នាថ្ងៃទី២០ តុលា នៃអន្តរាគមន៍យោធារុស្ស៊ី នៅស៊ីរី លោកប្រធានាធិបតីវ្ល៉ាឌីមៀរ ពូទីន អះអាងថា ត្រៀមឆ្លើយតបដោយសមស្រប និងប្រកបដោយប្រសិទ្ធភាពចំពោះការគំរាមកំហែងភេរវកម្ម ព្រមទាំងរាល់ការគំរាមកំហែងណាក៏ដោយប្រឆាំងប្រទេសយើង ។
លោកពូទីន ថ្លែងបែបនេះកាលពីថ្ងៃទី២០ តុលា នៅមុខបណ្តាអ្នកទទួលខុសត្រូវយោធា ប៉ូលិស តុលាការ និងបណ្តាភ្នាក់ងារសម្ងាត់នៅវិមានក្រឹមឡាំង ។ ការអះអាងបែបនេះមានន័យថា រុស្ស៊ីសម្រេចគោលដៅរបស់ខ្លួនបង្ហាញថា រុស្ស៊ីជាមហាអំណាចពិភពលោកមួយ ដែលតំបន់ធ្វើសកម្មភាពស្ថិតនៅឆ្ងាយពីក្របខណ្ឌតំបន់ ។
អន្តរាគមន៍យោធារុស្ស៊ីចាប់ផ្តើមពីថ្ងៃទី៣០ កញ្ញា មក ។ ក្នុងបណ្តាថ្ងៃដំបូង កងយន្តហោះរុស្ស៊ីចេញវាយប្រហារគិតជាមធ្យម១ថ្ងៃ១០លើក រួចពេលនេះការវាយប្រហារបង្កើនពេលខ្លះដល់៦០លើក ឬ៨០លើក ។ យោងតាមប្រភពព័ត៌មានរុស្ស៊ីថាសរុបកងយន្តហោះរុស្ស៊ីបានចេញធ្វើប្រតិបត្តិការជិត៧០០លើកនៅស៊ីរី ដោយធ្វើការវាយប្រហារ៥០០លើក ប្រឆាំងបណ្តាទីតាំងរបស់ក្រុមរដ្ឋអ៊ិស្លាមនៅស៊ីរី ។ ចំណែកកងម៉ារីនរុស្ស៊ីបានបាញ់មីស៊ីលបណ្តែតចេញពីបណ្តានាវាចម្បាំងរបស់ខ្លួនពីសមុទ្រកាស្ពីយែនមក ។ កងយន្តហោះរុស្ស៊ីធ្វើការវាយប្រហារដោយមានការសម្របសម្រួលគ្នាជាមួយរបបលោកបាចា អាល់អាសាដ ។
ចំណែកប្រភពព័ត៌មានយោធាស្និទ្ធរដ្ឋាភិបាលស៊ីរីមួយរាយការណ៍កាលពីថ្ងៃទី២០ តុលា ថា ជនជាតិរុស្ស៊ីយ៉ាងតិច៣នាក់ ដែលរួមដៃប្រយុទ្ធជាមួយកងទ័ពស៊ីរី បានត្រូវស្លាប់ និងជាច្រើននាក់ទៀតត្រូវរបួសកាលពីយប់ថ្ងៃទី១៩ តុលា ដោយសារគ្រាប់ផ្លោង១គ្រាប់ធ្លាក់ចំទីតាំងពួកគេនៅស៊ីរីក្នុងខេត្តឆ្នេរសមុទ្រ LATTAQUIE ។
នៅក្រុងមូស្គូ ក្រសួងការពារប្រទេសរុស្ស៊ីបានបដិសេធព័ត៌មាននេះ ក្នុងសេចក្តីប្រកាសមួយដោយអះអាងថា ពុំមានជនរងគ្រោះណាម្នាក់ក្នុងចំណោមកងទាហានរុស្ស៊ីនៅរុស្ស៊ីឡើយ។
នៅក្រុងដាម៉ាស់ ស្ថានទូតរុស្ស៊ីនិយាយថា ពុំទទួលព័ត៌មានអំពីការស្លាប់ទាហានស៊ីរី ដែលជួយប្រយុទ្ធខាងកងទ័ពរដ្ឋាភិបាលឡើយ ។ ស្ថានទូតនេះថ្លែងថា យើងពុំមានព័ត៌មានអំពីការស្លាប់ជនជាតិរុស្ស៊ី ឬយោធារុស្ស៊ី៣នាក់នៅស៊ីរីដូចសេចក្តីរាយការណ៍របស់រ៉យទ័រឡើយ ៕
ចែករំលែកព័តមាននេះ