រាជធានីភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានប្រមូលម្ចាស់ហាងម៉ាស្សាកោសជប់ និងខារ៉ាអូខេ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០០៤ ចូលរួមដាក់ផែនការយ៉ាងតឹងរ៉ឹងបំផុតមួយ បន្ទាប់ពីកើតមានបទល្មើសជាញឹកញាប់ ចេញពីហាងទាំងនោះព្រោះតែម្ចាស់ហាងមិនគោរពតាមការណែនាំរបស់អាជ្ញាធរខណ្ឌ ដែលបានណែនាំក្នុងពេលកន្លងមក ដោយបង្កភាពអនាធិបតេយ្យ ។
ពិធីនោះ ត្រូវបានរៀបចំកាលពីវេលារសៀលថ្ងៃទី២០ តុលា ២០១៥ ស្ថិតនៅក្នុងសាលប្រជុំធំសាលាខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
លោកអភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បើកឱ្យមានការបញ្ចេញមតិយោបល់របស់ម្ចាស់ហាង ដែលមិនបានធ្វើខុស ឡើងសំណូមពរដល់គណៈអធិបតីឱ្យជួយចាត់ការហាងណាមួយដែលធ្វើខុស សូមឱ្យបិទហាងនោះតែម្ដង កុំឱ្យបិទដោយទាំងហាង ដែលនៅជាប់គ្នានោះដូចពេលកន្លងឱ្យសោះ ព្រោះហាងខ្លះមិនបានដឹងរឿងអ្វីទេ ហើយក៏មិនបានធ្វើខុស និងបង្ករឿងអ្វីឡើយ ។
ការបិទបែបនេះ វានាំមកនូវភាពអយុត្តិធម៌ខ្លាំងណាស់ មិនតែប៉ុណ្ណោះ បើបានជាបិទហើយត្រូវធ្វើឱ្យបានតឹងតែងបំផុតតែម្ដង កុំបិទក្នុងភាពធូររលុង ធ្វើបែបនេះ គឺដើម្បីដាក់ពិន័យដល់ហាងដែលធ្វើខុសនោះឱ្យមានភាពរៀងចាល ។


ចែករំលែកព័តមាននេះ