ្ទាល់នៅសង្វៀនប្រកួត។ នេះជាព្រឹត្តិការណ៍អន្តរជាតិដែលថៃធ្វើឡើងក្នុងបំណងផ្សព្វផ្សាយក្បាច់ប្រដាល់របស់ខ្លួន ដើម្បីបង្ហាញថា ការប្រដាល់សេរីដែលថៃហៅថាមួយថៃ(ប្រដាល់ថៃ)មានដើមកំណើតចេញពីប្រទេសថៃ ក៏ដូចជាដើម្បីទាក់ទាញកីឡាករមកពីប្រទេសផ្សេងៗដែលចង់ទទួលបានចំណេះដឹងនេះ ឲ្យចូលមកហ្វឹកហាត់ដោយផ្ទាល់ពីគ្រូបង្វឹកថៃ ។ ក្រុមអ្នកវិភាគបានអះអាងថា នៅលើបណ្ដាប្រទេសភាគច្រើនគេហៅប្រដាល់សេរីថាមួយថៃ ដោយសារតែថៃបានផ្សាយក្បាច់គុនមួយនេះទៅកាន់ពិភពលោកទូលំទូលាយជាងបណ្ដាប្រទេសផ្សេងទៀតដែលមានកីឡាមួយនេះដូចគ្នា ។ ជាក់ស្ដែងប្រទេសកម្ពុជាមានការប្រដាល់បែបនេះតាំងពីបុរាណកាលមុនការកកើតប្រទេសថៃទៅទៀត ប៉ុន្តែចុងក្រោយដោយសារកីឡាករប្រដាល់ក្បាច់គុនបុរាណខ្មែរមិនមានការផ្សាយចេញដូចគ្នានឹងថៃ ទើបធ្វើឲ្យជនបរទេសភាគច្រើនយល់ថាកម្ពុជាក៏ទទួលឥទ្ធិពលពីប្រទេសថៃដូចគ្នា ទើបមានការប្រដាល់ក្បាច់គុនបុរាណខ្មែរនេះ ។ អញ្ចឹងហើយទើបលោក តែម ម៉ឺន បានទទូចសុំឲ្យកីឡាករកម្ពុជាបង្ហាញឲ្យអន្តរជាតិបានឃើញថា ក្បាច់ប្រដាល់របស់ខ្មែរមិនមែនជាមែកធាងនៃកីឡាមួយថៃដែលបានបង្កើតឡើងដោយជនជាតិថៃនោះទេ។ លោកទទូចកុំឲ្យកីឡាករកម្ពុជាពាក់កងរង្វង់លើក្បាលដូចគ្នានឹងកីឡាករថៃ គឺត្រូវជំនួសដោយក្រមាដែលជាអត្តសញ្ញាណរបស់ជាតិ ។
មានការអះអាងថា ព្រឹត្តិការណ៍នេះកាលពីប៉ុន្មានខែមុនគឺកីឡាករឡុង សុភី ត្រូវបានកំណត់ឱ្យទៅ ប៉ុន្តែដោយសារតែគេជាប់កុងត្រាជាមួយទូរទស្សន៍បាយ័នដើម្បីឡើងប្រកួតការពារខ្សែក្រវាត់ខារ៉ាបាវដែលចុងក្រោយគឺបានរំសាយលុបចោលព្រោះតែភាពចម្រូងចម្រាសនោះ ទើប កែវ រំចង់ ត្រូវបានសហព័ន្ធកំណត់ឲ្យទៅជំនួស ។ កីឡាករ កែវ រំចង់ បានអះអាងថា ក្នុងរយៈពេលចុងក្រោយបានប្រឹងហ្វឹកហាត់មិនស្គាល់ពេលសម្រាកនោះទេ ដើម្បីកែច្នៃកម្លាំងឆាប់ហត់ឲ្យមានលំនឹងឡើងវិញ ។ ទោះជាកីឡាករថៃ Iquezang Kor.Rung Thanakeat ត្រូវគេអះអាងថាខ្លាំង និងមានខ្សែក្រវាត់ជើងឯកស្រោចខ្លួន ក៏កីឡាករកម្ពុជារូបនេះប្រកាសថានឹងប្រឹងឲ្យអស់ពីសមត្ថភាព ។ យ៉ាងណាក៏ដោយគេមិនទាន់ដឹងថា តើកីឡាករ កែវ រំចង់ នឹងស្ពាយជោគជ័យត្រឡប់មកវិញឬអាម៉ាស់ដូចមុននោះទេ ដោយសារតែគេធ្លាប់ចូលរួមព្រឹត្តិការណ៍ Thai Fight ពីមុនរួចហើយ ប៉ុន្តែចុងក្រោយគឺកម្លាំងមិនដល់គេ ។ អ្នកគាំទ្រនៅក្នុងហ្វេសប៊ុកបានលើកឡើងថា បើកែវ រំចង់ អាចឈ្នះកីឡាករថៃនៅយប់ស្អែក នោះមិនមែនត្រឹមតែជួយឲ្យគេទទួលបានការចាប់អារម្មណ៍ជាថ្មីប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងធ្វើឲ្យអន្តរជាតិទទួលស្គាល់ក្បាច់គុនបុរាណរបស់ខ្មែរ មានកម្រិតល្អជាងក្បាច់គុនមួយថៃដែលបានផ្សព្វផ្សាយនោះផងដែរ ៕



ចែករំលែកព័តមាននេះ