ខេត្តសៀមរាប ៖ សមត្ថកិច្ចចម្រុះខេត្តសៀមរាបបានចុះធ្វើការបង្ក្រាបទីតាំងស្រះចិញ្ចឹមត្រីឆ្ដោចំនួន៤ស្រះនៅភូមិភ្នំក្រោម និងភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ដែលហេតុការណ៍ចុះបង្ក្រាបនេះធ្វើឡើងពេញ១ទី១៩ តុលា ២០១៥ ។
លោក ព្រិន្ទ សាវិន នាយខ័ណ្ឌរដ្ឋបាលជលផលខេត្តបានឱ្យដឹងថា កន្លងមកទីតាំងស្រះចិញ្ចឹមត្រីឆ្តោនេះត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះបានធ្វើការបង្ក្រាបម្តងរួចមកហើយ តែពួកគាត់មិនរាងចាលឡើយ ក៏បានលួចចិញ្ចឹមម្តងទៀត ។ លោកបន្តថា ប្រតិបត្តិការបង្ក្រាបនៅថ្ងៃនេះត្រូវបានសមត្ថកិច្ចជំនាញហៅម្ចាស់ទីតាំងចិញ្ចឹមត្រីឆ្តោ៣នាក់មកសួរនាំ ដើម្បីឱ្យធ្វើកិច្ចសន្យានៅមុខសមត្ថកិច្ចឈប់លួចចិញ្ចឹមត្រីចាប់ពីថ្ងៃនេះតទៅ ។
លោកវរសេនីយ៍ឯក ស្រី យូរ៉ា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបានប្រាប់«កោះសន្តិភាព»នៅរសៀលថ្ងៃទី២០ តុលា ថា ក្រោយពេលចុះបង្ក្រាបទីតាំងចិញ្ចឹមត្រីទាំងនេះ កម្លាំងជំនាញបានឱ្យម្ចាស់ទីតាំងលួចចិញ្ចឹមត្រីឆ្ដោធ្វើកិច្ចសន្យាឈប់លួចចិញ្ចឹមត្រីឆ្ដោតទៅទៀត តែបើថ្ងៃក្រោយនៅតែបន្តលួចចិញ្ចឹមត្រីឆ្តោទៀត កម្លាំងកងរាជអាវុធហត្ថខេត្តនឹងសុំគោលការណ៍ពីតំណាងអយ្យការ ដើម្បីនាំខ្លួនអ្នកចិញ្ចឹមត្រីទាំងនេះយកមកផ្តន្ទាទោសតាមច្បាប់ ។ លោកបញ្ជាក់ទៀតថា ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានយកកូនត្រីឆ្តោខុសច្បាប់ទាំង៤ស្រះដែលមានប្រមាណជា៣ម៉ឺនក្បាលយកទៅកំទេចចោល ។ ហើយម្ចាស់ដែលចិញ្ចឹមត្រីឆ្តោដែលកម្លាំងជំនាញហៅមកធ្វើកិច្ចសន្យានោះមានបីនាក់ ទី១-ឈ្មោះ សាំង សំអាត ភេទស្រី មានទីតាំងចិញ្ចឹមកូនត្រីឆ្ដោនៅភូមិភ្នំក្រោម, ទី២-ឈ្មោះ ទ្រី ជី ភេទប្រុស និងទី៣-ឈ្មោះ តូ យ៉ាងធឹង ភេទប្រុស មានទីតាំងចិញ្ចឹមកូនត្រីឆ្ដោនៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ។
គួរបញ្ជាក់ផងដែរថា ទីតាំងចិញ្ចឹមកូនត្រីឆ្តោទាំង៤ស្រះនេះ គឺត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចសហការជាមួយមន្ត្រីជលផល និងដឹកនាំសម្របសម្រួលដោយលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ចុះបង្ក្រាបម្តងរួចមកហើយកាលពីថ្ងៃទី៤ មិថុនា ២០១៥កន្លងទៅ ដោយបានធ្វើការរឹបអូសបានកូនត្រីឆ្ដោប្រមាណជាង១ម៉ឺនក្បាលប្រគល់ឱ្យមន្ត្រីជលផលយកទៅព្រលែងនៅបឹងធម្មជាតិវិញ ៕


ចែករំលែកព័តមាននេះ