ខេត្តព្រះវិហារ ៖ សមត្ថកិច្ចចុះបង្ក្រាបទីតាំងជួញដូរ និងប្រើប្រាស់គ្រឿងញៀនមួយកន្លែង ដោយឃាត់ខ្លួនជនសង្ស័យ៨នាក់ និងរឹបអូសវត្ថុតាងមួយចំនួន កាលពីវេលាម៉ោង៤រសៀលថ្ងៃទី១៩ តុលា ២០១៥ ស្ថិតនៅភូមិឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ។
ជនសង្ស័យទាំង៨នាក់ខាងលើនេះ មាន ១-ឈ្មោះ លី វឌ្ឍនៈ ហៅទូច ភេទប្រុស អាយុ៣៨ឆ្នាំ ជាមន្ត្រីយោធា រស់នៅភូមិឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ២-ឈ្មោះ ជា សុភ័ក្ដ្រ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរលក់គ្រឿងសង្ហារឹមនៅរាជធានីភ្នំពេញ ៣-ឈ្មោះ ពេជ្រ ប៊ុនយីម ភេទប្រុស អាយុ៣៣ឆ្នាំ ជាមន្ត្រីយោធា រស់នៅភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ៤-ឈ្មោះ វ៉ាន់ ចាន់ថេត ភេទប្រុស អាយុ៣៦ឆ្នាំ ជាគ្រូបង្រៀន រស់នៅភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ៥-ឈ្មោះ ឈុន ហាក់ ភេទប្រុស អាយុ៣០ឆ្នាំ ជាជាងឈើ ៦-ឈ្មោះ អ៊ឹង រដ្ឋា ភេទប្រុស អាយុ២១ឆ្នាំ ជាជាងឈើ ៧-ឈ្មោះ ម៉ូ កែវ ភេទប្រុស អាយុ១៥ឆ្នាំ ជាកម្មករសំណង់ និង៨-ឈ្មោះ សុខ សាយ ភេទប្រុស អាយុ១៧ឆ្នាំ ជាកម្មករសំណង់ ជនសង្ស័យទាំង៨នាក់នេះ ស្នាក់នៅបណ្ដោះអាសន្ន នាភូមិឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនពាក់ព័ន្ធករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន ។
មន្ត្រីនគរបាលខេត្ត បានឲ្យដឹងថា ការចុះបង្ក្រាប និងឆែកឆេរលំនៅឋានសង្ស័យមួយកន្លែង ស្ថិតក្នុងភូមិឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ដោយបានសហការពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត រួមជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះវិហារ ។ សមត្ថកិច្ចរឹបអូសបានវត្ថុតាង ថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លា (មេតំហ្វេតាមីន) ហៅម៉ាទឹកកកចំនួន៣កញ្ចប់តូច ស្មើនឹង១.៤ក្រាម ជញ្ជីង៤ គ្រាប់កាំភ្លើងកា៥៤ចំនួន៨គ្រាប់ ម៉ូតូម៉ាកហុងដា ធុនសេ១២៥ ពណ៌ខ្មៅ១គ្រឿង គ្មានស្លាកលេខ ស្រោមកាំភ្លើងខ្លី១ ទូរស័ព្ទដៃ៩គ្រឿង ប្រាក់ខ្មែរចំនួន៤៥៧.០០០រៀល និងប្រាក់អាមេរិក២ដុល្លារ រួមទាំងសម្ភារសេពថ្នាំញៀនមួយចំនួនផងដែរ ។
ជនសង្ស័យទាំង៨នាក់ខាងលើ ត្រូវបាននគរបាលកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី និងបន្តស្វែងរកមុខសញ្ញាដែលជាប់ពាក់ព័ន្ធករណីខាងលើបន្តទៀត ៕



ចែករំលែកព័តមាននេះ