ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គុណភាព​អង្ករ​វៀតណាម​ជា​គន្លឹះ​នៃ​កំណើន​ក្នុង​ការ​នាំ​ចេញ

10 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ អ្នកជំនាញ​បាន​លើក​ឡើង​ថា ការ​នាំ​ចេញ​អង្ករ​របស់​វៀតណាម ត្រូវ​បាន​គេ​មើលឃើញ​ពី​កំណើន​ដ៏​វិជ្ជមាន​ក្នុង​អំឡុង​ត្រីមាស​ដំបូង​នៃ​ឆ្នាំ​២០១៥ ប៉ុន្តែ​ផលិតកម្ម​ចាំបាច់​ត្រូវ​កែប្រែ​ហេដ្ឋារចនាសម្ព័ន្ធ​ឡើង​វិញ ជាមួយនឹង​ការ​បង្កើន​គុណភាព​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម ក៏​ដូច​ជា​កេរ្តិ៍ឈ្មោះ​ផង​ដែរ ។

ប្រភព​ឲ្យ​ដឹង​ទៀត​ថា តម្រូវការ​សម្រាប់​ទីផ្សារ​នាំ​ចេញ​អង្ករ​ជា​ប្រពៃណី​របស់​វៀតណាម ត្រូវ​បាន​គេ​មើលឃើញ​ពី​ការ​រើប​ឡើង​វិញ ដូច​ជា ការ​ចុះ​កិច្ចសន្យា​នាំ​ចេញ​ទៅ​ប្រទេស​ហ្វ៊ី​លី​ពី​ន ក្នុង​ចំនួន​៤៥​ម៉ឺន​តោន​ជាដើម ។

អនុប្រធាន​សមាគម​ស្បៀងអាហារ​វៀតណាម លោក Huynh Minh Hue ថ្លែង​ថា ៖ «​វៀតណាម​បាន​ចុះ​កិច្ចសន្យា​ពាណិជ្ជកម្មក្នុង​ការ​នាំ​ចេញ​អង្ករ​១,៣​លាន​តោន និង​ធ្វើ​កិច្ចសន្យា​ទីផ្សារ​ដែល​មាន​តម្រូវការ​ថ្នាក់​កណ្តាល​លើ​ការ​នាំ​ចេញ​អង្ករ​១,៥​លាន​តោន​ក្នុង​រយៈពេល​៦​ខែ​» ។

តាម​របាយការណ៍​របស់ Vietnamplus បង្ហាញ​ថា ៖ «​អគ្គនាយករង​ក្រុមហ៊ុន Tien Giang Food លោក Le Thanh Khiem ថ្លែង​ថា វៀតណាម​គួរតែ​ផ្តោត​លើ​ការ​បង្កើន​គុណភាព​នៃ​អង្ករ​នាំ​ចេញ ជា​ជាង​បរិមាណ​ដើម្បី​បោះ​ជំហាន​ចូល​ទីផ្សារ​នាំ​ចេញ​ដែល​មាន​ទំហំ​ទឹកប្រាក់​ខ្ពស់ ដូច​ជា អឺរ៉ុប និង​ជប៉ុន ដែល​ស្ថិត​ក្នុង​កៅអី​មួយ​ត្រូវ​គេ​ស្គាល់​ថា ជា​តួអង្គ​មាន​តម្រូវការ​ខ្ពស់​ផ្នែក​គុណភាព​សម្រាប់​ការ​នាំ​ចេញ​អង្ករ​» ។

