រាជធានីភ្នំពេញ ៖ កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានយីហោមិត្តភាពមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវវតត្សំរោងអណ្តែត ភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខប្រមាណជាង១០០នាក់ នៅព្រឹកថ្ងៃទី២១ តុលា នេះ បានផ្ទុះការតវ៉ាដុតកង់ឡានមុខរោងចក្រទាមទារឱ្យថៅកែរោងចក្រគោរពច្បាប់ការងារ។
តាមការឱ្យដឹងពីកម្មករម្នាក់ឈ្មោះជុំ រដ្ឋា ភេទប្រុស អាយុ២៤ឆ្នាំ បានឱ្យដឹងថា ការតវ៉ានេះបានផ្ទុះឡើងចំនួន៣ថ្ងៃមកហើយ ចាប់ពីថ្ងៃទី១៩ មកដល់ថ្ងៃទី២១ នេះដើម្បីទាមទារលក្ខខណ្ឌការងារចំនួន៦ចំណុច។
លក្ខខណ្ឌការងារទាំង៦ចំណុចនោះ រួមមាន១-ស្នើសុំឱ្យក្រុមហ៊ុនទទួលយកមេការឈ្មោះជិន សាវីន ចូលធ្វើការវិញ, ២-ពេលដែលក្រុមហ៊ុនបញ្ឈប់កម្មករណាម្នាក់ដែលគ្មានកំហុស ខាងក្រុមហ៊ុនត្រូវគិតអត្ថប្រយោជន៍តាមផ្លូវច្បាប់ ហើយមិនត្រូវកាត់លុយកម្មករទេ, ៣-សុំឱ្យក្រុមហ៊ុនរៀបចំបន្ទប់ទឹកឱ្យមានអនាម័យ, ៤-ត្រូវរៀបចំពេទ្យប្រចាំការនៅក្នុងរោងចក្រម្នាក់, ៥-ពេលកម្មករសុំច្បាប់ឈឺ ឬមានធុរៈខាងក្រុមហ៊ុនមិនត្រូវកាត់លុយព្រីមតាមសមាមាត្រ និង៦-ពេលកម្មការិនីមានផ្ទៃពោះត្រូវទៅពិនិត្យពោះខាងក្រុមហ៊ុនត្រូវអនុញ្ញាតច្បាប់ឈប់សម្រាកមួយថ្ងៃ ៕






ចែករំលែកព័តមាននេះ