រាជធានីភ្នំពេញ ៖ បុរសជនសង្ស័យម្នាក់ក្រោយពីធ្វើសកម្មភាពលួចយកកាបូបដាក់សម្ភារជួសជុលម៉ាស៊ីនឆុងកាហ្វេរបស់ជាងជួសជុលម្នាក់ ត្រូវម្ចាស់ឃើញទាន់រត់ដេញចាប់ខ្លួនបានប្រគល់ឱ្យនគរបាលប៉ុស្តិ៍រដ្ឋបាលទន្លេបាសាក់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២០ តុលា ២០១៥ នៅមុខហាងកាហ្វេមួយកន្លែង ស្ថិតនៅផ្លូវលេខ២១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
មន្ត្រីនគរបាល បានឱ្យដឹងថា មុនពេលកើតហេតុ ម្ចាស់កាបូបជិះម៉ូតូមួយគ្រឿង មកឈប់នៅខាងមុខហាងកាហ្វេខាងលើ ដោយទុកកាបូបយួរដៃដែលដាក់សម្ភារជាងរបស់គាត់នៅលើម៉ូតូ ហើយក៏ដើរចូលទៅក្នុងហាងកាហ្វេ ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមកឈប់ក្បែរ ហើយយកកាបូបរបស់គាត់ទៅដាក់លើម៉ូតូរបស់គេបម្រុងជិះចេញទៅក៏ត្រូវម្ចាស់ឃើញទាន់រត់ចេញមកចាប់បានតែម្តង ។
មន្ត្រីនគរបាល បានបន្តថា បុរសជនសង្ស័យឈ្មោះ ហម មករា ហៅអាថ្លែន អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ជិះម៉ូតូម៉ាក MSX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ១DC-៣១៣៦ មួយគ្រឿង តែម្នាក់ឯង ។
ជនសង្ស័យត្រូវសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ និងបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ចាត់ការតាមច្បាប់ ។ ចំណែកកាបូប ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យម្ចាស់ដើមវិញ ៕




ចែករំលែកព័តមាននេះ