ខេត្តបាត់ដំបង ៖ ជនត្រូវចោទដែលជាអតីតគ្រូពេទ្យ គ្មានវិជ្ជាជីវៈឈ្មោះ យ៉ែម ជ្រិន ជាប់ពាក់ព័ន្ធក្នុងសំណុំរឿងចម្លងមេរោគអេដស៍ដ៏សាហាវដល់ប្រជាពលរដ្ឋរាប់រយនាក់នៅក្នុងឃុំរកា ស្រុកសង្កែ ដែលបានផ្ទុះឡើងកាលពីចុងឆ្នាំ២០១៤កន្លងទៅ ត្រូវតុលាការចាប់ផ្ដើមបើកសវនាការជំនុំជម្រះទោស នៅព្រឹកថ្ងៃទី២០តុលា ទៅតាមការគ្រោងទុកក្នុងរយៈពេល៣ថ្ងៃ ក្រោមការយាមកាមការពារសុវត្ថិភាពយ៉ាងតឹងតែងពីកម្លាំងសមត្ថកិច្ចរាប់សិបនាក់ផងដែរ ។
ស្នងការរងខេត្តលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី បានមានប្រសាសន៍ថា ជនត្រូវចោទឈ្មោះ យ៉ែម ជ្រិន អាយុ៥៦ឆ្នាំ ដែលជាប់ពាក់ព័ន្ធក្នុងសំណុំរឿង ចម្លងមេរោគអេដស៍ដល់ប្រជាពលរដ្ឋរាប់រយនាក់នៅក្នុងឃុំរកា ស្រុកសង្កែ កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៤ កន្លងទៅនោះ ត្រូវតុលាការចាប់ផ្ដើមបើកការជំនុំជម្រះក្ដីហើយ ។ មន្ត្រីអនុរ័ក្សពន្ធនាគារក៏បានបញ្ជូនខ្លួនជនត្រូវចោទ ចូលទៅក្នុងបន្ទប់សវនាការហើយដែរ នៅព្រឹកថ្ងៃទី២០ តុលា ។ លោកស្នងការរងបានបន្តថា កម្លាំងសមត្ថកិច្ចជាច្រើនត្រូវបានដាក់ពង្រាយ នៅជុំវិញអគារសាលាដំបូង ដើម្បីរក្សាសន្តិសុខក្រែងមានបាតុភាពណាមួយ ដែលអាចឡើងដោយយថាហេតុពីជនរងគ្រោះ ដែលមិនសប្បាយចិត្តចំពោះជនត្រូវចោទ ។
ជនត្រូវចោទឈ្មោះ យ៉ែម ជ្រិន ត្រូវឆ្មាំពន្ធនាគារវ៉ៃខ្នោះដៃទៅក្រោយ ហើយបញ្ជូនចូលទៅអង្គុយក្នុងរង្វង់ក្រចកសេះ ក្នុងបន្ទប់សនវនាការតាមទ្វារចំហៀង ដែលអមដោយកម្លាំងសមត្ថកិច្ចជាច្រើននាក់ផង ខណៈអ្នកកាសែតកកកុញចាំប្រមាញ់នៅទ្វារខាងមុខ។ ជាមួយគ្នានេះដែរ នៅខាងមុខសាលាដំបូងឯណោះវិញ គេឃើញសាច់ញាតិជនត្រូវចោទប៉ុន្មាននាក់ ស្រែកទ្រហោយំ ននៀលដីនៅចំពោះមុខសមត្ថកិច្ចដែលឈរព្រោងព្រាត ជាមួយនឹងសម្រែកខ្លាំងៗថា «អយុត្តិធម៌ណាស់»។ សាច់ញាតិគ្រូពេទ្យ យ៉ែម ជ្រិន បានស្រែកថា «គាត់មិនមែនជាមនុស្សដែលប្រព្រិត្តបែបហ្នឹងទៅលើប្រជាពលរដ្ធទេ ។ គាត់ជាគ្រូពេទ្យជួយប្រជាពលរដ្ឋណាស់» ។
គួរំលឹកថា លោកគ្រូពេទ្យ យ៉ែម ជ្រិន អាយុ៥៦ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី២១ ធ្នូ ឆ្នាំ២០១៤ បន្ទាប់ពីសង្ស័យថា គ្រូពេទ្យរូបនេះមានជាប់ពាក់ព័ន្ធនឹងការចម្លងមេរោគអេដស៍ ដល់ប្រជាពលរដ្ឋពាសពេញភូមិ នៅក្នុងឃុំរកា ស្រុកសង្កែ តាមរយៈការប្រើប្រាស់ម្ជុលចាក់ថ្នាំរួមគ្នា ឬការព្យូសេរ៉ូមដោយមិនផ្លាស់ប្ដូរខ្សែ ។ល។ សំណុំរឿងចម្លងមេរោគអេដស៍របស់លោកគ្រូពេទ្យជ្រិន បានផ្ទុះឡើងនៅក្នុងអំឡុងដើមខែធ្នូ ឆ្នាំ២០១៤ គ្រាដែលក្រុមគ្រូពេទ្យចាប់ផ្ដើមចុះតាមមណ្ឌលសុខភាព ដើម្បីធ្វើតេស្ដឈាម ដល់ស្ត្រីមានផ្ទៃពោះទៅតាមកម្មវិធីប្រចាំឆ្នាំ ស្វែងរកមេរោគស្វាយនិងមេរោគអេដស៍ ។
