ប្រទេសមីយ៉ាន់ម៉ា ៖ ធនាគារកណ្តាលមីយ៉ាន់ម៉ា (CBM) បានដកហូតអាជ្ញាប័ណ្ណរូបិយប័ណ្ណបរទេសជាច្រើនដែលកាន់កាប់ដោយបណ្តាសណ្ឋាគារ ក្រុមហ៊ុនអាកាសចរណ៍ និងសហគ្រាសអាជីវកម្មជាច្រើនពាន់ផ្សេងទៀតដើម្បីតទល់នឹងប្រាក់ដុល្លារ ។
ធនាគារកណ្តាលបានប្រាប់កាសែតមីយ៉ាន់ម៉ាថែមស៍ថា គោលនយោបាយថ្មីនេះនឹងមានប្រសិទ្ធចាប់ពីពេលនេះតទៅ ។ បណ្តាក្រុមហ៊ុននានាត្រូវប្រគល់អាជ្ញាប័ណ្ណរបស់ខ្លួនទៅនាយកដ្ឋានគ្រប់គ្រងរូបិយប័ណ្ណបរទេស (FEMD) នៅថ្ងៃទី៣០ វិច្ឆិកា ។
តាមប្រភពផ្លូវការមួួយឲ្យដឹងថា បណ្តាធនាគារ និងអ្នកប្តូរប្រាក់ទាំងឡាយនៅតែអាចប្តូររូបិយប័ណ្ណបរទេសបាន ប៉ុន្តែក្រៅពីនេះ ដូចជា សេវាទំនាក់ទំនង ក្រុមហ៊ុនអាកាសចរណ៍ ក្រុមហ៊ុនទេសចរណ៍ សណ្ឋាគារ មន្ទីរពេទ្យ ក្រុមហ៊ុនដឹកជញ្ជូន ផ្សារទំនើប បណ្តាហាងលក់វត្ថុអនុស្សាវរីយ៍ និងហាងរួចពីកាតព្វកិច្ចពន្ធ ត្រូវតែលះបង់អាជ្ញាប័ណ្ណរបស់ពួកគេ ។
ប្រភពបញ្ជាក់ថា សហជីពកាន់កាប់សេដ្ឋកិច្ចមីយ៉ាន់ម៉ាដែលគ្រប់គ្រងដោយយោធា ក៏នឹងត្រូវប្រគល់អាជ្ញាប័ណ្ណរបស់ខ្លួនត្រឡប់មកឲ្យក្រសួងសាមីវិញដែរ ។
ក្នុងសេចក្តីប្រកាសដែលបោះពុម្ពផ្សាយនៅលើគេហទំព័ររបស់ធនាគារកណ្តាល កាលពីថ្ងៃទី១៦ តុលា បានអះអាងពីការសម្រេចចិត្តនេះ ។
មន្ត្រីធនាគារកណ្តាលមួយរូបឱ្យដឹងថា ៖ «លោកមានក្តីរំពឹងលើគោលនយោបាយថ្មីនេះថា នឹងលើកទឹកចិត្តបន្ថែមទៀតដល់ការបង់ថ្លៃតាមការឆូតកាត ជាពិសេសក្នុងឧស្សាហកម្មទេសចរណ៍ ។ ប្រព័ន្ធទំនិញតាមគ្រឿងអេឡិចត្រូនិក ឬការឆូតកាតនេះកំពុងតែបង្កើនការអូសទាញ ប៉ុន្តែមិនទាន់ត្រូវបានប្រើប្រាស់ឱ្យទូលំទូលាយនៅឡើយទេ» ។
ចំណែកការជួញដូរក្រៅពីវិស័យធនាគារ ត្រូវបានអនុញ្ញាតឲ្យជួញដូរជារូបិយប័ណ្ណបរទេសចាប់តាំងពីច្បាប់គ្រប់គ្រងរូបិយប័ណ្ណបរទេសបានអនុម័តក្នុងឆ្នាំ២០១២ ។
ធនាគារកណ្តាលឲ្យដឹងទៀតថា ទោះជាយ៉ាងណា បច្ចុប្បន្នអ្នកទាំងនោះបានប្រតិបត្តិការប្រាក់ដុល្លារគ្រប់គ្រាន់ និងរូបិយប័ណ្ណបរទេសដទៃទៀតតាមរយៈធនាគារ និងហាងប្តូរប្រាក់ក្រៅពីធនាគារ ។
វាជារឿងខុសច្បាប់ក្នុងការធ្វើពាណិជ្ជកម្មលើរូបិយប័ណ្ណបរទេសដែលគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ ប៉ុន្តែយើងក៏អនុញ្ញាតឱ្យបុគ្គលឯកជនអនុវត្តនូវទំហំទឹកប្រាក់ចំនួន១០.០០០ដុល្លារដែរ ។ ចំណុចនេះនាំឱ្យមានភាពច្របូកច្របល់មួយចំនួន ហើយគោលនយោបាយថ្មីរបស់យើងនឹងធ្វើឲ្យរឿងនេះកាន់តែមានភាពច្បាស់លាស់ ។
យោងតាមផ្នែក៣៨ នៃច្បាប់ស្តីពីការគ្រប់គ្រងរូបិយប័ណ្ណបរទេស ដែលបានធ្វើវិសោធនកម្មថ្មីកាលពីខែឧសភា ឆ្នាំ២០១៥ ចែងថា ៖ «វាជាអំពើខុសច្បាប់ក្នុងការជួញដូររូបិយប័ណ្ណបរទេសដោយគ្មានអាជ្ញាប័ណ្ណ ។ អ្នកបំពានច្បាប់ត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ ឬបង់ពិន័យ ឬទាំងជាប់ពន្ធនាគារ និងផាកពិន័យ ។ អ្នកកាន់កាប់អាជ្ញាប័ណ្ណរូបិយប័ណ្ណបរទេសរួមមាន ធនាគារ និងហាងប្តូរប្រាក់» ។
