ខេត្តកំពង់ចាម ៖ សំណុំរឿងករណីគ្រោះថ្នាក់ចរាចរដ៏ក្តៅគគុក ដោយរថយន្តបែនដឹកដីធុនធំ១គ្រឿងទៅបុកក្បួនព្រះទីនាំងរបស់សម្តេចក្រុមព្រះនៅលើផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិអំពិលធំ ឃុំខ្វិតធំ ស្រុកព្រៃឈរ ត្រូវបានលោកចៅក្រមប៉ុក សុវណ្ណមុនី នៃសាលាដំបូងខេត្តប្រកាសសាលក្រមហើយកាលពីព្រឹកថ្ងៃទី២០ តុលា ២០១៥ នេះ ដោយតម្រូវឲ្យលោក លន់ សុផាត នៅភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ចេញសំណងរដ្ឋប្បវេណីចំនួន៤០០លានរៀលស្មើប្រហែលជាង៩ម៉ឺនដុល្លារ។
អ្នកស្រី គឹម ស្រីពៅ អាយុ៤៥ឆ្នាំ ត្រូវជាប្រពន្ធរបស់ឈ្មោះលន់ សុផាត នៅភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម បំភ្លឺឲ្យដឹងថា ចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរដ៏រន្ធត់ដែលបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ទី២៥ មេសា ២០១៥ កន្លងទៅក្នុងទឹកដីស្រុកព្រៃឈរដែលបណ្តាលឲ្យសម្តេចក្រុមព្រះ និងអ្នកម្នាងអ៊ុក ផល្លា ព្រមទាំងកងអង្គរក្សសរុបចំនួន៨នាក់ បានរងរបួសធ្ងន់ និងស្រាល បង្កឡើងដោយរថយន្តបែនដឹកដី១គ្រឿងបើកបរដោយឈ្មោះ ឈឿន រ៉ុន ភេទប្រុស មិនមែនជារថយន្តរបស់ប្តីគាត់នោះទេ ។
អ្នកស្រី គឹម ស្រីពៅ បានបំភ្លឺឲ្យដឹងទៀតថា តាមពិតរថយន្តដឹកដីគឺជារបស់អ្នកស្រី គឹម ឡេង អាយុ៤៥ឆ្នាំ នៅភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ។ ចំពោះការសំរេចរបស់សាលាដំបូងខេត្តកំពង់ចាម ដែលបង្គាប់ឲ្យប្តីរបស់គាត់ឈ្មោះ សុផាត សងជាប្រាក់ចំនួន៤០០លានរៀលនោះជារឿងមួយអយុត្តិធម៌ណាស់ ព្រោះថាក្នុងពេលដែលសវនាការបើកកាលពីថ្ងៃទី២២ កញ្ញា កន្លងទៅ មានសាក្សីជាច្រើននាក់ រួមទាំងអ្នកស្រី ឡេង បានចេញមកអះអាងថា រថយន្តបែនដឹកដីនោះជារបស់ខ្លួនពិតប្រាកដ គឺមិនមែនរបស់ឈ្មោះសុផាតទេ ចុះហេតុអ្វីបានជាតុលាការបង្គាប់ឲ្យប្តីរបស់អ្នកស្រីចេញសំណងទៅវិញ ។
ក្នុងករណីនេះទៀតរថយន្តមានក្រុមហ៊ុនធានារ៉ាប់រង «កាំមិនកូ» នៅពេលដែលមានហេតុការណ៍កើតឡើង រហូតដល់សវនាការគួរណាតែក្រុមហ៊ុនធានារ៉ាប់រងនេះចេញមុខដោះស្រាយទើបត្រឹមត្រូវមិនគួរសម្ងំនៅនៅស្ងៀមអ៊ីចឹងទេ ។
លោកមេធាវី គា អ៊ាវ ការពារឲ្យភាគីឈ្មោះ លន់ សុផាត បានលើកឡើងថា នៅព្រឹកថ្ងៃទី២០តុលា នេះសាលក្រមបានប្រកាសឲ្យកូនក្តីរបស់លោកចេញសំណងទៅវិញ ជារឿងមួយមិនត្រឹមត្រូវនោះទេ ព្រោះថាកាលពីវេលាសវនាការកន្លងមកមានការសួរដេញដោលគ្នារហូតមានអ្នកស្រី គឹម ឡេង បានចេញមកអះអាងថា រថយន្តបែនដឹកដីដែលបង្កគ្រោះថ្នាក់ចរាចរនៅស្រុកព្រៃឈរកន្លងមក គឺជារថយន្តរបស់គាត់(គឹម ឡេង ) ។
