ខេត្តកណ្តាល ៖ រថយន្តក្រុងរបស់ក្រុមហ៊ុនអូឡាំពិកដឹកអ្នកដំណើរ (ព្រះសីហនុ-ភ្នំពេញ) បានពន្លះម៉ូតូមួយគ្រឿង បណ្តាលឱ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័មកាលពីវេលាម៉ោង១១និង៤៥នាទីយប់ថ្ងៃទី២០ តុលា ២០១៥ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិកៅ ឃុំបែកចាន ស្រុកអង្គស្នួល ។
អ្នករងគ្រោះដែលស្លាប់ឈ្មោះ ម៉ុល ឌៀប អាយុ២១ឆ្នាំ ជាកម្មកររោងចក្រផ្លាសស្ទិក ស្នាក់នៅភូមិបែកចាន មានស្រុកកំណើតនៅភូមិដងខ្វិត ឃុំវាលពន់ ស្រុកព្នង ខេត្តកំពង់ស្ពឺ ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1D-6948 ។
ប្រភពពីមិត្តភក្តិបុរសរងគ្រោះ បាននិយាយថា មុនពេលកើតហេតុ បុរសរងគ្រោះចេញពីធ្វើការរួចមកលេងផ្ទះមិត្តភក្តិនៅម្តុំអូរដឹម ហើយបានផឹកស៊ីជួបជុំគ្នា រហូតដល់វេលាម៉ោងកើតហេតុ បុរសរងគ្រោះបានសំុមកផ្ទះមុន ព្រោះយប់ជ្រៅពេក តែដោយមិនទុកចិត្ត និងខ្លាចមានគ្រោះថ្នាក់ ក៏បានជូនជនរងគ្រោះដោយជិះម៉ូតូ២គ្រឿងអមមកជាមួយថែមទៀត លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្តក្រុងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខ 3B-5190 របស់ក្រុមហ៊ុនអូឡាំពិក ដឹកអ្នកដំណើរ បើកទិសដៅពីលិចទៅកើត ដោយចេញពីក្រុងព្រះសីហនុមកភ្នំពេញ នៅក្នុងរថយន្តដឹកសុទ្ធតែជនបរទេស បានវ៉ារថយន្តមួយគ្រឿងទៀតនៅខាងមុខក៏ជ្រុលចូលទៅខាងឆ្វេងដៃជាផ្លូវរបស់ម៉ូតូ ដែលជិះទិសដៅពីកើតទៅលិច បុកចំពីមុខម៉ូតូជនរងគ្រោះពេញទំហឹង បណ្តាលឱ្យបោកផ្ទប់នឹងក្បាលរថយន្ត បែកក្បាលផុងលលាដ៍ ធ្លាយខួរ ប៉ើងទាំងម៉ូតូនិងមនុស្សហោះទៅម្ខាងផ្លូវស្លាប់ភ្លាមៗតែម្តង ។ ចំណែករថយន្តដាច់កង់ខាងមុខ និងបែកជញ្ជាំងខាងមុខផ្នែងខាងឆ្វេងយ៉ាងដំណំ ហើយរថយន្តបានបន្តល្បឿនទៅមុខជាង១០០ម៉ែត្រទើបឈប់ ក្រោយកើតហេតុអ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល បន្សល់តែអ្នកដំណើរនៅពេញក្នុងរថយន្ត ។
ក្រោយពេលកើតហេតុ អ្នកដែលជិះក្នុងរថយន្តបង្ក ត្រូវបានរថយន្ត១គ្រឿងផ្សេងទៀតមកដឹកបន្ត ហើយរថយន្តបង្កនិងម៉ូតូ ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងរួចនាំយកទៅរក្សាទុកអធិការនគរបាលស្រុកអង្គស្នួល ដើម្បីរង់ចាំការដោះស្រាយ ។ រីឯសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕



ចែករំលែកព័តមាននេះ