ហាងប្តូរប្រាក់នានាអាចកាន់កាប់សាច់ប្រាក់មិនលើសពី៥០.០០០ដុល្លារឡើយ ហើយជារៀងរាល់៥ឆ្នាំម្តង ពួកគេត្រូវធ្វើអាជ្ញាប័ណ្ណថ្មីក្នុងទំហំទឹកប្រាក់១០ម៉ឺនខ្យាដ (ប្រាក់មីយ៉ាន់ម៉ា) ។
ចំណែកលោក Win Thaw អគ្គនាយករងរបស់ FEMD ថ្លែងថា ៖ «លោកនឹងព្យាយាមធានាឲ្យបានថា បណ្តាធនាគារអាចផ្គត់ផ្គង់រូបិយប័ណ្ណបរទេសគ្រប់គ្រាន់ ។ គោលនយោបាយនេះត្រូវបានកំណត់ទិសដៅក្នុងការបន្ទាបតម្រូវការប្រាក់ដុល្លារ និងការពារតម្លៃទំនិញប្រើប្រាស់» ។
ការប្រកាសដែលគួរឲ្យភ្ញាក់ផ្អើលមួយនឹងបង្កផលប៉ះពាល់ដល់បណ្តាក្រុមហ៊ុននានា ដែលព្រមទទួលយកការបង់ជាប្រាក់ដុល្លារដូចជា ជំនួញអចលនទ្រព្យ និងការជួលរថយន្តជាដើម ។
បើតាមការអះអាងរបស់លោក Soe Tun អ្នកគ្រប់គ្រង Farmer Auto Showroom ឱ្យដឹងថា ៖ «ការផ្លាស់ប្តូរមិនទំនងជាប៉ះពាល់ដល់ពាណិជ្ជករឡើយ ប៉ុន្តែនឹងកត់សម្គាល់នូវការផ្លាស់ប្តូរដ៏ធំមួយសម្រាប់ផ្នែកសណ្ឋាគារ ទីភ្នាក់ងារទេសចរណ៍ និងហាងលក់ទំនិញដែលរួចផុតពីការបង់ពន្ធ ។ ចំណែកក្រុមហ៊ុនរបស់យើងដែលពឹងផ្អែកលើវិស័យទេសចរណ៍ដូចជា ក្រុមហ៊ុនអាកាសចរណ៍ ភោជនីយដ្ឋាន ហាងគ្រឿងអលង្ការ និងលក់វត្ថុអនុស្សាវរីយ៍ ក៏ទំនងជារងផលប៉ះពាល់ដែរ ស្របពេលជារឿយៗពួកគេអនុញ្ញាតឲ្យអ្នកទេសចរបង់ជាប្រាក់ដុល្លារ» ។
រដ្ឋាភិបាលបានដាក់ទិសដៅសម្រេចឲ្យបានភ្ញៀវទេសចរចំនួន៤,៥លាននាក់ក្នុងឆ្នាំនេះ និងកើនឡើង៧,៥លាននាក់នៅឆ្នាំ២០២០ បើទុកជាអ្នកជំនាញលើកឡើងថា ក្នុងចំណោមអ្នកទេសចរទាំងនោះទំនងជាមកពីប្រទេសចិន ឬថៃ ។
យោងតាមអត្រាផ្លូវការបង្ហាញថា ប្រាក់ខ្យាដមីយ៉ាន់ម៉ាបានធ្លាក់ថ្លៃក្នុងរង្វង់២៥% បើធៀបនឹងប្រាក់ដុល្លារអាមេរិកនៅឆ្នាំនេះ ដែលស្ថិតក្នុងហាងឆេង១ដុល្លារ ស្មើនឹង១២៨៤ខ្យាដ។ ទោះជាយ៉ាងណា បន្ទាប់ពីការចុះថោកភ្លាមៗនៅខែមិថុនា និងខែកក្កដា អត្រាហាងឆេងនៅតែមានលំនឹងដដែលកាលពីខែមុន ។
កត្តាមួយចំនួនបានញ៉ាំងឲ្យមានការចុះខ្សោយនៃរូបិយប័ណ្ណ រាប់បញ្ចូលទាំងការពង្រឹងប្រាក់ដុល្លារ និងការរីករាលដាលនៃឱនភាពថវិការបស់មីយ៉ាន់ម៉ាផងដែរ ។
ខណៈប្រាក់ខ្យាដបានចុះខ្សោយជាងមុននាំឲ្យអ្នកនាំចេញមានការប្រកួតប្រជែងកាន់តែខ្លាំងឡើង ចំណែកធនាគារកណ្តាលកំពុងធ្វើប្រតិបត្តិការលើការផ្លាស់ប្តូរគោលនយោបាយមួយចំនួនដើម្បីកាត់បន្ថយការប្រើប្រាស់ប្រាក់ដុល្លារ និងជួយរក្សាស្ថេរភាពរូបិយប័ណ្ណ ។
គួររំឭកផងដែរថា កាលពីខែឧសភា ធនាគារកណ្តាលបានបញ្ចេញនូវទិសដៅពីរដែលបង្គាប់ឲ្យមានការកាត់បន្ថយការប្រើប្រាស់ប្រាក់ដុល្លារ ៕
ចែករំលែកព័តមាននេះ