ក្នុងពេលនៃការធ្វើតេស្ដឈាមរយៈពេល៣ថ្ងៃដំបូង ស្រាប់តែក្រុមគ្រូពេទ្យប្រចាំមណ្ឌលសុខភាពឃុំរកា ហាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីការធ្វើតេស្ដឈាមនេះរកឃើញអ្នកផ្ទុកមេរោគអេដស៍ខុសប្រក្រតី ។ ក្រុមគ្រូពេទ្យបាននិយាយថា ការធ្វើតេស្ដឈាមទៅលើមនុស្សទូទៅចំនួន១០០នាក់ មានជាង១០នាក់ត្រូវគេរកឃើញថា មានឆ្លងមេរោគអេដស៍ ដែលចំនួននេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្ទើរទូទាំងប្រទេសកម្ពុជា។
ក្រសួងសុខាភិបាល និងអាជ្ញាធរខេត្តក៏បានបង្កើតក្រុមគណៈកម្មការជំនាញ ដើម្បីចុះធ្វើការស្រាវជ្រាវរកអំពីមូលហេតុនៃការនាំឲ្យមាន ការឆ្លងរាលដាលនូវជំងឺអេដស៍ពាសពេញភូមិនេះភ្លាមៗដែរ ក្រោយពីមានការផ្ទុះកាន់តែខ្លាំង ។
តាមរយៈនៃការសួរនាំទៅលើជនរងគ្រោះ គឺភាគច្រើនលើសលប់សុទ្ធតែបានអះអាងថា ពួកគេធ្លាប់ត្រូវលោកគ្រូពេទ្យ យ៉ែម ជ្រិន ចាក់ថ្នាំព្យាបាលជំងឺ ។ កម្លាំងសមត្ថកិច្ចនិងក្រុមគណៈកម្មការជំនាញដែលមានការចូលរួមពីស្ថាប័នអយ្យការអមសាលាដំបូងខេត្តផង បានធ្វើការឆែកឆេរលំនៅឋានលោកគ្រូពេទ្យ យ៉ែម ជ្រិន ភ្លាមៗដែរ ខណៈសំណុំរឿងនេះផ្ទុះខ្លាំងឡើងៗ។ មន្ត្រីជំនាញបានរកឃើញវត្ថុតាងជាច្រើន ដូចជាសារាំង និងម្ជុលចាក់ថ្នាំ ខ្សែសេរ៉ូម ថ្នាំពេទ្យ និងសម្ភារពេទ្យមួយចំនួនទៀត ដែលគេសង្ស័យថា ជាវត្ថុតាងដែលគ្រូពេទ្យប្រចាំភូមិរូបនេះប្រើប្រាស់ សម្រាប់ព្យាបាលអ្នកជំងឺដោយគ្មានបច្ចេកទេសគ្រប់គ្រាន់ ។ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនលោកគ្រូពេទ្យ យ៉ែម ជ្រិន ក្រោយពីវត្ថុតាងជាច្រើនត្រូវបានរកឃើញ និងបន្ទាប់ពីគ្រូពេទ្យគ្មានវិជ្ជាជីវៈរូបនេះ រត់ចោលស្រុកបានប៉ុន្មានថ្ងៃ ពេលដែលសំណុំរឿងអេដស៍នេះឡើងកំដៅកាន់តែខ្លាំង ។
ប្រជាពលរដ្ឋរាប់ពាន់នាក់នៅក្នុងឃុំរកា បានមកកាន់មណ្ឌលសុខភាពឃុំ ដើម្បីឲ្យគ្រូពេទ្យធ្វើតេស្ដឈាម បន្ទាប់ពីបែកធ្លាយនូវការចម្លងមេរោគអេដស៍នេះ ។ បើតាមរបាយការណ៍របស់គ្រូពេទ្យបានឲ្យដឹងថា ពលរដ្ឋប្រុសស្រី ក្មេងចាស់នៅក្នុងឃុំរកាចំនួន២៩០នាក់ក្នុងចំណោមពលរដ្ឋរាប់ពាន់នាក់ ដែលបានធ្វើតេស្ដឈាម ត្រូវគេរកឃើញថា មានផ្ទុកមេរោគអេដស៍ ក្រោមស្នាដៃចម្លងរបស់លោកគ្រូពេទ្យជ្រិន។ គ្រូពេទ្យប្រចាំភូមិរកាឈ្មោះ យ៉ែម ជ្រិន បានឆ្លើយសារភាពនូវកំហុសនានា ដែលខ្លួនបានធ្វើទៅលើអ្នកជំងឺ ពេលត្រូវសមត្ថកិច្ចសួរនាំ ។ គាត់បានសារភាពថា ម្ជុលចាក់ថ្នាំមួយចំនួនពិតជាត្រូវបានប្រើរួមគ្នាមែន ប៉ុន្តែវាជាម្ជុលដែក ដែលប្រើជាមួយសារាំងកែវពីជំនាន់មុន ។
