ពួកឧទ្ទាមដែលប្រយុទ្ធប្រឆាំងកងទ័ពស៊ីរី និងសម្ព័ន្ធមិត្តនៅភាគខាងត្បូងក្រុងអាឡែបភាគពាយ័ព្យស៊ីរី ប្រកាសកាលពីថ្ងៃទី១៩ តុលា ថា បានទទួលមីស៊ីលប្រឆាំងរថក្រោះធុន TOW ផលិតនៅអាមេរិកថ្មីៗ ផ្តល់ឱ្យដោយបណ្តាប្រទេសដែលប្រទូស្តរ៉ាយនឹងប្រធានាធិបតី លោកបាចា អាល់អាសាដ ។
គាំទ្រដោយការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លារបស់រុស្ស៊ី កងទ័ពរដ្ឋាភិបាលគាំទ្រដោយកងទាហានអីុរ៉ង់ និងពួកជីវពលស៊ីអីុតលីបង់ហេសប៊ុលឡាហ៍ បានបើកការវាយលុកធំមួយពីថ្ងៃទី១៦ តុលាមក នៅតំបន់អាឡែប ។
ពួកឧទ្ទាមនៃក្រុមកងទ័ពស៊ីរីសេរី ASL ទាក់ទងដោយរ៉យទ័រ និយាយថា ពួកគេបានទទួលអាវុធនានាកាលពីចុងសប្តាហ៍៍កន្លងទៅ តែសមាជិក ASL ម្នាក់និយាយថា អាវុធដែលផ្តល់ឱ្យមានចំនួនពុំគ្រប់គ្រាន់ឡើយ ។
ពួកឧទ្ទាមជាច្រើនក្រុមចាត់ទុកជាពួកនិយមកណ្តាលដោយក្រុងវ៉ាស៊ីនតោន និងបណ្តាសម្ព័ន្ធមិត្តទទួលអាវុធទាំងនេះតាមរយៈប្រទេសតួកគី ។ លោករ៉ាមី អាប់ឌុលរ៉ាហ៍ម៉ាន់ នាយករបស់អង្គការសិទ្ធិមនុស្សសេរី OSDH មានប្រភពព័ត៌មានច្រើនក្នុងប្រទេសនិយាយថា ចាប់តាំងពីថ្ងៃទី១៦ តុលា មក ពួកបះបោរបានកម្ទេចរថយន្តប្រមាណជា១០គ្រឿងរបស់កងទ័ពស៊ីរីជាមួយមីស៊ីលទូរបញ្ជាប្រឆាំងរថក្រោះធុន TOW នេះ។ លោកបន្តថា យុទ្ធជនឧទ្ទាម៤១នាក់ បានត្រូវស្លាប់ក្នុងការប្រយុទ្ធក្នុងនោះមានប្រមុខក្រុមឧទ្ទាមម្នាក់លោក NOUR AL DINE AL ZINKI ។
ចំណែកលោក HASSAN AL HADJ ALI ប្រមុខក្រុមឧទ្ទាម SOUKOUR AL DJABAL បញ្ជាក់ប្រាប់រ៉យទ័រតាមអុីនធើរណេតថា ការប្រយុទ្ធគ្នាបន្តដោយពុំចុះថយឡើយ លើរណសិរ្សជាច្រើន ។ រយៈពេល៣ថ្ងៃចុងក្រោយនេះជាថ្ងៃដ៏អាក្រក់ ។ កាលពីម្សិលមិញកងកម្លាំងឧទ្ទាមអាចបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការមួយហើយចេញទៅប្រយុទ្ធឡើងវិញតាមតំបន់នានា ។
មេបញ្ជាការម្នាក់របស់ក្រុម SULTAN MOURAD ជាសាខាមួយរបស់ក្រុម ASL លោក ISSA AL TOURKMANI ថ្លែងថា យើងបានទទួលអាវុធ និងគ្រាប់រំសេវក្នុងចំនួនច្រើនជាងពីមុន ពិសេសគ្រាប់កាំភ្លើងត្បាល់ គ្រាប់រ៉ុក្កែត និងមីស៊ីលប្រឆាំងរថក្រោះ ។ យើងទទួលបានមីស៊ីលធុន TOW ថ្មីៗរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយពេលនេះយើងទទួលបានការផ្គត់ផ្គង់យ៉ាងល្អ ។
ការវាយលុករបស់កងទ័ពស៊ីរីសំដៅដណ្តើមត្រួតត្រាតំបន់នានាស្ថិតនៅចម្ងាយប៉ុន្មានគីឡូម៉ែត្រខាងត្បូងក្រុងអាឡែប ជាប់ផ្លូវថ្នល់ដែលភ្ជាប់ទៅក្រុងដាម៉ាស់រួចអាចដណ្តើមកាន់កាប់ភូមិជាច្រើនរួចហើយ ។ ទូរទស្សន៍ជាតិស៊ីរីរាយការណ៍ថា កងទ័ពកាលពីថ្ងៃទី១៩ តុលា ដណ្តើមយកបានទីក្រុង AL SABEKIYA ខាងត្បូងក្រុងអាឡែប ធ្វើឱ្យពួកបះបោររងការបាត់បង់ធ្ងន់ធ្ងរ ។
កងទ័ពរដ្ឋាភិបាល និងសម្ព័ន្ធមិត្តក៏វាយរុលទៅមុខផងដែរ ឆ្ពោះទៅភាគខាងកើតក្រុងអាឡែបសំដៅព្រលានយន្តហោះយោធា WOUEIRES ដើម្បីទម្លុះការឡោមព័ទ្ធមូលដ្ឋាននេះ ដោយពួកជីហាដក្រុមរដ្ឋអ៊ិស្លាម ។ ពួករដ្ឋអ៊ិស្លាមកាន់កាប់តំបន់ជាច្រើននៃខេត្តអាឡែប ពិសេសភាគខាងជើងក្រុងមានឈ្មោះដូចគ្នានេះ ។
តំបន់ជនបទជុំវិញក្រុងអាឡែបជាគោលដៅមួយក្នុងចំណោមគោលដៅទាំង៤០នៃការវាយប្រហាររបស់កងយន្តហោះរុស្ស៊ី ក៏ដូចជានៅតំបន់ជុំវិញក្រុងដាម៉ាស់ LATTAQUIE និងហាម៉ាដែរ ។
រីឯមនុស្សប្រមាណជា៣៥.០០០នាក់បានរត់ភៀសខ្លួនដោយសារការប្រយុទ្ធគ្នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះនៅជិតទីក្រុងអាឡែប ៕


ចែករំលែកព័តមាននេះ