រាជធានីភ្នំពេញ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានធ្វើការប្តេជ្ញាចិត្តថា នៅឆ្នាំ២០១៦ឆាប់ៗនេះ លែងឲ្យមានរថយន្តដឹកជញ្ជូនធុនធ្ងន់ចូលរាជធានីភ្នំពេញតែម្តង ស្របគ្នាទៅនឹងការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី និងការចាប់ផ្តើមអនុវត្តច្បាប់ ហើយក៏មានការគាំទ្រ និងអនុវត្តពីក្រសួងមហាផ្ទៃ ក្រសួងសាធារណការ និងគណៈកម្មការសុវត្ថិភាពចរាចណ៍ធ្វើឲ្យការងារនេះមានប្រសិទ្ធភាព។
លោកស្រី បុប្ផា ផានី អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានលើកឡើងនៅក្នុងកម្មវិធីសន្ទនាមតិជីវិតយើង សង្គមយើង នៅអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា កាលពីព្រឹកថ្ងៃទី១៩ តុលា ២០១៥នេះថា ចាប់ពីឆ្នាំ២០១៦ទៅ រថយន្តធុនធំ នឹងមិនបន្តឲ្យចូលក្រុងទៀតឡើយ ក្នុងនោះមានរថយន្តដឹកអ្នកដំណើរតាមបណ្តាខេត្តផងដែរ ដោយតម្រូវឲ្យនៅក្រៅក្រុងតែម្តង ។
លោកស្រីបន្តថា វិធានការនេះ វាមិនមែនជារឿងថ្មីនោះទេ ដែលអាជ្ញាធរប្តេជ្ញាធ្វើរឿងនេះ ប៉ុន្តែការធ្វើចរាចរណ៍របស់រថយន្តធុនធ្ងន់ទាំងនោះគេសង្កេតឃើញនៅតែមានចរាចរណ៍ចេញចូលដដែល ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សណ្តាប់ធ្នាប់បង្កឲ្យមានការកកស្ទះចរាចរណ៍ និងខូចផ្លូវថ្នល់ជាដើម។
បើយើងបណ្តោយឲ្យមធ្យោបាយដឹកជញ្ជូនធុនធ្ងន់ចូលរាជធានីភ្នំពេញ ជាហេតុបង្កឲ្យសិស្ស-និស្សិត មន្ត្រីរាជការ កម្មករ ទៅធ្វើការមិនទាន់ពេល ពិសេសជួបការលំបាកធ្វើឲ្យខាតបង់ពេលវាលា ថវិកា និងប៉ះពាល់សុខភាព ហើយចំណាត់វិធានការដែលត្រូវអនុវត្តនោះ គឺតម្រូវមិនឱ្យថយន្តធុនធ្ងន់ចូលរាជធានីនៅពេលថ្ងៃដាច់ខាត ពីម៉ោង៦ដល់ម៉ោង៩ព្រឹក និងពីម៉ោង៤ល្ងាចដល់ម៉ោង២០យប់ ។
លោក ស្រីបុប្ផា ផានី បានបញ្ជាក់ថា ចូលដើមឆ្នាំ២០១៦ អាជ្ញាធររាជធានីភ្នំពេញនឹងមានវិធានការក្តៅ ព្រោះតាមស្មារតីអង្គប្រជុំកាលពីថ្ងៃទី២០ សីហាកន្លងមក សាលារាជធានីបានកោះអញ្ជើញតំណាងក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងដឹកទំនិញធុនធ្ងន់ចំនួន៣០ក្រុមហ៊ុន ក្នុងខ្លឹមសារអង្គប្រជុំ គឺលោកអភិបាលរាជធានីសុំឲ្យរថយន្តក្រុងដឹកអ្នកដំណើរត្រូវរកទីតាំងនៅក្រៅក្រុងឲ្យហើយទៅ ព្រមទាំងបានណែនាំឲ្យមូលដ្ឋានខណ្ឌទាំង១២ ត្រូវតែរឹតបន្តឹងបន្ថែមទៅលើគោលការណ៍ដែលមានស្រាប់ពីមុនដែលរដ្ឋសភាបានអនុម័ត កាលពីខែធ្នូ និងអនុវត្តការផាកពិន័យ ថ្ងៃទី១ មករា ២០១៦ ដោយមានការផាកពិន័យយ៉ាងតឹងរ៉ឹងទៅលើអ្នកមិនគោរពច្បាប់ចរាចរណ៍ទាំងនោះ៕



ចែករំលែកព័តមាននេះ