មានទាំងសាក្សីជាច្រើននាក់ បានបង្ហាញលិខិតទិញលក់រថយន្តក៏បានបញ្ជាក់ច្បាស់រថយន្តពិតជារបស់អ្នកស្រី គឹម ឡេង ។ ចំពោះការឲ្យកូនក្តីរបស់លោកចេញសំណងនេះគឺមិនត្រូវ ដូច្នេះរូបលោកសំរេចចិត្តនឹងប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍បន្តទៀតដើម្បីស្វែងរកយុត្តិធម៌។
អ្នកស្រី គឹម ឡេង វ័យ៤៥ឆ្នាំ ជាស្ត្រីមេម៉ាយបានពន្យល់ពីហេតុផលស្ទើរបង្ហូរទឹកភ្នែកឲ្យដឹងថា ចំពោះរថយន្តបែនដឹកដីធុនធំ១គ្រឿង ពាក់ស្លាកលេខភ្នំពេញ3B-4405 ដែលបានបង្កគ្រោះថ្នាក់ចរាចរនៅស្រុកព្រៃឈរទៅបុកក្បូនព្រះទីនាំងសម្តេចក្រុមព្រះនាពេលកន្លងមកនោះ គឺពិតជារថយន្តរបស់គាត់ (គឹម ឡេង ) មិនមែនជារបស់ឈ្មោះ លន់ សុផាត នោះទេ ។ នៅពេលណាដែលមានការដ្ឋានណាមួយត្រូវការរថយន្តដឹកដីជាច្រើនគ្រឿង គឺឈ្មោះសុផាត តែងតែទូរស័ព្ទមកប្រាប់ឲ្យរថយន្តរបស់គាត់មានតែ១គ្រឿងទៅចូលរួមដឹកដីដែរ ។
ចំពោះឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរខាងលើ គឺសុំការប្រណីសណ្តោសជាលើកទី២ពីសម្តេចក្រុមព្រះដល់រាស្ត្ររបស់ទ្រង់ គឺអ្នកស្រីផ្ទាល់ និងលោកលន់ សុផាត ដោយក្តីអនុគ្រោះផងចុះ ។ លោកមេធាវី ស៊ុន ប៊ុណ្ណា
រិទ្ធ បានឲ្យដឹងថា លោកចៅក្រមប៉ុក សុវណ្ណមុនី ដែលបានលើកលែងការចោទប្រកាន់ដល់កូនក្តីរបស់លោកឈ្មោះ ឈឿន ស្រ៊ឺ ភេទប្រុស អាយុ១៨ឆ្នាំ ជាព្រូរថយន្តដឹកដីឲ្យរួចផុតពីការចោទប្រកាន់ជារឿងមួយត្រឹមត្រូវ តែមិនគួរណាចាប់កូនក្តីរបស់លោកដាក់ពន្ធនាខេត្តជាង៤ខែទាល់តែសោះ ។
លោកមេធាវី សំរេច កុសល ការពារឲ្យសម្តេចក្រុមព្រះបានបញ្ជាក់ឲ្យដឹងដែរថា ក្នុងករណីខាងលើនេះតុលាការខេត្តបានប្រកាសសាលក្រមបង្គាប់ឲ្យឈ្មោះ លន់ សុផាត បង់សំណងរដ្ឋប្បវេណីចំនួន៤០០លានរៀល ស្មើប្រហែលជាង៩ម៉ឺនដុល្លារជាអំណាចឆន្ទានុសិទ្ធរបស់តុលាការ ដែលការលើកមុនក្រុមមេធាវីរបស់លោកបានទាមទាររហូតដល់ទៅជាង៣៦ម៉ឺនដុល្លារពីភាគីឈ្មោះ លន់ សុផាត ពុំមែនពីអ្នកស្រីគឹម ឡេងនោះទេ សំណងខាងលើគឺទូទាត់នឹងថ្លៃសេវាព្យាបាលមិនគ្រាន់ទេ តែនេះជាសិទ្ធិរបស់តុលាការខេត្តកំពង់ចាម គឺមិនអាចទាមទារអ្វីឲ្យលើសពី៤០០លានរៀលទេ ។
សូមបញ្ជាក់ថា ចំពោះអ្នកបើកបររថយន្តបែនដឹកដីឈ្មោះឈឿន រ៉ុន ដែលបង្កគ្រោះថ្នាក់ចរាចរដល់ក្បួនព្រះទីនាំងសម្តេចក្រុមព្រះវិញ ត្រូវបានកាត់កំបាំងមុខឲ្យជាប់ទោស៣ឆ្នាំ និងសំណងជាប្រាក់ចំនួន១០០លារៀល ៕
ព័ត៌មានលម្អិតនឹងផ្សាយជូនលើទំព័រកាសែតកោះសន្តិភាព






ចែករំលែកព័តមាននេះ