ជុំវិញសំណុំរឿងអតីតគ្រូពេទ្យប្រចាំភូមិឈ្មោះ យ៉ែម ជ្រិន នេះដែរ លោក ជេត វណ្ណនី ស្នងការរងខេត្តបានបញ្ជាក់ថា ក្នុងចំណោមជនរងគ្រោះជិត៣០០នាក់ មានជនរងគ្រោះ១២០នាក់បានដាក់ពាក្យបណ្ដឹងប្រឆាំងនឹងគ្រួពេទ្យគ្មានវិជ្ជាជីវៈរូបនេះ ។ រីឯជនរងគ្រោះមួយចំនួនទៀតមិនបានប្ដឹងដោយសារពួកគាត់មួយចំនួនចាស់ជរា និងមួយចំនួនទៀតជាក្មេងតូចៗពិបាកសួរនាំ ។ ប៉ុន្តែលោកថា តុលាការបានចេញដីកាកោះ អញ្ជើញដើមបណ្ដឹងទាំងអស់ឲ្យចូលបំភ្លឺនៅក្នុងសវនការ រយៈពេល៣ថ្ងៃជាបន្តបន្ទាប់ខាងលើនេះ នៅចំពោះមុខអង្គចៅក្រម និងជនត្រូវចោទតាមការគ្រោងទុកមុនពេលប្រកាសសាលក្រម ។
ជនត្រូវចោទឈ្មោះ យ៉ែម ជ្រិន ត្រូវស្ថាប័នអយ្យការ អមសាលាដំបូងខេត្តសម្រេចចោទប្រកាន់ចំនួន៣ករណី ដែលសុទ្ធសឹងជាបទឧក្រិដ្ឋ ក្រោយពីរកឃើញនូវធាតុផ្សំនៃបទល្មើសដែលជននេះបានប្រព្រឹត្ត ។ បទល្មើសចំនួន៣ដែលស្ថាប័នអយ្យការធ្វើការចោទប្រកាន់ទៅលើអតីតគ្រូពេទ្យឈ្មោះ យ៉ែម ជ្រិន នេះរួមមាន៖
១-ពីបទប្រព្រឹត្តក្នុងចេតនាចម្លងមេរោគអេដស៍ទៅអ្នកដទៃ តាមមាត្រា១៨និង៥០ នៃច្បាប់ស្ដីពីការបង្ការ និងការប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេដស៍/ជំងឺអេដស៍ ។
២-ពីបទឃាតកម្មដោយអំពើឃោរឃៅតាមមាត្រា២០៥ នៃក្រមព្រហ្មទណ្ឌ ។
និងទី៣-ពីបទ បើកកន្លែងពិគ្រោះព្យាបាលជំងឺដោយគ្មានការអនុញាតពីក្រសួងសុខាភិបាល តាមមាត្រា៥និងមាត្រា១៣ នៃច្បាប់ស្ដីពីការគ្រប់គ្រងលើការប្រកបវិជ្ជាជិវៈឯកជន ក្នុងវិស័យវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រ ។
មន្ត្រីតុលាការបាននិយាយដែរថា បើយោងតាមសំណុំរឿង គឺជនរងគ្រោះសរុបមានចំនួន២៩០នាក់ តែមួយរយៈកន្លងទៅនេះជនរងគ្រោះបានស្លាប់អស់ចំនួន១០នាក់ហើយ ដូច្នេះនៅសល់តែចំនួន២៨០នាក់ប៉ុណ្ណោះ ។ មន្ត្រីដដែលបញ្ជាក់ថា នៅព្រឹកថ្ងៃចាប់ផ្ដើមបើកសនវនាការដំបូង(២០ ១០ ១៥) នេះក្រៅពីសាច់ញាតិជនត្រូវចោទប៉ុន្មាននាក់ ដែលបានចូលស្ដាប់សវនការដោយផ្ទាល់ ក៏មានដើមបណ្ដឹង៩នាក់ចូលបំភ្លឺនៅចំពោះមុខតុលាការនិងជនត្រូវចោទផងដែរ។ នេះជាការចូលរួមនៅថ្ងៃដំបូង តែជនរងគ្រោះនឹងត្រូវចូលបំភ្លឺ និងស្ដាប់អង្គរសវនការនៅថ្ងៃបន្តបន្ទាប់ទៀត ៕







ចែករំលែកព័តមាននេះ