ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្ត​សុំ​​ឱ្យ​ក្រសួង​សាធារណការ​​ចុះ​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ដល់​កន្លែង​ឲ្យ​បាន​ឆាប់

10 ឆ្នាំ មុន

ខេត្តស្វាយរៀង​ ៖​ អាជ្ញាធរ​ខេត្ត​ស្នើ​សុំ​គោលការណ៍​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន​ ចុះ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ដល់​ខេត្ត​ ក្រោយ​មានការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​របស់​សមត្ថកិច្ច​នគ​បាល​ចរាចរណ៍ ​និង​​ការ​ប្រឈម​ក្នុង​ការ​ផាក​ពិន័យ​ ​និង​ប្រឈម​ការ​គ្រោះថ្នាក់​ចារ​ចរណ៍​យ៉ាង​ខ្លាំង​បណ្តាល​មក​ពី​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ ​កម្ម​កា​នី​រោងចក្រ​ សហគ្រាស ​និង​រថយន្ត​ដឹក​ទំនិញ​ រថយន្ត​តាម​ផ្ទះ​​​ដែល​មិន​ព្រមយក​រថយន្ត​ទៅ​ឈៀក​នោះ ។

ដោយ​ពួក​គេ​​បាន​ត្អូញត្អែ​រថា​ ទីតាំង​​​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​នៅ​ឆ្ងាយ ​គឺ​មាន​តែ​ខេត្តកំពង់ចាម​ និង​រាជធានី​ភ្នំពេញ​ ។ អ្នកមាន​រថយន្ត​សំណូមពរ​សុំ​ឲ្យ​ក្រសួង​សាធារ​ណការ ​និង​ដឹក​ជញ្ជូន ​ធ្វើ​ប្រតិភូកម្ម​ផ្តល់​ឧបករណ៍​សម្រាប់​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត​មក​តាម​មន្ទីរ​សាធារណការ ​និង​ដឹក​ជញ្ជូន​ខេត្ត​ ជា​អ្នក​ផ្តល់​សេវា​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​ផ្ទាល់​ ងាយស្រួល​ម្ចាស់​យានយន្ត​យក​រថយន្ត​មក​ឈៀក​​​កុំ​ឲ្យ​បះ​ពាល់​ផលប្រយោជន៍​​ ​ដើម្បី​​ឲ្យ​ស្រប​តាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ​នាយក​រដ្ឋ​មន្ត្រីនៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​​ដែល​​បាន​ផ្តល់​អនុសាសន៍​ថា ត្រូវ​បង្ខិត​សេវា​សាធារណៈ​ឲ្យ​នៅជិត​ប្រជា​ពលរដ្ឋ ​។ ការ​តវ៉ានេះ​បាន​កើតឡើង​កាលពីរ​វេលា​ម៉ោង​៣​​រសៀល​ថ្ងៃ​ទី​២០ ​តុលា​ ២០១៥ ​នៅ​ក្រុង​បា​វិត ​។

ទាក់ទិនទៅ​នឹង​​ករណី​​ខាង​លើ​នេះ​ដែរ លោក​ ជៀង​ អំ​ អភិបាល​ខេត្ត ​បាន​លើកសំណើជូន​លោក​រដ្ឋមន្ត្រីក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន ​ស្នើ​សុំ​គោលការណ៍​ចុះ​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យាន​យ​ន្យ​(​ឈៀក​) ​និង​ចេញ​វិញ្ញាបនបត្រ​ជូន​រថយន្ត​ដឹក​កម្មករ​ក្នុង​ខេត្តស្វាយរៀង​រួច​មក​ហើយ​កាលពី​ថ្ងៃ​ទី​៥ ​តុលា ​២០១៥ ​។ ​​