អនុរដ្ឋមន្ត្រី​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម លោក Tran Tuan Anh ថ្លែង​ថា ៖ «​គុណភាព​អង្ករ​នាំ​ចេញ​របស់​វៀតណាម​នៅ​តែ​មាន​ក្តី​រំពឹង​លើ​ទីផ្សារ​នាំ​ចេញ​ថ្នាក់​កណ្តាល និង​ទីផ្សារ​ប្រពៃណី​ដដែល ។ វិស័យ​កសិកម្ម​ត្រូវការ​កែសម្រួល​ថ្មី​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផលិតកម្ម និង​ពាណិជ្ជកម្ម​លើ​វិស័យ​ស្រូវ​អង្ករ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​គុណភាព​ផលិតផល និង​ការ​បង្កើត​ស្លាក​យីហោ​មួយ​ដែល​មាន​កិត្តិនាម ។ សកម្មភាព​ទាំងនេះ​នឹង​ជួយ​ដល់​អ្នក​ផលិត​អង្ករ និង​ពាណិជ្ជករ​ក្នុងស្រុក​អាច​គេច​ផុត​ពី​ការ​ខាតបង់​ពេល​តម្រូវការ​នាំ​ចូល​ថយ​ចុះ​» ។

ចំណែក​អនុប្រធាន​នាយកដ្ឋាន​របៀប និង​ពាណិជ្ជកម្ម​ផលិតផល​កសិកម្ម បង្ហាញ​ថា ៖ «​វៀតណាម​មាន​សហគ្រាស​នាំ​ចេញ​អង្ករ​កម្រិត​ខ្ពស់ និង​មធ្យម​ច្រើន​ជាង​២០០​កន្លែង ប៉ុន្តែ​អង្ករ​វៀតណាម​ស្ថិត​ក្នុង​កម្រិត​ទាប និង​មធ្យម​លើ​ទីផ្សារ​ពិភពលោក ។ ប្រទេស​នេះ​បាន​សម្លឹង​ឃើញ​បរិមាណ​ទាប​ក្នុង​ការ​នាំ​ចេញ​អង្ករ​ដែល​មានគុណ​ភាព​ខ្ពស់​ផង​ដែរ​»​។

បន្ថែម​លើ​នេះ វៀតណាម​ស្ថិត​ក្នុង​ចំណោម​អ្នក​នាំ​ចេញ​អង្ករ​លំដាប់​កំពូល​ទាំង​បី​លើ​ពិភពលោក ។ វៀតណាម​ពុំ​បាន​សម្លឹង​ឃើញ​យីហោ​អង្ករ​ជាតិ​របស់​ខ្លួន​ឡើយ​រហូត​មក​ទល់​ពេល​នេះ ស្រប​ពេល​ដែល​ថៃ និង​ឥណ្ឌា មាន​អង្ករ​ដែល​មាន​គុណភាព​សម្រាប់​នាំ​ចេញ​ជា​ច្រើន ជាមួយនឹង​ស្លាក​យីហោ​ជាតិ​ប្រទេស​ខ្លួន ។

ជាង​នេះ​ទៅ​ទៀត វៀតណាម​មិន​ត្រូវ​បាន​ជ្រើសរើស​ប្រភេទ​អង្ករ​ផ្សេង​ៗ​សម្រាប់​អភិវឌ្ឍន៍​លំនឹង​ក្នុង​រយៈពេល​យូរ​ខែ​ឆ្នាំ​ទេ ។ ប្រភេទ​អង្ករ​ផ្សេង​ៗ​របស់​វៀតណាម​ត្រូវ​បាន​អភិវឌ្ឍន៍​ក្នុង​រយៈពេល​ខ្លី ក្រោយមក​បាន​ធ្វើ​ឲ្យ​ចុះ​ខ្សោយ​កិត្តិនាម​ទៅ​វិញ ។ អង្ករ​វៀតណាម​ចាំបាច់​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ប្រកួតប្រជែង​ខ្លាំង​ក្នុង​ផ្នែក​គុណភាព ស្លាក​យីហោ និង​គូប្រជែង​ដ៏​មាន​សក្តានុពល​ដូច​ជា ព្រះរាជាណាចក្រ​កម្ពុជា មី​យ៉ា​ន់​ម៉ា និង​សហរដ្ឋអាមេរិក​ជាដើម ។

