ប្រទេសរុស្ស៊ីកាលពីថ្ងៃទី១៩ តុលា បានធ្វើការតវ៉ាប្រឆាំងនឹងទង្វើដ៏គ្រោះថ្នាក់នៃយន្តហោះប្រដេញបារាំងមួយគ្រឿង ដែលហោះឆាបក្បែរយន្តហោះ១គ្រឿងដឹកប្រធានសភារុស្ស៊ីមកកាន់ទីក្រុងហ្សឺណែវ ចូលរួមកិច្ចប្រជុំមួយរបស់ អ.ស.ប ។
ការចោទប្រកាន់នេះត្រូវបានក្រសួងការបរទេសបារាំងបដិសេធភ្លាមៗ ដោយអះអាងថា តាមការពិតយន្តហោះប្រដេញធុន F-18 នោះជាយន្តហោះរបស់ប្រទេសស្វ៊ីសទេ។
ក្រសួងការបរទេសបារាំងបានកោះហៅឯកអគ្គរដ្ឋទូតបារាំងប្រចាំក្រុងមូស្គូ លោក JEAN MAURICE RIPERT ដោយតវ៉ាថា យន្តហោះប្រដេញ១គ្រឿងរបស់កងទ័ពអាកាសបារាំង បានហោះឆាបក្បែរយន្តហោះដែលប្រធានសភារុស្ស៊ីលោក SERGUEI NARYCHKINE ជិះ ។ ក៏ប៉ុន្តែបន្ទាប់ពីនេះភ្លាមៗក្រសួងការបរទេសបារាំងអះអាងថា យន្តហោះនេះជាយន្តហោះស្វ៊ីស ហើយពុំមែនយន្តហោះបារាំងទេ ។ ក្រសួងការបរទេសបារាំងអះអាងថា វាជាយន្តហោះស្វ៊ីសធុន F-18 ។
ក្រសួងការពារប្រទេសស្វ៊ីសអះអាងថា នេះពិតជាយន្តហោះស្វ៊ីស១គ្រឿងដែលហោះទៅក្បែរយន្តហោះរបស់ប្រធានសភារុស្ស៊ី ដើម្បីធ្វើការត្រួតពិនិត្យជាទម្លាប់ ។ អ្នកនាំពាក្យក្រសួងនេះលោក PETER MINDER ថ្លែងថា បែបនេះជានីតិវិធីស្តង់ដាមួយនៃការត្រួតពិនិត្យ ។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រីម៉ារីយ៉ា ហ្សាខារ៉ូវ៉ា គូសបញ្ជាក់នាវេលាល្ងាចថា ក្រុងមូស្គូបានសុំទោសតាមផ្លូវការទូត ចំពោះក្រុងប៉ារីសលើការយល់ច្រឡំនេះ ៕
ចែករំលែកព័តមាននេះ