ប្រធានាធិបតីចិន លោកស៊ី ជីនពីង ចាប់ផ្តើមនាថ្ងៃទី២០ តុលា នូវទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៤ថ្ងៃនៅចក្រភពអង់គ្លេស ដោយក្នុងឱកាសនៃទស្សនកិច្ចនេះកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងវិនិយោគនានាមានទឹកប្រាក់ជាង៣០ពាន់លានលីហ្វ្រ ស្ទ័រលីញ ត្រូវចុះហត្ថលេខា ។
មុនពេលចាប់ផ្តើមទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រីអង់គ្លេស លោកដាវីដ កាមីរ៉ូន ក្នុងសេចក្តីប្រកាសមួយថ្លែងថា នេះជាឱកាសសំខាន់បំផុតមួយសម្រាប់ទំនាក់ទំនងចិន-អង់គ្លេស ។ ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសយើងទាំង២ត្រូវបង្កើន រួចទំនាក់ទំនងរវាងប្រជាជនយើងទាំង២កាន់តែខ្លាំង ។
យោងតាមខុទ្ទកាល័យនាយករដ្ឋមន្ត្រីថា បណ្តាកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងវិនិយោគតំណាងឱ្យទឹកប្រាក់ជាង៣០ពាន់លានលីហ្វ្រ ស្ទ័រលីញ (៤០,៧ពាន់លានអឺរ៉ូ) បង្កើតការងារ៣.៩០០នៅអង់គ្លេសនឹងត្រូវចុះហត្ថលេខាអំឡុងពេលនៃទស្សនកិច្ចនេះសំដៅបើកសករាជមាសមួយនៃទំនាក់ទំនងរវាងប្រទេសទាំង២ ជាមហាអំណាចសេដ្ឋកិច្ចពិភពលោកទី២ និងទី៥ ។
លោកកាមីរ៉ូន បន្តថា ទស្សនកិច្ចនេះក៏អាចធ្វើការសិក្សាលើបណ្តាមធ្យោបាយរបស់អង់គ្លេស និងចិន ដែលធ្វើការរួមគ្នាលើបណ្តាបញ្ហាពិភពលោកដូចជាការផ្លាស់ប្តូរបរិយាកាស ឬភាពក្រីក្រជាដើម ។ ពិតណាស់ នេះជាកាលានុវត្តភាពពិតប្រាកដមួយ ដែលត្រូវធ្វើឱ្យស៊ីជម្រៅដល់ទំនាក់ទំនងរបស់យើង ៕
ចែករំលែកព័តមាននេះ