ខេត្តប៉ៃលិន ៖ គេសង្កេតឃើញឈ្មួញបានសង់តូបនៅលើដីចំណីផ្លូវជាតិលេខ៥៧ជាប់ព្រំដែនអន្តរជាតិព្រំ ចម្ងាយប្រហែល៥០ម៉ែត្រ ដាក់លក់ឱ្យអាជីវករយ៉ាងរំភើយដោយមិនគិតខ្វល់ពីផលប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ ឬបាត់បង់សោភ័ណភាពអ្វីនោះឡើយ ដែលតូបទាំងនោះមានចំនួន១៩តូប នៅចំណុចខាងមុខផ្សារព្រំក្រោម ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខណៈមេការម្នាក់បានអះអាងថា គេរត់ច្បាប់ចេញអាជ្ញាធរខេត្តឱ្យសាងសង់រួចរាល់អស់ទៅហើយ ចំណែកឯរថយន្តឈ្នួលដែលពីមុនគេធ្លាប់ឃើញចតនៅលើដីចំណីផ្លូវនេះដើម្បីចាប់ម៉ូយដឹកទៅបាត់ដំបង ឬភ្នំពេញ ប៉ុន្តែដោយសារគេយកដីចំណីផ្លូវនេះសង់តូបដាក់លក់អស់ ទើបនាំគ្នាយកផ្លូវជាតិធ្វើជាចំណតចាប់ម៉ូយយ៉ាងអនាធិបតេយ្យទៅវិញ ។
បើតាមប្រជាពលរដ្ឋ ដែលចេញចូលតាមច្រកទ្វារអន្តរជាតិព្រំ និងអ្នករស់នៅក្បែរនោះជាច្រើននាក់បានរៀបរាប់ឱ្យដឹងថា តូបដែលធ្វើនៅលើចំណីផ្លូវអន្តរជាតិនេះត្រូវបានឈ្មួញសាងសង់ដាក់លក់ឱ្យអាជីវករទិញសម្រាប់លក់ដូររបស់របរផ្សេងៗកាលពីរយៈពេលជាង១ខែកន្លងទៅនេះ ដោយតូប១គេលក់តម្លៃ២៥០០ដុល្លារ និងជួលដីតម្លៃផ្សេងទៀត គឺត្រូវបង់ឱ្យម្ចាស់តូបតម្លៃ៦ពាន់បាត(ប្រាក់ថៃ)ក្នុង១ខែ ។ ប្រជាពលរដ្ឋបន្តទៀតថា កាលពីមិនទាន់មានគេសាងសង់តូបទាំងអស់នេះ អ្នកបើកបររថយន្តឈ្នួលតែងតែទៅចតរថយន្តនៅទីនោះដើម្បីចាប់ម៉ូយ ប៉ុន្តែរហូតមកដល់ពេលនេះ ដោយសារគ្មានកន្លែងចត ទើបយកផ្លូវជាតិធ្វើជាចំណតរថយន្តតែម្តង ។
ប្រជាពលរដ្ឋបានធ្វើការរិះគន់ថា ការយកចំណីផ្លូវសាងសង់តូបលក់បែបនេះនាំឱ្យប៉ះពាល់ដល់សោភ័ណភាពច្រកទ្វារអន្តរជាតិ ដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិចេញចូលទៅមកពីប្រទេសថៃឆ្លងកាត់មកប្រទេសកម្ពុជា ហើយក៏ធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់របៀបរៀបរយផងដែរ ។ ម្យ៉ាងវិញទៀត បើសិនជាអាជ្ញាធរចង់រៀបចំធ្វើការអភិវឌ្ឍន៍ពង្រីកផ្លូវជាតិបន្ថែមទៀត ឬរៀបចំតុបតែងចិញ្ចើមផ្លូវ ក៏មានការលំបាកផងដែរ ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក សែម សុខន ប្រធានការិយាល័យភូមិបាលស្រុកសាលាក្រៅ បានឱ្យដឹងតាមទូរស័ព្ទថា ខាងលោកអត់បានចេញលិខិតឱ្យសាងសង់តូបទាំងនេះនៅលើចំណីផ្លូវនោះទេ បើចង់ដឹងទាក់ទងសួរនាំទៅខាងខេត្តទើបដឹងច្បាស់ ។
លោក ហុក សុផល ប្រធានមន្ទីរសុរិយោដីខេត្តប៉ៃលិន បានឱ្យដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២០តុលានេះថា ខាងលោកអត់បានដឹងរឿងនេះទេ ប្រហែលគេធ្វើឡើងដោយចិត្តឯង ព្រោះមន្ទីររបស់លោកមិនបានទទួលឯកសារ ឬលិខិតណាមួយពីម្ចាស់តូបនោះឡើយ ។ ម្យ៉ាងវិញទៀត នៅពេលឆាប់ៗខាងមុខនេះ អាជ្ញាធរនឹងរៀបចំធ្វើខ្លោងទ្វារអន្តរជាតិ បើសិនជាប៉ះពាល់ត្រូវតែរុះរើតូបដែលគេសង់នៅលើចំណីផ្លូវចេញទាំងអស់ ហើយបើម្ចាស់តូបមានបញ្ហាជាមួយអាជីវករដែលទិញតូបទាំងនោះ ខាងលោកមិនទទួលខុសត្រូវនោះឡើយ ។
លោក សៅ សារ៉ាត់ អភិបាលរងខេត្តប៉ៃលិន បានឱ្យដឹងដែរថា ខាងអាជ្ញាធរខេត្តក៏អត់បានចេញលិខិតស្នាមណាមួយឱ្យប្រជាពលរដ្ឋសាងសង់តូបនៅលើដីចំណីផ្លូវនោះដែរ ត្រូវតែសាងសង់ចេញពីអ័ក្សចំណីផ្លូវប្រវែង៥ម៉ែត្រ ហើយខាងខេត្តបានចាត់ឱ្យមន្ត្រីក្រោមឱវាទកោះហៅម្ចាស់តូប ឬផ្ទះ ដែលសង់នៅលើចិញ្ចើមផ្លូវទាំងអស់មកធ្វើកិច្ចសន្យា បើនៅថ្ងៃខាងមុខពេលអាជ្ញាធររៀបចំសណ្តាប់ធ្នាប់ ត្រូវតែធ្វើការរុះរើចេញដោយឥតប្រកែកបាននោះឡើយ ៕






ចែករំលែកព័តមាននេះ