ខេត្តកំពង់ឆ្នាំង ៖ ក្រុមអាជីវករផ្សារលើ ក្រុងកំពង់ឆ្នាំង បានផ្ទុះការតវ៉ាកាលពីល្ងាចថ្ងៃទី២០ តុលា ២០១៥នេះ បន្ទាប់ពីគណៈកម្មការរបស់ខេត្តបានវាស់ដីបែងចែកឱ្យលក់ដូរនៅសងខាងផ្សារលើ ដែលការតវ៉ានេះដោយសារតែការវាស់វែងឱ្យអាជីវករលក់ដូរនោះមានទំហំតូចពេក មិនអាចធ្វើការលក់ដូរកើត ។
ក្រុមអាជីវករបានលើកឡើងថា ទំហំដីដែលវាស់ឱ្យពួកគាត់ជាអាជីវករនោះមានទំហំត្រឹមតែ១,៣០ម៉ែត្រគុណនិង១,៧០ម៉ែត្រប៉ុណ្ណោះ ពួកគាត់មិនអាចលក់ដូរបានឡើយ ពួកគាត់សំណូមពរឱ្យវាស់ទំហំ២ម៉ែត្រគុណនិង២ម៉ែត្រ ទើបពួកគាត់សុខចិត្ត និងម្យ៉ាងវិញទៀតសុំលក់នៅកន្លែងដដែលវិញ ដោយមិនព្រមឱ្យចាប់ឆ្នោតតាមការកំណត់របស់គណៈកម្មការឡើយ ។
ជុំវិញបញ្ហានេះ លោក ស៊ុន សុវណ្ណរិទ្ឋ អភិបាលរងខេត្ត បានទៅសម្របសម្រួល ដោយបានបញ្ជាក់ថា ការវាស់វែងនេះគ្រាន់តែជាបណ្តោះអាសន្នទេ បងប្អូននៅកន្លែងណាលក់នៅកន្លែងនោះសិនចុះ តែសុំឱ្យគណៈកម្មការបន្តការវាស់វែងបន្តទៀត និងសុំយកសំណូមពរបងប្អូនទៅពិភាក្សា និងឆ្លងយោបល់លោកអភិបាលខេត្តបន្តទៀត ។
ក្រុមអាជីវករបានលើកឡើងទៀតថា មូលហេតុដែលគណៈកម្មការរៀបចំចុះវាស់ដីឱ្យលក់ដូរតូច ដើម្បីបានបរិមាណកន្លែងច្រើន ព្រោះតែមានអាជីវករថ្មីជាងពាក់កណ្តាលបានមកដណ្តើម និងចុះឈ្មោះយកកន្លែងលក់ដូរដែរ កត្តានាំឱ្យមានភាពចម្រូងចម្រាស់បែបនេះដោយសារតែករណីនេះឯង ពួកគាត់ថា សង្ស័យដើម្បីលាភសក្ការៈ ឆ្លៀតឱកាសរកលុយដាក់ហោយប៉ៅខ្លួនឯងដូចពាក្យចាស់លោកពោលថា «ត្រីងៀតឆ្លៀតពង» ហើយមើលទៅ ៕




ចែករំលែកព័តមាននេះ