រាជធានីភ្នំពេញ ៖ រថយន្តបត់ឆ្វេងជិតផុតហើយ ក៏មានម៉ូតូជិះកាត់ពីមុខ ធ្វើឱ្យរថយន្តចាប់ហ្វ្រាំងមិនទាន់ជ្រុល ទៅបុករងការខូចខាតតិចតួច និងមិនមានរងរបួសទេ តែភាគីទាំង២មិនព្រមនិយាយចរចាគ្នា ទុកឱ្យសមត្ថកិច្ចវាស់វែងយកទៅដោះស្រាយ ដែលគ្រោះថ្នាក់នេះ កើតឡើងកាលពីវេលាម៉ោង០៩ និង១៥នាទីយប់ថ្ងៃទី២០ តុលា ស្ថិតត្រង់ចំណុចមហាវិថីម៉ៅសេទុង កែង១៩៣ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន ។
រថយន្តបង្កម៉ាក KIA Picanto ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AD-2456 បើកដោយស្ត្រីម្នាក់តាមផ្លូវលេខ១៩៣ ពីជើង ទៅត្បូង ដល់ផ្លូវកែងឆ្លងផ្លូវជិតផុត ស្រាប់តែមានម៉ូតូវីវ៉ា ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1H 0746 បើកបរតាមមហាវិថីម៉ៅសេទុងពីកើតទៅលិច បានបើកមកកាត់មុខរថយន្ត ។
ប្រភពបានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តបង្កបត់ឆ្វេងផ្លូវជិតផុតហើយ ស្រាប់តែម៉ូតូជិះកាត់មុខធ្វើឱ្យរថយន្តចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកម៉ូតូដួលមិនបណ្តាលឲ្យរងរបួសទេ គ្រាន់តែបែកកំបាំងម៉ូតូ រីឯរថយន្តបែកកាងមុខខាងឆ្វេងបន្តិច ។
ក្រោយពេលកើតហេតុ ភាគីទាំងសងខាងសូម្បីតែមួយម៉ាត់ ក៏មិនព្រមនិយាយរកគ្នាដែរ សុខចិត្តឈរនៅស្ងៀមមិននិយាយស្តីទាល់តែសមត្ថកិច្ចវាស់វែង ទើបនិយាយមួយម៉ាត់ម្នាក់ទាមទារយកត្រូវគ្នារៀងខ្លួន ក៏ត្រូវសមត្ថកិច្ចយកទៅដោះស្រាយនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដោះស្រាយតាមច្បាប់៕



ចែករំលែកព័តមាននេះ