លោក​ ជៀង​ អំ ​​បាន​បញ្ជាក់​ថា ខេត្តស្វាយរៀង​មាន​តំបន់​សេ​ដ្ដ​កិច្ច​ពិសេស​ចំនួន​​៨​ ​​ក្នុង​នោះ​កំពុង​ដំណើ​ការ​ចំនួន​​៤​ ​និង​មាន​រោងចក្រ​ សហគ្រាស គ្រឹះស្ថាន​ផ្សេង​ៗ​ សរុប​ចំនួន​១២១​កន្លែង​ មានកម្ម​ករ ក​ម្មការិ​នី​បម្រើ​ការងារ​សរុប​៤៥.២២៧​នាក់​ ​​រថយន្ត​ដឹក​កម្មករ​ដែល​បម្រើ​ការ​ដល់​ខ្សែ​សង្វា​ក់​ផលិតផល​រោងចក្រ​ចាប់ពី​ថ្ងៃ​ច​ន្ទដល់​ថ្ងៃ​សៅរ៍​មាន​ចំនួន​៥៣៦​គ្រឿង ​គឺ​គ្មាន​វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ រថយន្ត​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ជា​ញឹកញាប់​ ។ ​​អាជ្ញាធរ​ខេត្ត​បាន​បង្កើត​ក្រុម​ការងារ​ដែល​មាន​ស្ថាប័ន​ពាក់​ព័​ន្ធ ​ពិសេស​មន្ទីរ​សាធារណការ​ និង​ដឹង​ជញ្ជូន​ខេត្ត​បាន​ចុះ​ជា​ប្រចាំ​ តែ​បញ្ហា​ប្រឈម ​គឺ​រថយន្ត​ទាំងអស់​មិន​អាច​ធ្វើ​ដំណើ​ទៅ​រាជធានី​ភ្នំពេញ​ ឬ​ខេត្ត​ផ្សេង​ៗ ​ដើម្បី​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​រថយន្ត​បាន​ទេ​ ។

អំឡុង​ពេល​ក្រុមការងារ​ចុះ​ផ្សព្វផ្សាយ ​និង​រឹ​ត​បន្តឹង​ការ​អនុវត្ត​​ច្បាប់​ចរាចរណ៍​ផ្លូវគោក ​អ្នកបើកបរ​រថយន្ត​សំណូមពរ​ឲ្យ​មាន​ស្ថានីយត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យាន​យន្ត​នៅ​នឹង​កន្លែង​ ព្រោះ​ពួក​គាត់​មិន​មាន​ពេលវេលា​ទៅ​រាជធានី​ភ្នំពេញ​ ឬ​ខេត្ត​ផ្សេង​ៗ​ទេ​ ។ ចំពោះ​បញ្ហា​ប្រឈម​នេះ​​នឹង​កាន់តែ​មាន​ភាព​ធ្ងន់ធ្ងរ​នៅ​ពេល​ដែល​តំបន់​សេដ្ឋកិច្ច​​បួន​ផ្សេង​ទៀត​បើក​ឲ្យ​ដំណើរការ ​​ពិសេស​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​ដើមឆ្នាំ​២០១៦​ខាង​មុខ​នេះ ​ដូច្នេះ​សូម​លោក​រដ្ឋមន្ត្រី​មេត្តា​ចុះ​ពិនិត្យ​លក្ខណៈ​​បច្ចេកទេស​យានយន្ត​ដល់​កន្លែង​ឲ្យ​បាន​ឆាប់​ដើម្បី​​បញ្ចៀសការ​គ្រោះថ្នាក់​ប​ចរាចរណ៍​ និង​ការ​ប្រឈម​នានា​ ។

​ជុំ​វិញ​ការ​ផាក​ពិន័​យ​រថយន្ត​ផុតកំណត់​ និង​គ្មាន​ឈៀក​នេះ​ដែរ ​ក្រុម​អាជីវករ​រថយន្ត​ដឹក​ទំនិញ​ បាន​ឲ្យ​ដឹង​ថា ​ពួក​គាត់​ឆ្ងល់​ចំពោះ​សមត្ថកិច្ច​នគ​បាល​ចរាចរណ៍​ចាប់​ផាក​ពិន័យ​រថយន្ត​ផុតកំណត់​ឈៀក​នេះ តើ​យក​ប្រាក់​ផាក​ពិន័យ​ទៅ​ណា ​បើ​គ្មាន​មន្ត្រី​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ ចូលរួម​ផង ​ជា​ពិសេស​​ការ​ចាប់​ផាក​ពិន័យនៅ​ពេល​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ នគ​បាល​ចរាចរណ៍​ខេត្តព្រៃវែង​ បាន​ចាប់​ផាក​ពិន័យឈៀក​យក​ប្រាក់​ចូល​ហោប៉ៅ​ ឬ​បង់​ចូល​ថវិកាជាតិ​?

មន្ត្រី​មន្ទីរ​សាធារណការ ​និង​ដឹក​ជញ្ជូន​ខេត្ត​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​ឲ្យ​ដឹង​ថា​ ការ​ចាប់​ផាក​ពិន័យឈៀក​នេះ​ គឺ​មាន​តែ​មន្ត្រី​ជំនាញ​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​​ខេត្ត​ទេ​ បើ​មន្ត្រី​នគរ​បាល​ធ្វើ​តែឯង​ គឺ​មិន​ត្រឹមត្រូវ​តាម​នីតិវិធី​​​ឡើយ​ ៕