រាជធានីភ្នំពេញ ៖ នៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៩ តុលា លោកឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានជួបពិភាក្សាការងារជាមួយលោក Kelly Bird នាយកគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីវិភាគនិងវាយតម្លៃអំពីផលប៉ះពាល់លើលិខិតបទដ្ឋានគតិយុត្ត គ្រាដែលធនាគារADBបាននិងកំពុងជួយឧបត្ថម្ភលើផ្នែកនេះ សំដៅឲ្យច្បាប់ដែលត្រូវដាក់ឲ្យអនុវត្តនៅកម្ពុជាទទួលបាននូវផលប្រយោជន៍និងមិនមានផលប៉ះពាល់ធ្ងន់ធ្ងរ ។
លោក ឯក ថា អនុប្រធាននាយកដ្ឋានទទួលបន្ទុកព័ត៌មាននៃទីស្តីការគណៈរដ្ឋមន្ត្រីថ្លែងថា កម្មវិធីវាយតម្លៃលើផលប៉ះពាល់លិខិតបទដ្ឋានគតិយុត្ត ដែលឧបត្ថម្ភដោយADB នេះ បានចាប់ផ្តើមពីឆ្នាំ២០១០ ក្នុងគម្រោងទឹកប្រាក់ប្រមាណ១០ម៉ឺនដុល្លារអាមេរិក នៅដំណាក់កាលទី១ ខណៈដែលដំណាក់កាលទី២មានទឹកប្រាក់ប្រមាណ២លានដុល្លារ ។ លោកអះអាងថា កម្មវិធីខាងលើនេះ ទទួលបានជោគជ័យយ៉ាងខ្លាំង ទាក់ទងនឹងសកម្មភាពវិភាគ និងវាយតម្លៃលើលិខិតបទដ្ឋានគតិយុត្ត ។
លោកឧបនាយករដ្ឋមន្ត្រី សុខ អាន មានប្រសាសន៍ថា កម្មវិធីវិភាគនិងវាយតម្លៃលើបទដ្ឋានគតិយុត្តនេះ មានសារសំខាន់ណាស់សម្រាប់ការអនុវត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រោះថា តាមរយៈកម្មវិធីនេះវានឹងធ្វើឲ្យមានតម្លាភាពក្នុងការងារ ក៏ដូចជាការលុបបំបាត់នូវអំពើពុករលួយ និងការអភិវឌ្ឍប្រទេសក្នុងពេលដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំពង្រឹងលើផ្នែកទាំងអស់នេះ ។ លោកឧបនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា ដោយសារតែកម្មវិធីនោះទទួលបានជោគជ័យហើយ ទើបADB សុំឲ្យកម្ពុជាជួយរៀបចំសិក្ខាសាលា ឬសន្និសីទអន្តរជាតិមួយ ស្តីពីករណីដែលកម្ពុជាទទួលជោគជ័យលើការអនុវត្តកម្មវិធីខាងលើ ។
លោក Kelly Bird បានអះអាងដែរថា ADB នឹងបន្តគាំទ្រកម្មវិធីវិភាគ និងវាយតម្លៃលើផលប៉ះពាល់សម្រាប់លិខិតបទដ្ឋានគតិយុត្តនេះ ដើម្បីជួយដល់ដំណើរការសកម្មភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ខណៈដែលកម្មវិធីនេះទទួលបានជោគជ័យជាបន្តបន្ទាប់ ។
គួរបញ្ជាក់ថា គម្រោងផលប៉ះពាល់លើលិខិតបទដ្ឋានគតិយុត្ត(RIA) នេះ គឺត្រូវបានអនុវត្តដោយក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គមនិងវប្បធម៌ (ECOSOF ) ចំណុះទីស្តីការគណៈរដ្ឋមន្ត្រី ហើយក៏ទទួលបាននូវការគាំទ្រនិងកោតសរសើរយ៉ាងខ្លាំងផងដែរពី ADB ៕




ចែករំលែកព័តមាននេះ