ខេត្តពោធិ៍សាត់ ៖ ជនជួញដូរគ្រឿងញៀនពីរនាក់ រួមជាមួយវត្ថុតាងថ្នាំញៀន០៤កញ្ចប់ត្រូវសមត្ថកិច្ចនគរបាលចេញប្រតិបត្តិការព័ទ្ធចាប់បាននៅកន្លែងផ្សេងគ្នា កាលពីរសៀលថ្ងៃទី២០ តុលា ២០១៥ នៅភូមិប្រឡាយធំ ឃុំវាល ស្រុកកណ្ដៀង បន្ទាប់ពីទទួលបានព័ត៌មានពីភ្នាក់ងារភ្លាមៗ។
លោកវរសេនីយ៍ត្រីលី សេងហ៊ីម អធិការនគរបាលស្រុកកណ្ដៀងបានឲ្យដឹងថា កាលពីថ្ងៃទី២០ តុលា មានភ្នាក់ងារផ្ដល់ព័ត៌មានមកថា នៅភូមិប្រឡាយធំ ឃុំវាល ស្រុកកណ្ដៀងមានផ្ទះពីរកន្លែងកំពុងចរាចរណ៍ជួញដូរគ្រឿងញៀន។
ពេលនោះលោកបានរាយការណ៍ជូនទៅលោកស្នងការនគរបាល និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តដើម្បីសុំយោបល់ និងវិធានការ។ ភ្លាមៗនោះលោកស្នងការ និងលោកព្រះរាជអាជ្ញាបានចាត់វិធានការឲ្យកម្លាំងនគរបាលស្រុកកណ្ដៀងសហការជាមួយកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន និងនគរបាលព្រហ្មទណ្ឌខេត្តចុះទៅបង្ក្រាបជាបន្ទាន់។
ពេលកម្លាំងចុះទៅដល់គោលដៅបានព័ទ្ធផ្ទះចំនួនពីរកន្លែងដែលនៅក្នុងភូមិប្រឡាយធំជាមួយគ្នា ហើយបានឃាត់ខ្លួនជនជួញដូរចំនួន០២នាក់ ម្នាក់ឈ្មោះនុត ស៊ីណា ហៅកែប ភេទប្រុស អាយុ២៨ឆ្នាំ និងម្នាក់ទៀតឈ្មោះមាស ចំណេត ហៅតឹង ភេទប្រុស អាយុ២៦ឆ្នាំ ទាំងពីរនាក់រស់នៅភូមិប្រឡាយធំ ឃុំវាល ស្រុកកណ្ដៀង។
ពេលឃាត់ខ្លួននេះ សមត្ថកិច្ចបានដកហូតវត្ថុតាងថ្នាំញៀនប្រភេទម៉ាទឹកកមួយកញ្ចប់ធំ និង០៣កញ្ចប់តូចនៅក្នុងខ្លួន និងអាវុធខ្លីមួយដើមម៉ាកឡុកបាញ់គ្រាប់កង់ប្រើហ្គាស។ បន្ទាប់ពីមានភស្តុតាងគ្រប់គ្រាន់សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងដើម្បីចាត់ការតាមនីតិវិធី៕


ចែករំលែកព័តមាននេះ