បណ្តាមជ្ឈដ្ឋានការពារនិយាយថា ប្រទេសបារាំង និងគុយវ៉ែតត្រូវចុះហត្ថលេខានាថ្ងៃទី២១ តុលា លើកិច្ចព្រមព្រៀងមួយ ព្រមទាំងឯកសារឯទៀតៗស្តីពីកុងត្រានៃការទិញអាវុធសម្រាប់កងទ័ពជើងគោក ជើងអាកាស និងជើងទឹកគុយវ៉ែត មានទឹកប្រាក់សរុបប្រមាណជា២,៥ពាន់លានអឺរ៉ូ ។
រាជាណាចក្រប្រេងកាតតូចនេះនៅតំបន់ឈូងសមុទ្រពែរ្ស៍ ដែលនាយករដ្ឋមន្ត្រីលោក JABER AL MOUBARAK AL AHMAD AL SABAH អមដោយគណៈប្រតិភូសំខាន់មួយស្ថិតនៅក្រុងប៉ារីសសម្រាប់រយៈពេល២ថ្ងៃ គឺថ្ងៃទី២០ និង២១ តុលា នោះ ធ្លាប់គូសបញ្ជាក់កាលពីខែមិថុនា ពីបំណងរបស់ខ្លួនឱ្យទទួលបានឧទ្ធម្ភាគចក្រធុនធ្ងន់ប្រភេទ CARACAL ២៤គ្រឿងមានទឹកប្រាក់១ពាន់លានអឺរ៉ូ ។
ឧទ្ធម្ភាគចក្រធុន CARACAL ផលិតដោយក្រុមហ៊ុន AIRBUS HELICOPTERS ជាសាខារបស់ក្រុមហ៊ុន AIRBUS ផលិតជាពិសេសសម្រាប់បំពេញបេសកកម្មជួយសង្គ្រោះ ពេលមានការប្រយុទ្ធគ្នា ព្រមទាំងដឹកជញ្ជូនកងទ័ពទៅកាន់ទីឆ្ងាយៗ ។ ឧទ្ធម្ភាគចក្រធុននេះមានប្រព័ន្ធពាសដែក និងប្រព័ន្ធស្វ័យការពារ ដែលរួមមានរ៉ាដាចាប់គ្រាប់មីស៊ីល ។ កងទ័ពបារាំងមានឧទ្ធម្ភាគចក្រធុននេះ១៩គ្រឿងប្រើជាពិសេសដោយកងកម្លាំងពិសេស ។
ក្រសួងការពារប្រទេសគូសបញ្ជាក់កាលពីថ្ងៃទី២០ តុលា ថា ការចរចាគ្នាប្រព្រឹត្តទៅដោយរលូន ។ ទស្សនកិច្ចរបស់គណៈប្រតិភូគុយវ៉ែតជាឱកាសដែលជំរុញរឿងនេះដោយសង្ឃឹមចេញរួចក្នុងបណ្តាសប្តាហ៍ខាងមុខ ។
ចំណែកកុងត្រា២ទៀតមានទឹកប្រាក់១,៥ពាន់លានអឺរ៉ូ ជាកម្មវត្ថុនៃការចុះហត្ថលេខាលើឯកសារទទួលនានារវាងបារាំង និងគុយវ៉ែត នឹងត្រូវចុះហត្ថលេខាក្នុងឱកាសនៃការជួបគ្នារវាងនាយករដ្ឋមន្ត្រីបារាំង លោក MANUEL VALL និងសមភាគីគុយវ៉ែតនាថ្ងៃទី២១ តុលា ផ្តោតលើការទិញបណ្តារថពាសដែក RENAULT TRACKS DEFENSE ព្រមទាំងយន្តហោះល្បាត P37 ៕
ចែករំលែកព័តមាននេះ