ខេត្តស្ទឹងត្រែង ៖ គ្រោះថ្នាក់ចរាចណ៍ចំនួន២លើកក្នុងរយៈពេល២ថ្ងៃ បង្កឱ្យមនុស្ស២នាក់ស្លាប់ស្ថិតនៅខេត្តស្ទឹងត្រែង ដែលគ្រោះថ្នាក់កើតចេញពីការបើករបរមិនមានការប្រុងប្រយ័ត្ន ។
មន្ត្រីការិយាល័យចរាចណ៍ជើងគោកឱ្យដឹងថា នៅក្នុងរយៈពេល២ថ្ងៃជាប់គ្នា គឺថ្ងៃទី២០ និង២១ តុលា ២០១៥ កើតមានគ្រោះថ្នាក់ចរាចណ៍២លើក ដែលបង្កឱ្យមនុស្សចំនួន២នាក់ បានស្លាប់នៅនឹងកន្លែង ។
លោកបន្តថា ករណីទី១-កើតឡើងកាលពីព្រឹកថ្ងៃទី២០ តុលា ២០១៥ បង្កឡើងដោយរថយន្តម៉ាកសាំយ៉ុង ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ ២S-៩៧១៥ ដឹកអ្នកដំណើរបើកបរមកពីខេត្តរតនគិរី ទៅរាជធានីភ្នំពេញ ក្នុងទិសដៅពីកើតមកលិច បានបុកម៉ូតូជនរងគ្រោះឈ្មោះយេន ផាត អាយុ៥៥ឆ្នាំ រស់នៅ ភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ក្នុងទិសដៅស្របទិសគ្នាពីក្រោយ ហើយអូសជាង៣០ម៉ែត្រ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែង ។
មន្ត្រីដដែលបន្តថា ក្រោយកើតហេតុភ្លាមៗ តៃកុងរថយន្តបានរត់គេចខ្លួនបាត់ ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ចំណែកសាកសព បានធ្វើលិខិតប្រគល់ជូនគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណីនៅភូមិ-ឃុំកើតហេតុខាងលើ ។ ដោយឡែកកាលវេលាព្រឹកថ្ងៃទី២១ តុលា ២០១៥ ស្ថិតនៅចំណុចលើស្ពានមេគង្គត្រើយខាងលិច ក្នុងភូមិអូរត្រែល ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។
ជនរងគ្រោះឈ្មោះប្រាទេព ប៊ុនអ៊ែ ភេទប្រុស អាយុ៥៧ឆ្នាំ ជាជាងផ្ទះ ស្នាក់នៅបណ្តោះអាសន្នផ្ទះឪពុកមា ក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង បានជិះម៉ូតូផ្ទាល់ខ្លួនម៉ាកសង់កូរ៉េ ពណ៌ក្រហម អត់ស្លាកលេខ បើកបរពីក្នុងទិសដៅពីកើតទៅលិច ហើយទំនងជាងងឹតមុខ បណ្តាលឱ្យដួលបោកក្បាលទៅនឹងថ្នល់ស្លាប់ភ្លាមៗនៅលើស្ពានមេគង្គ ។




ចែករំលែកព័តមាននេះ