រាជធានីភ្នំពេញ ៖ បើមិនមានការប្រែប្រួលទេនោះ នៅរសៀលថ្ងៃទី២១ តុលា ២០១៥ នេះលោកប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវជាភរិយា, លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នឹងអញ្ជើញចូលរួមក្នុងពិធីក្រុងពលី និងអភិសេករូបសំណាកព្រហ្មបាយ័នមុខ៤នៅរង្វង់មូលគល់ស្ពានជ្រោយចង្វារត្រើយខាងកើតដើម្បីសុំម្ចាស់ទឹកម្ចាស់ដី និងសុំសេចក្តីសុខទៅតាមទំនៀមទំលាប់ប្រពៃណីនៅមុនពិធីសម្ពោធស្ពានជ្រោយចង្វារទី២ជាផ្លូវការដែលគ្រោងធ្វើនៅថ្ងៃទី២២ តុលា ២០១៥ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន។
មន្ត្រីសាលារាជធានីភ្នំពេញឲ្យដឹងថា រូបសំណាកព្រហ្មបាយ័នដែលត្រូវសម្ពោធនាពេលនេះ យកលំនាំដើមតាមពីប្រាសាទបាយ័នក្នុងខេត្តសៀមរាបធ្វើពីថ្មភ្នំយកពីខេត្តព្រះវិហារកាត់ឆ្លាក់ដាប់ជាដុំៗបន្តុបលើគ្នាមានកំពស់៩,១៨ម៉ែត្រ, ទទឹង៦ម៉ែត្រកន្លះ។
រូបចំលាក់នេះតំណាងឲ្យព្រះភ័ក្ត្ររបស់ព្រះលោកេស្វរៈ ជាព្រះពោធិ៍សត្វនៃព្រះពុទ្ធសាសនាមហាយាន ដែលមានមហាករុណាចំពោះមនុស្សគ្រប់ទិសទាំង៤ប្រកបដោយព្រហ្មវិហារធម៌៤គឺ មេត្តា, ករុណា, មុទិតា, ឧបេខា៕



ចែករំលែកព័តមាននេះ