យោងតាមតួលេខផ្លូវការផ្តល់ឱ្យដោយប្រទេសចំនួន៣១ កាលពីថ្ងៃទី១៩ តុលា ថា តុល្យការនៃការជាន់គ្នាក្នុងឱកាសធ្វើធម្មយាត្រានៅក្រុងឡាម៉ិចអារ៉ាប៊ី សាអ៊ូឌីត ចំនួនអ្នកស្លាប់ឡើងដល់យ៉ាងតិច១.៨៤៩នាក់ ។ នេះគឺជាគ្រោះមហន្តរាយដែលមានមនុស្សស្លាប់ច្រើនបំផុតនៃប្រវត្តិសាស្ត្របុណ្យហាជិ ។
ចាប់តាំងពីចេញតុល្យការផ្លូវការមួយពីមនុស្សស្លាប់ត្រឹម៧៦៩នាក់ ផ្តល់ឱ្យកាលពីថ្ងៃទី២៦ កញ្ញា ពីរថ្ងៃក្រោយសោកនាដកម្មមក អាជ្ញាធរអារ៉ាប៊ី សាអ៊ូឌីត លែងផ្តល់តួលេខថ្មីៗទៀត ។
យោងតាមបណ្តារដ្ឋាភិបាល និងបណ្តាគណៈកម្មាធិការធម្មយាត្រាជាតិថា ចំនួនអ្នកស្លាប់មានច្រើនជាងទ្វេដង បើប្រៀបធៀបទៅនឹងតួលេខផ្លូវការរបស់អារ៉ាប៊ី សាអ៊ូឌីត ។ ចំណែកអ្នកធ្វើធម្មយាត្រាជាច្រើននាក់នៅតែបាត់ខ្លួនចាប់តាំងពីការជាន់គ្នានេះដែលកើតក្នុងឱកាសនៃពិធីគប់ដុំថ្មលើជញ្ជាំងឥដ្ឋតំណាងឱ្យព្រាយបិសាចហៅសាតង់ នៅក្រុងមីណា ជិតក្រុងឡាម៉ិចមក ។
សោកនាដកម្មធ្ងន់ធ្ងរបំផុតមុននេះ កើតមានក្នុងឱកាសនៃមហាធម្មយាត្រារបស់សាសនិកអ៊ិស្លាមកាលពីថ្ងៃទី២ កក្កដា ឆ្នាំ១៩៩០ ពេលមានការផ្អើលជាន់គ្នាស្លាប់ក្នុងផ្លូវរូងក្រោមដីមួយនៃទីក្រុងមីណា ដែលបណ្តាលឱ្យមនុស្សស្លាប់១.៤២៦នាក់ ភាគច្រើនជាអ្នកធ្វើធម្មយាត្រាមកពីអាស៊ី ៕
ចែករំលែកព័តមាននេះ