រាជធានីភ្នំពេញ ៖ យុវជនម្នាក់ដែលគេដឹងថា ជាកូនរបស់មេប៉ូលិសសក្កិ៤កន្លះនៅក្រសួងមហាផ្ទៃម្នាក់ជិះម៉ូតូអត់ស្លាកលេខត្រឡប់មកពីដើរលេងវិញត្រូវជនសង្ស័យ២នាក់ប្រើកាំភ្លើងខ្យល់បាញ់១គ្រាប់ប្លន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោង១១ និង៥០នាទីយប់ ថ្ងៃទី២០ តុលា នៅមុខខារ៉ាអូខេហ្គ្រេន តាមផ្លូវលេខ៤៣០ កែង៤៥០ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន ។
ជនរងគ្រោះមានឈ្មោះ កែវ សុវណ្ណរតនា ភេទប្រុស អាយុ២០ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅផ្ទះ138AE0 មុខKTV ហ្គ្រេន ។ ម៉ូតូដែលជនសង្ស័យប្លន់យកទៅបាត់ម៉ាកស្គូពី ពណ៌ស អត់ស្លាកលេខ ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូអត់ស្លាកលេខមកពីដើរលេងធ្វើដំណើរតាមផ្លូវ 450ពីជើងមកត្បូង ពេលមកដល់កែង KTVGrand ជិតដល់ផ្ទះហើយ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះ MSX ពណ៌ខ្មៅលាយក្រហម អត់ស្លាកលេខ ជិះតាមផ្លូវ430 ពីកើតទៅលិច មកដល់បានធាក់ផ្តួលរួចដកកាំភ្លើងខ្យល់បាញ់មួយគ្រាប់ប្លន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាព។
នៅកន្លែងកើតហេតុសមត្ថកិច្ចរកឃើញបង់កាំភ្លើងដែលជនសង្ស័យដកបាញ់ហើយជ្រុះ ។ ក្រោយពេលកើតហេតុអាវុធហត្ថខណ្ឌចំការមនបានដឹកជនរងគ្រោះយកទៅប្រគល់ឲ្យនគរបាលប៉ុស្តិ៍ទួលទំពូងទី២ ដើម្បីដាក់ពាក្យបណ្តឹង ៕




ចែករំលែកព័តមាននេះ