ខេត្តសៀមរាប ៖ សក្តានុពលលើវិស័យទេសចរណ៍នៅខេត្តសៀមរាបបាននិងកំពុងទទួលការចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។ ប្រាង្គប្រាសាទ រមណីយដ្ឋានធម្មជាតិ និងវប្បធម៌ ជាពិសេសប្រាសាទអង្គរវត្ត ដែលជាបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃរបស់ពិភពលោក កំពុងតែទាក់ទាញចិត្តភ្ញៀវទេសចរឲ្យមកទស្សនាកាន់តែកើនឡើងជារៀងរាល់ឆ្នាំ ។ នៅពេលអ្នកទេសចរកើនឡើង តម្រូវការសេវាផ្សេងៗ គឺជាកត្តាចាំបាច់ដូចជា ការស្នាក់នៅ ការហូបចុក និងមធ្យោបាយធ្វើដំណើរជាដើម គឺតម្រូវឲ្យមានការរៀបចំឲ្យបានល្អប្រសើរ រួមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តផងដែរ ។
ដោយមើលឃើញពីតម្រូវការដូច្នេះ ទើបក្រុមហ៊ុនសុខា គ្រុប សាងសង់សណ្ឋាគារថ្មីទី៥បន្ថែមទៀតឈ្មោះថា «រមណីយដ្ឋានសុខាសៀមរាប» ដែលគ្រោងនឹងសម្ពោធនៅខែសីហា ឆ្នាំ២០១៦ ខាងមុខ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សុខា គ្រុប កាលពីពេលថ្មីៗនេះ ។
សេចក្តីប្រកាសព័ត៌មានដដែលឲ្យដឹងថា ការបង្កើតឡើងនូវសណ្ឋាគារទី៥ ឬរមណីយដ្ឋានសុខាសៀមរាបបន្ថែមនេះ គឺដើម្បីបំពេញតាមតម្រូវការនៃទីផ្សារភ្ញៀវទេសចរមកកម្សាន្ត និងភ្ញៀវពាណិជ្ជកម្ម ដែលមានការកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងខេត្ត ។ លើសពីនេះ ការចាប់ផ្តើមនៃសណ្ឋាគារថ្មីនេះ គឺមានសារសំខាន់ក្នុងការអភិវឌ្ឍយុទ្ធសាស្ត្ររបស់ក្រុមហ៊ុននៅក្នុងប្រទេស ដែលបច្ចុប្បន្ននេះក្រុមហ៊ុនសុខា គ្រុបមានវត្តមានក្នុងទិសដៅសំខាន់រួមមាន រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តកំពត ។
លោកស្រី សុខ ចន្ធី នាយិកាផ្នែកលក់ និងទីផ្សារ ឱ្យដឹងថា ៖ «មូលហេតុចម្បងដែលយើងផ្តោតទៅលើផ្នែកបដិសណ្ឋារកិច្ច គឺដោយសារតែក្រុមហ៊ុនឃើញពីស្ថិរភាពសេដ្ឋកិច្ច ក៏ដូចជានយោបាយនៅក្នុងប្រទេសកម្ពុជា ។ ក្រុមហ៊ុនព្យាករថា នឹងមានលំហូរភ្ញៀវទេសចរអន្តរជាតិយ៉ាងច្រើននៅអំឡុងប៉ុន្មានឆ្នាំខាងមុខនេះ ដោយសារខេត្តសៀមរាបទទួលបានលេខមួយនៅទូទាំងពិភពលោក ខាងផ្នែកទិសដៅអ្នកធ្វើដំណើរបានធានាលើការប្តេជ្ញាចិត្ត»។ ពេលបញ្ចប់គម្រោងទាំងមូល រមណីយដ្ឋាននេះនឹងអាចផ្តល់ការងារដល់ប្រជាពលរដ្ឋជាង៩០០នាក់។ នេះពិតជាជួយរួមចំណែកដល់វិស័យសេដ្ឋកិច្ចក្នុងប្រទេស និងបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋក្នុងតំបន់នេះផងដែរ ។
លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្ត បានមានប្រសាសន៍ថា ៖ «គិតមកដល់ត្រឹមខែកញ្ញា ឆ្នាំ២០១៥ ខេត្តសៀមរាបមានសណ្ឋាគារចំនួន១៨៦កន្លែង ស្មើនឹង១២.០៥៣បន្ទប់ ផ្ទះសំណាក់២៨៤កន្លែង ស្មើនឹង៤.៣១៦បន្ទប់ និងអាផាតមិន៩កន្លែង ស្មើនឹង៣៩៤បន្ទប់ បាននិងកំពុងដំណើរផ្តល់សេវាជូនភ្ញៀវសព្វថ្ងៃនេះ ។ នៅពេលមានព្រឹត្តិការណ៍បុណ្យជាតិធំៗដូចជា បុណ្យចូលឆ្នាំ ឬបុណ្យអង្គរសង្ក្រានម្តងៗ ការផ្គត់ផ្គង់បន្ទប់ស្នាក់នៅជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅមានការខ្វះខាត» ។
ទាក់ទងនឹងសណ្ឋាគារថ្មី ដែលសុខា គ្រុបគ្រោងនឹងសម្ពោធនៅឆ្នាំក្រោយនេះ លោកប្រធានមន្ទីរទេសចរណ៍រូបនេះមានប្រសាសន៍ថា ៖ «វាជាការល្អហើយដែលធ្វើឲ្យយើងមានបន្ទប់កាន់តែច្រើន ដើម្បីជួយទប់ទល់នឹងបញ្ហាខ្វះខាតចំនួនបន្ទប់ស្នាក់នៅជូនភ្ញៀវបានម្តងម្កាលបាន ហើយវត្តមានរបស់សុខាថ្មីនេះពិតជាអាចទាក់ទាញភ្ញៀវឲ្យមកប្រើប្រាស់សេវាថ្មីនេះ» ។
រមណីយដ្ឋានសុខាសៀមរាប មានទីតាំងស្ថិតនៅតំបន់ទេសចរណ៍ និងវប្បធម៌អង្គរឃ្យូងយូ ជាតំបន់ដែលមានការមមាញឹក និងទាក់ទាញខ្លាំងនាពេលរសៀល ។ រមណីយដ្ឋាននេះលាតសន្ធឹងលើផ្ទៃដី២៣ហិកតា ដែលមានបន្ទប់សរុបចំនួន៧៧៦បន្ទប់ ។ បច្ចុប្បន្នខេត្តសៀមរាបកំពុងក្លាយជាទិសដៅទេសចរណ៍ដ៏ពេញនិយមឈ្មោះ Lonely Planet ត្រូវបានដាក់ឱ្យប្រាសាទអង្គរ ជាតំបន់ដែលមានការធ្វើដំណើរលេខមួយនៅលើពិភពលោក និងទទួលបានពានរង្វាន់ឆ្នាំ២០១៥ នៃជម្រើសអ្នកទេសចររបស់ Trip Advisor លេខ១ នៅអាស៊ី និងលេខ២ ក្នុងពិភពលោក ។ នេះបើតាមការប្រកាសព័ត៌មានរបស់ក្រុមហ៊ុនសុខា គ្រុប ។
វិស័យទេសចរណ៍នៅប្រទេសកម្ពុជាត្រូវបានគេចាត់ទុកថាជា «មាសបៃតង» ដែលរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចជាតិដោយបង្កើតបានប្រាក់ចំណូលប្រមាណជិត ៣.០០០លានដុល្លារអាមេរិកបញ្ចូលទៅក្នុងចរន្តសេដ្ឋកិច្ចជាតិក្នុងឆ្នាំ២០១៤ ។ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិអប្សរាឲ្យដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៥ ភ្ញៀវទេសចរបរទេសប្រមាណជាង១លាននាក់បានទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត និងប្រមូលចំណូលជូនជាតិបានចំនួនជាង៤៣លានដុល្លារអាមេរិក ។
បើយោងតាមទិន្នន័យរបស់ក្រសួងទេសចរណ៍បង្ហាញឲ្យដឹងថា គ្រាន់តែភ្ញៀវទេសចរមកពីចក្រភពអង់គ្លេសដែលមកទស្សនាកម្ពុជា មានចំនួន១៣ម៉ឺននាក់ក្នុងឆ្នាំ២០១៤ កើនឡើងប្រមាណ៤ភាគរយ ។ ដោយឡែកក្នុងរយៈពេល៦ខែឆ្នាំ២០១៥នេះ ភ្ញៀវទេសចរមកពីចក្រភពអង់គ្លេសមានប្រមាណ៨ម៉ឺននាក់ ។
តាមរបាយការណ៍ពីក្រសួងទេសចរណ៍ឲ្យដឹងថា ភ្ញៀវទេសចរបរទេសដែលបានមកកម្សាន្តនៅប្រទេសកម្ពុជា ក្នុងរយៈពេល៦ខែ ឆ្នាំ២០១៥ មានចំនួន២លាន៣សែននាក់ កើនឡើង៤,៦ភាគរយ ។ បើប្រៀបធៀបនឹងឆ្នាំ២០១៤ ចំនួនភ្ញៀវទេសចរបរទេសមានប្រមាណជាង៤,៥លាននាក់ មានកំណើន៧ភាគរយ ៕


ចែករំលែកព័តមាននេះ