ឥណ្ឌា ៖ គណបក្សរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានបរាជ័យនៅរដ្ឋសំខាន់មួយ ក្នុងការបោះឆ្នោតដែលធ្វើឡើងចំពេលប្រទេសជួបវិបត្តិធ្ងន់ធ្ងរដោយសារកូវីដ១៩ ។
លោក ម៉ូឌី គណបក្ស Bharatiya Janata Party (BJP) របស់លោក ម៉ូឌី បានផ្តោតយ៉ាងខ្លាំងហើយរំពឹងថា ទទួលបានការគាំទ្រច្រើនពីតំបន់ភូមិសាស្ត្រនយោបាយ West Bengal ដែលជារដ្ឋដ៏សំខាន់បំផុតមួយ ក្នុងចំណោមរដ្ឋជាច្រើនផ្សេងទៀត។
ប៉ុន្តែបើតាមមន្ត្រីគណៈកម្មការរៀបចំការបោះឆ្នោតបាននិយាយថា លោកស្រី Mamata Banerjee ដែលជាអ្នករិះគន់រដ្ឋាភិបាលឥណ្ឌាបច្ចុប្បន្ន នឹងក្លាយជាប្រធានរដ្ឋ West Bengal ជាលើកទី ៣។ បន្ទាប់ពីគណបក្ស Congress Trinamool (TMC) របស់លោកស្រី បានឈ្នះសំលេងភាគច្រើន ២/៣ ដោយទទួលបាន ២១៣អាសនៈ នៅក្នុងសភារដ្ឋសរុប ២៩៤អាសនៈ ។ ខណៈគណបក្សលោក ម៉ូឌី ទទួលបានតែ ៧៧អាសនៈប៉ុណ្ណោះ។
លោកស្រី Mamata Banerjee ការបាត់បង់ការគាំទ្ររបស់រដ្ឋាភិបាលលោក ម៉ូឌី ត្រូវបានគេមើលឃើញថា ដោយសារ គ្មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីគ្រប់គ្រងស្ថានការណ៍ឆ្លងរាលដាលនៃកូវីដ១៩ ក្នុងប្រទេស។ ខណៈដែលលោកត្រូវបានគេចោទប្រកាន់ថា គិតពីការបោះឆ្នោត ជាងសុខភាពប្រជាជន។
ជាមួយគ្នានេះផងដែរ អ្នកជំនាញក៏បានស្តីបន្ទោសគណៈកម្មការរៀបចំការបោះឆ្នោតសហព័ន្ធ ចំពោះការអនុញ្ញាតឱ្យមានការប្រមូលផ្តុំគ្នា និងការបោះឆ្នោតដែលមានហ្វូងមនុស្សច្រើន។ ដោយបានបំពានលើច្បាប់ស្តីពីការរក្សាគម្លាតសង្គម និងការពាក់ម៉ាស។
ករណីឆ្លង និងស្លា.ប់ដោយកូវីដ១៩ របស់ឥណ្ឌាបន្តកើនឡើងឥតស្រាកស្រាន្ត។ ខណៈដែលកាលពីថ្ងៃទី២ ខែឧសភា ប្រទេសនេះ បានបង្កើតកំណត់ត្រាថ្មីលើការស្លា.ប់ប្រចាំថ្ងៃមានចំនួន ៣,៦៨៩នាក់។ ស្របពេលដែលចំនួនអ្នកឆ្លងមានចំនួន ៣៩២,៤៨៨នាក់។
នេះជាចំនួនតិចជាងបើធៀបទៅនឹងកាលពីថ្ងៃទី១ ខែឧសភា ដែលបានបំបែកកំណត់ត្រាពិភពលោកជាមួយចំនួនអ្នកឆ្លង ៤០១,៩៩៣នាក់។ បច្ចុប្បន្នករណីឆ្លងកូវីដ១៩ ក្នុងប្រទេសឥណ្ឌាកើនឡើងជាង ១៩,៩លាននាក់។ ខណៈដែលអ្នកស្លា.ប់សរុបកើនឡើងដល់ ២១៨,៩៥៩នាក់៕ (ដកស្រង់ចេញពី Times Of India និង CNA)
ចែករំលែកព័តមាននេះ