ខេត្តបន្ទាយមានជ័យ ៖ សពពលករខ្មែរចំនួន៣នាក់ត្រូវបានភាគីថៃដឹកបញ្ជូនមកកម្ពុជាព្រមគ្នាក្នុងពេលតែមួយតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតកាលពីវេលាម៉ោងជិត៧ព្រលប់ ថ្ងៃទី២០ តុលា ២០១៥ ដើម្បីប្រគល់ឲ្យសាច់ញាតិ បន្ទាប់ពីស្លាប់ដោយគ្រោះថ្នាក់ចរចរណ៍ និងជម្ងឺខ្យល់គរលើទឹកដីថៃ។
ពលកររងគ្រោះដោយគ្រោះថ្នាក់ចរាចណ៍បានកើតឡើងនៅខេត្តប៉ាធុមថានី កាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី១៩ តុលា ២០១៥។ ជនរងគ្រោះទាំង២នាក់ជាប្តីប្រពន្ធ ដោយបុរសជាប្តីឈ្មោះផាយ ប៊ុនឡៃអាយុ២៩ឆ្នាំ ប្រពន្ធឈ្មោះរុង រឿងស៊ុំយ៉ា អាយុ២៧ឆ្នាំពួកគេជាកម្មករសំណង់ និងមានទីលំនៅភូមិពោធិ២ដើម ឃុំរហាត់ទឹក ស្រុកមង្គល់បូរី។
ជនរងគ្រោះជាប្តីត្រូវរថយន្តបុកដាច់ក្បាល ឯនាងជាប្រពន្ធបាក់ចង្កេះ ហើយស្លាប់នៅកន្លែងកើតហេតុទាំង២នាក់ប្តីប្រពន្ធភ្លាមៗ។
តាមប្រភពប្រាប់ថាហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងនៅពេលដែលជនរងគ្រោះទាំង២ជិះកង់ដឹកគ្នាឆ្លងផ្លូវត្រូវរថយន្តសង្គ្រោះ ឬហៅ(កងអាសាស្ម័គ្រ) បុកពេញទំហឹងតែម្តង។ ដោយឡែកករណីជនរងគ្រោះស្លាប់ដោយជម្ងឺខ្យល់គរបានកើតឡើងនៅវេលាម៉ោង៦ព្រឹកថ្ងៃទី១៩ តុលា នៅខេត្តឈុនបូរី ដោយជនរងគ្រោះជាកម្មកររោងចក្រផលិតគ្រឿងអេឡិចត្រូនិក។
ជនរងគ្រោះឈ្មោះសោម សុឃៀប ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ តាមសាច់ញាតិសពប្រាប់ថា ជនរងគ្រោះមុនស្លាប់បានក្រោកទៅបន្ទប់ទឹក លុះត្រឡប់មកវិញស្រាប់តែមានអាការប្រកាច់ដាច់ខ្យល់ស្លាប់មួយរំពេច។
បច្ចុប្បន្នសព២នាក់ប្តីប្រពន្ធត្រូវបានសាច់ញាតិជួលរថយន្តដឹកបន្តទៅស្រុកកំណើត ចំណែកសពស្លាប់ដោយខ្យល់គរត្រូវបានភាគីថៃដឹកប្រគល់ឲ្យសាច់ញាតិដល់លំនៅឋានតែម្តង៕




ចែករំលែកព័តមាននេះ