រាជធានីភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំបើករថយន្តដឹកជនជាតិចិនម្នាក់ជិះរេពេញផ្លូវទៅបុករនាំងដែកពុះចែកផ្លូវបាក់អស់៥ផ្ទាំង ហើយរថយន្តក្រឡាប់២ទៅ៣ត្រឡប់ទៅប៉ះនឹងម៉ូតូមួយគ្រឿងទៀតបើកបញ្ច្រាសទិសគ្នាបណ្តាលឱ្យរងរបួសធ្ងន់ ។
គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី២០ តុលា តាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ត្រង់ចំណុចមុខហាងលក់រថយន្តក្រុមហ៊ុនម៉ាស្តារ ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
រថយន្តបង្កម៉ាក RAV4 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2L 9444 ជិះគ្នា២នាក់ បើកបរដោយបុរសម្នាក់ស្រវឹងជោកជាំដឹកបុរសជនជាតិចិនម្នាក់នៅក្នុងរថយន្តបើកបរពីលិចទៅកើត រីឯម៉ូតូរងគ្រោះម៉ាកធូដេពណ៌ទឹកប្រាក់ បើកបរដោយនារីម្នាក់ក្នុងទិសដៅពីកើតទៅលិច ។
សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តបង្កបើកបរក្នុងស្ថានភាពស្រវឹងជោគជិះរេពេញផ្លូវក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុបានរេចង្កូតទៅបុករនាំងដែកពុះចែកទ្រូងផ្លូវបាក់អស់៥ផ្ទាំង ហើយរថយន្តបានក្រឡាប់២ទៅ៣ត្រឡប់ទៅប៉ះម៉ូតូមួយគ្រឿងដែលបើកបរដោយនារីម្នាក់ទើបតែចេញពីធ្វើការបើកបញ្ច្រាសទិសគ្នាបណ្ដាលឱ្យនារីម្នាក់នោះរងរបួសក្រឡិតដៃជើង និងជាំភ្លៅមួយចំហៀងខាងឆ្វេង រីឯអ្នកនៅក្នុងរថយន្តវិញមិនមានរងរបួសអ្វីទេ ។
ក្រោយពេលកើតហេតុអ្នកបើករថយន្តបង្កបានរត់គេចខ្លួនបាត់ បន្សល់ទុកជនជាតិចិននៅកន្លែងកើតហេតុ ចំណែកឯនារីរងគ្រោះវិញត្រូវបានរថយន្តសង្គ្រោះបញ្ជូនទៅកាន់គ្លីនិកឯកជន៕





ចែករំលែកព័តមាននេះ