ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​គ្មាន​ប្រពន្ធ​-​កូន​ម្នាក់​សង្ស័យ​ស្រវឹងស្រា​លង់ទឹក​អូរ​ព្រំដែន​ស្លាប់

10 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​គ្មាន​ប្រពន្ធ​-​កូន ប្រកប​របរ​ចែវ​ទូក​នៅ​ក្នុង​អូរ​ព្រំដែន​ចម្លង​អ្នក​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ទៅ​ព្រឹក​មក​ល្ងាច ត្រូវ​បាន​គេ​ប្រទះ​ឃើញ​​ស្លាប់​​នៅ​ក្នុង​ទឹក​អូរ​ព្រំដែន​កម្ពុជា​-​ថៃ​ ស្ថិត​ក្នុងភូមិ​សន្តិភាព ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ កាល​ពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​២០ តុលា ២០១៥ ។

លោក​អនុសេនីយ៍ឯក ឃុ​ត ចាន់​ហេង អធិការរង​នគរបាល​ស្រុក​ម៉ា​ឡៃ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ឈ្មោះ ឆាំ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ស្នាក់​នៅ​ភូមិ​កើត​ហេតុ ។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​មេ​ភូមិ​សន្តិភាព​និយាយ​ថា បុរស​រូប​នេះ​មក​ស្នាក់​នៅ​ទីនោះ​រយៈពេល​២​ឆ្នាំ​មក​ហើយ ដោយ​សុំ​ខ្ទម​ប្រជា​ពលរដ្ឋ​ដែល​សង់​លើ​ទឹកអូរ​ព្រំដែន​ស្នាក់​នៅ ហើយ​គាត់​ប្រកប​របរ​ចែវ​ទូក​ក្នុង​អូរ​ព្រំដែន​ចម្លង​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ដោយ​ទៅ​ព្រឹក​មកវិញ​​ល្ងាច​ជា​រៀងរាល់ថ្ងៃ​ដើម្បី​ចិញ្ចឹមជីវិត ហើយ​ម្យ៉ាងវិញទៀត​បុរស​នេះ​តែងតែ​ផឹកស្រា​ជា​ប្រចាំ ។

លោក​អធិការរង​បាន​បញ្ជាក់​ទៀត​ថា តាម​ការ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ពិនិត្យ​ឃើញ​ថា ជន​រង​គ្រោះ​មិន​មាន​ស្លាកស្នាម​អ្វី​ដែល​ទាក់ទង​ទៅ​នឹង​អំពើ​មនុស្សឃាត​នោះ​ទេ តាម​ការ​សន្និដ្ឋាន​សង្ស័យ​ជន​រង​គ្រោះ​ស្រវឹងស្រា ដើរ​ដួល​ក្នុង​ទឹកអូរ​ខណៈ​ពេល​ដែល​គាត់​មក​ដេក​លើ​ខ្ទម​ដែល​សង់​លើ​ទឹកអូរ​ដោយ​គ្មាន​នរណា​ដឹង​ក៏​លង់ទឹក​ស្លាប់ ។

សាកសព​ត្រូវ​បាន​សមត្ថកិច្ច​​ប្រគល់​ឲ្យ​ម្ចាស់​ខ្ទម​ឈ្មោះ សៀ យ៉េ​ត ភេទ​ស្រី អាយុ​៤៩​ឆ្នាំ ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ក្រោយ​ពី​ធ្វើការ​ពិនិត្យ​រួច ៕