ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​គាស់​ផ្នូរ​យក​សព​ទៅ​រៀប​ការ​នៅ​ចិន

8 ឆ្នាំ មុន

ប៉ូលិស​ខេត្ត​ឆាន​ស៊ី ភាគ​ខាងកើត​ឆៀង​ខាងជើង ប្រទេស​ចិន បាន​ចាប់ខ្លួន​បុរស​សង្ស័យ​៣​នាក់ ពី​បទ​លួច​ជីក​ផ្នូរ​យក​សព​ទៅ​លក់​ធ្វើ​ជា​កូនក្រមុំ​រៀប​ការ​ជាមួយ​បុរស​ដែល​ស្លា.ប់​ទាំង​នៅ​លីវ ហៅ​ថា​ពិធី «​រៀប​ការ​ខ្មោច​»

ប៉ូលិស​ខេត្ត​ឆាន​ស៊ី ភាគ​ខាងកើត​ឆៀង​ខាងជើង ប្រទេស​ចិន បាន​ចាប់ខ្លួន​បុរស​សង្ស័យ​៣​នាក់ ពី​បទ​លួច​ជីក​ផ្នូរ​យក​សព​ទៅ​លក់​ធ្វើ​ជា​កូនក្រមុំ​រៀប​ការ​ជាមួយ​បុរស​ដែល​ស្លាប់​ទាំង​នៅ​លីវ ហៅ​ថា​ពិធី «​រៀប​ការ​ខ្មោច​» តាម​ប្រពៃណី​ទំនៀមទំលាប់​របស់​អ្នកស្រុក ។

ទីភ្នាក់ងារ​ព័ត៌មាន​ស៊ី​ន​ហួរ​បស់​ចិន​បាន​ផ្សាយ​ដោយ​យោង​តាម​ការ​បង្ហើប​ឱ្យ​ដឹង​របស់​មេខ្លោង​ក្រុម​ជនល្មើស​អាយុ​៧២​ឆ្នាំ ថា​ពួក​គេ​បាន​ទទួល​ដំណឹង​ពី​ការ​ស្លាប់​របស់​ស្ត្រី​វ័យក្មេង​ម្នាក់​នៅ​ជនបទ​ក្នុងស្រុក​រុយ​ឈើ​ង ខេត្ត​ឆាន​ស៊ី ។ ដូច្នេះ​ហើយ​ពួក​គេ​លួច​ជីក​យក​សព​ទៅ​លក់​ជូន​សាច់ញាតិ​របស់​បុរស​ដែល​ស្លាប់​មិន​ទាន់​រៀប​ការ ។

មេខ្លោង​និង​បក្សពួក​២​នាក់​នោះ​ក្លែង​ធ្វើ​ជា​សាច់ញាតិ​របស់​នារី​ដែល​ស្លាប់ ហើយ​ចរចា​លក់​សព​ដល់​អតិថិជន​ក្នុង​តម្លៃ​២៥.០០០​យាន់ ឬ​៣៨៥០​ដុល្លារ ។ នៅ​ពេល​ពួក​គេ​កំពុង​ចាប់ផ្តើម​ជីក​ផ្នូរ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ស្រាប់តែ​អ្នកស្រុក​ជា​ច្រើន​នាក់​ឃើញ ក៏​ប្តឹង​ប៉ូលិស​ឱ្យទៅ​ចាប់ខ្លួន​ពួក​គេ ។

លោក​សឺ ឃ័​រ​ជៀន សាស្ត្រាចារ្យ​ផ្នែក​អក្សរសាស្ត្រ និង​វប្បធម៌​នៅ​មហាវិទ្យាល័យ «​ណា​ន​ជី​ង ន័​រ​ម៉​ល​» និយាយ​ថា ប្រពៃណី​ទំនៀមទម្លាប់​រៀប​ការ​ក្រោយ​ពេល​ស្លាប់​នៅ​ជនបទ​គឺ​ដោយសារ​គេ​ជឿ​ថា រៀប​ការ​ឱ្យ​អ្នក​ស្លាប់​ទាំង​នៅ​លីវ​នឹង​ជួយ​កម្ចាត់​គ្រោះ​អន្តរាយ​ដែល​កើត​ពី​ការ​ស្លាប់​ក្នុង​វ័យ​កំលោះ​-​ក្រមុំ​នោះ ។

ពិធី​រៀប​ការ​ខ្មោច គឺ​យក​សព​របស់​បុរស ឬ​ស្ត្រី​ទៅ​កប់​នៅ​ក្នុង​រណ្តៅ​តែ​មួយ ដោយ​មាន​ពិធី​គោះ​ជួង និង​ទូងស្គរ ក្រោយមក​ប្រារព្ធ​ពិធី​បុណ្យសព​ដល់​អ្នក​ទាំង​២​ជា​ថ្មី ។ ក្នុង​ករណី​ខ្លះ​ពិធី រៀប​ការ​ខ្មោច​ប្រារព្ធ​ឡើង​រវាង​អ្នក​ស្លាប់ និង​គូ​ដណ្តឹង​ដែល​នៅ​រស់​ស្រប​តាម​ពេលវេលា​ដែល​កំណត់ពេល​នៅ​រស់ ៕