លោក Nguyen Duc Thanh អគ្គនាយក​គ្រឹះស្ថានស្រាវជ្រាវ និង​គោលនយោបាយ​សេដ្ឋកិច្ច (VEPR) បង្ហើប​ថា ៖ «​វៀតណាម​បាន​ផ្តោត​លើ​ទីផ្សារងាយ​ៗ ព្រមទាំង​កាត់​បន្ថយ​ស្តង់ដា​គុណភាព​ក្នុង​សង្វា​ក់​ផលិតកម្ម និង​ការ​នាំ​ចេញ ។ ចំណែក​គុណភាព​អង្ករ​នាំ​ចេញ​របស់​វៀតណាម នឹង​ត្រូវ​កាត់​បន្ថយ​កាន់តែ​ច្រើន​ឡើង​លើ​ទីផ្សារ​ពិភពលោក» ។

នៅ​ពេល​ការ​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ដៃគូ​បរទេស​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​អនាគត ឧស្សាហកម្ម​អង្ករ​វៀតណាម​នឹង​គ្មាន​ថាមពល​ក្នុង​ការ​ផ្លាស់​ប្តូរ​គុណភាព​នៃ​ការ​បង្កើន​គុណប្រយោជន៍​ពី​កិច្ចព្រមព្រៀង​នោះ​ឡើយ ។

ហេតុ​ដូច្នេះ​ហើយ​វៀតណាម​ចាំបាច់​ត្រូវ​កែប្រែ​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ថ្មី​ឡើង​វិញ​នៃ​ការ​ប្រកប​ជំនួញ និង​ផលិតកម្ម​អង្ករ​ក្នុង​ពេល​បច្ចុប្បន្ន ។ ការ​កែសម្រួល​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​នេះ​អាច​នាំ​មក​នូវ​ទិន្នផល​អង្ករ​ថយ​ចុះ ប៉ុន្តែ​ក៏​មានការ​កើនឡើង​ខ្លាំង​ក្នុង​ផ្នែក​តម្លៃ និង​យីហោ​អង្ករ​វៀតណាម​នា​ថ្ងៃ​អនាគត​ផង​ដែរ ។

នាយក​រដ្ឋមន្ត្រី​វៀតណាម​បាន​អនុម័ត​លើ​គម្រោង​មួយ​ស្តី​ពី «​ការ​អភិវឌ្ឍ​យីហោ​អង្ករ​របស់​វៀតណាម​នៅ​ឆ្នាំ​២០២០-២០៣០» តទៅ ។ ផែនការ​នេះ វៀតណាម​នឹង​មាន​ស្លាក​យីហោ​មួយ​សម្រាប់​២០% នៃ​អង្ករ​នាំ​ចេញ​សរុប​ទាំងអស់​របស់​ខ្លួន​នៅ​ឆ្នាំ​២០២០ ហើយ​ក៏​ក្លាយជា​ផ្នែក​មួយ​នៃ​ការ​អូស​ទាញ​តម្លៃ​លើ​ទីផ្សារ​ពិភពលោក​ផង​ដែរ ដែល​ភាគរយ​នេះ​នឹង​បង្កើន​ទៅ​ដល់​៥០% ក្នុង​ឆ្នាំ​២០៣០ ។

យោង​តាម​របាយការណ៍​របស់ VFA វៀតណាម​ឱ្យ​ដឹង​ថា វៀតណាម​បាន​នាំ​ចេញ​អង្ករ​ចំនួន​៤,៣​លាន​តោន ដែល​មាន​ទំហំ​ទឹកប្រាក់​១,៩៥​ប៊ី​លាន​ដុល្លារ គិត​រហូត​មក​ដល់​ខែកញ្ញា ២០១៥ ដែល​ថយ​ចុះ​៩,១២%​ក្នុង​ផ្នែក​បរិមាណ និង​១៤,៣% នៃ​តម្លៃ​ធៀប​នឹង​អំឡុង​ពេល​ដូច​គ្នា​កាលពី​ឆ្នាំទៅ ៕