ខេត្តកំពង់ធំ ៖ លោក អ៊ុត សំអន អភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋានថ្នាក់ខេត្ត បន្ទាប់ពីបានស្តាប់របាយការណ៍ពីខាងរដ្ឋបាលព្រៃឈើ មន្ត្រីសមត្ថកិច្ចនគរបាល ប៉េអឹម និងអភិបាលស្រុករួចមក លោកបានសម្រេចស្នើសុំឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាត់មន្ត្រីចុះជួយសហការទប់ស្កាត់បទល្មើសព្រៃឈើក្នុងខេត្ត ។
ការស្នើនេះ ដោយសារកន្លងមកសកម្មភាពនៃការបង្ក្រាបបទល្មើសព្រៃឈើក្នុងខេត្ត មានភាពអនាធិបតេយ្យ ព្រោះមានកម្លាំងសមត្ថកិច្ចរដ្ឋបាលព្រៃឈើ និងកងកម្លាំងប្រដាប់អាវុធមួយចំនួន ធ្វើសកម្មភាពដេញចាប់បង្ក្រាបបទល្មើស ចំណែកខ្លួនឯងរកស៊ីជួញដូរឈើខុសច្បាប់ទៅវិញ ។
លោកអភិបាលខេត្ត ដែលសម្រេចដាក់សំណើបែបនេះ ដោយសារតែនិយាយមិនស្តាប់ ម្យ៉ាងវិញទៀត នៅពេលបង្ក្រាបបទល្មើសបានម្តងៗ នាំគ្នាលួចយកស្ទើរតែអស់ពីរថយន្តល្មើសមិនដឹងថា តើត្រូវដោះស្រាយដោយវិធីណាឱ្យមានប្រសិទ្ធភាព ។ លោកអភិបាលខេត្ត ប្រកាសថា លោកមិនគាំទ្រសកម្មភាពនេះទេ ហើយចាប់ពីថ្ងៃនេះតទៅ លោកដាក់បទបញ្ជាដាច់ខាតមិនឱ្យដេញបង្ក្រាបបទល្មើសនៅក្នុងក្រុងស្ទឹងសែនទ្បើយ ។ បើអស់លោកពិតជាមានមនសិការ សូមនាំគ្នាចេញទៅធ្វើការបង្ក្រាបនៅខាងក្រៅក្រុង ដើម្បីកុំឱ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល និងភ័យខ្លាច និងបង្កគ្រោះថ្នាក់ចរាចរណ៍នៅក្នុងក្រុង ។
លោកអភិបាលខេត្ត មានប្រសាសន៍យ៉ាងដូច្នេះ នៅសាលប្រជុំសាលាខេត្ត កាលពីព្រឹកថ្ងៃទី២០ តុលា ក្នុងពិធីផ្សព្វផ្សាយនិងពង្រឹងការអនុវត្តបទបញ្ជាលេខ០២បប របស់រាជរដ្ឋាភិបាល ស្តីពីវិធានការបង្ការទប់ស្កាត់ ការបង្ក្រាប ការកាប់ ការដឹកជញ្ជូន ការប្រមូល ការស្តុកទុក និងការនាំចេញឈើគ្រញូងខុសច្បាប់ ។ក្នុងឱកាសនោះដែរ លោក ម៉ាន សុគ្រី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានក្រុមជំនួយការលេខាធិការដ្ឋានអចិន្ត្រៃយ៍ថ្នាក់ជាតិ មានប្រសាសន៍ថា ចាប់ពីថ្ងៃនេះតទៅ យើងត្រូវតែរួមគ្នាអនុវត្តនូវបទបញ្ជាលេខ០២ប.ប របស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពខ្ពស់ ។
ចាប់ពីពេលនេះទៅ សូមអស់លោកដកខ្លួនចេញឱ្យឆ្ងាយពីបទល្មើសព្រៃឈើ ត្រូវលុបបំបាត់ឱ្យអស់វប្បធម៌អន្តរាគមន៍។ ទោះបីជាអ្នកធំប៉ុនណាក៏ដោយ សូមឱ្យកត់ឈ្មោះ ឋានៈ និងតួនាទីឱ្យបានច្បាស់លាស់ រួចធ្វើរបាយការណ៍ទៅកាន់លេខាធិការដ្ឋានថ្នាក់ជាតិ ដើម្បីមានវិធានការជាបន្ទាន់ចំពោះបុគ្គលរូបនោះ ៕



ចែករំលែកព័តមាននេះ