រាជធានីភ្នំពេញ ៖ រយៈពេល៥ថ្ងៃមកហើយដែលកីឡាករល្បីឈ្មោះវង្ស ណយ បានសម្ងំបួសជាសាមណេរ ក្រោយពីលោកឡើងប្រកួតដណ្ដើមខ្សែក្រវាត់របស់ក្រុមហ៊ុនខារ៉ាបាវវគ្គ២ ហើយត្រូវគូប្រជែងទម្លាក់ឲ្យធ្លាក់មុនវគ្គផ្ដាច់ព្រ័ត្រ ។ តាមគម្រោងលោកបួសតែ៧ថ្ងៃប៉ុណ្ណោះ រាប់ចាប់តាំងពីថ្ងៃសាងផ្នួស ប៉ុន្តែជំហរចុងក្រោយគឺទំនងជាបន្តរហូតដល់ថ្ងៃចេញវស្សានៅដំណាច់ខែតុលានេះ ។
ក្នុងចំណោមកីឡាករល្បីឈ្មោះទាំងអស់់មានតែកីឡាករវង្ស ណយ ម្នាក់ប៉ុណ្ណោះ ដែលបានសម្រេចចិត្តសាងផ្នួស ហើយបើទោះជាលោកប្រឹងលាក់ព័ត៌មានចេញទៅបួសរបស់ខ្លួនមិនឲ្យគេដឹងក៏រឿងនេះនៅតែបែកធ្លាយ ដោយសារតែលោកគឺជាកីឡាករល្បីឈ្មោះ និងមានការគាំទ្រខ្លាំង ។ មានការសរសើរយ៉ាងច្រើនបន្ទាប់ពីដឹងថាកីឡាករដែលមានចិត្តដែក និងពោរពេញដោយភាពរឹងមាំមិនទន់ជ្រាយដូចលោកបានសម្រេចចិត្តទៅបួសដើម្បីរម្ងាប់ចិត្តឲ្យស្ងប់។ លោកបានសារភាពថា ការសាងផ្នួសមានជាប់ពាក់ព័ន្ធនឹងបញ្ហាស្មុគស្មាញ និងដើម្បីបានលាបំណន់ ។ លោកហាក់មិនច្បាស់ពីជំហរក្នុងអាជីពប្រដាល់ក្រោយពេលលាចាកសិក្ខាបទវិញទេ បន្ទាប់ពីការប្រកួតរបស់លោកទើបតែត្រូវបាត់បង់ឱកាសធ្វើជាម្ចាស់ខ្សែក្រវាត់រហូតដល់ទៅ២ដងនាពេលចុងក្រោយ ។ កីឡាកររូបនេះត្រូវគេមើលឃើញថា ធ្លាក់ដៃជាងមុនហើយបណ្ដាលឲ្យគូប្រជែងរួមអាជីពមានប្រៀបល្អជាង នាពេលចុងក្រោយ ។
សាមណេរវង្ស ណយ អះអាងថា លោកបួសកាលពីថ្ងៃទី១៦ តុលា ដោយមិនមានបំណងឲ្យព័ត៌មានរបស់ខ្លួនមួយនេះមានការដឹងឮច្រើននោះទេ ។ លោកបួសនៅវត្តដែលមានឈ្មោះថា «រតនសោភ័ណ» ស្ថិតនៅទីរួមខេត្តប៉ៃលិនជាស្រុកកំណើតដោយអះអាងថាចង់បំពេញបំណងមួយចំនួន ពិសេសគឺចង់ស្ងប់ចិត្តពីភាពស្មុគស្មាញ ។ លោកមានសង្ឃដីកាថា ៖«អាត្មាមកបួសហ្នឹងទី១ ដើម្បីបានសងគុណឪពុកម្ដាយ ទី២ដើម្បីបានលាបំណន់ព្រោះកន្លងមកអាត្មាធ្លាប់បន់ថានឹងបួស និងទី៣-គឺអាត្មាចង់ឲ្យស្ងប់ចិត្តនៅក្នុងព្រះពុទ្ធសាសនា» ។ ចំពោះជំហរសឹកវិញ លោកថាគឺមានគម្រោងបួសតែរយៈពេលមួយអាទិត្យប៉ុណ្ណោះ ប៉ុន្តែក្រោយការបួសរៀនហាក់ធ្វើឲ្យមានភាពជ្រះថ្លា ទើបមិនទាន់កំណត់ថ្ងៃសឹកទេ។ តាមភាពជាក់ស្ដែង បើលោកចង់សឹកត្រូវរង់ចាំរហូតដល់ចេញវស្សា គឺថ្ងៃទី២៧ តុលា ចុងខែនេះ ដើម្បីឲ្យស្របនឹងប្រវេណីព្រះពុទ្ធសាសនាដែលមិនឲ្យសឹកមុនថ្ងៃចេញវស្សា។ សាមណេរវង្ស ណយ មានសង្ឃដីកាថា ៖«គម្រោងអាត្មាមកបួសហ្នឹងគឺតែមួយអាទិត្យទេ ប៉ុន្តែមើលទៅប្រហែលជាសឹកអត់ទាន់កើតទេ ព្រោះមុនវស្សា អញ្ចឹងអាត្មាអត់អីទេ បើលោកឱ្យសឹកថ្ងៃណាថ្ងៃហ្នឹង!» ។ រាប់ទាំងថ្ងៃសាងផ្នួសគឺមានន័យថា លោកបួសបានរយៈពេលកន្លះខែទម្រាំដល់ថ្ងៃ២៧ តុលា ដែលជាថ្ងៃចេញវស្សា ។ ជាមួយនឹងអាជីពប្រដាល់ក្រោយពេលលាចាកសិក្ខាបទលោកសុំមិនបញ្ជាក់ទេ ក្នុងពេលលោកអះអាងថាមានអារម្មណ៍នឿយណាយ ដោយសារតែឱកាសទទួលបានផ្លែផ្កាមិនសូវបានដូចបំណងបែបនេះ។ លោកថា៖«អាត្មាមកបួសហ្នឹងសំខាន់បំផុតគឺចង់ឲ្យអារម្មណ៍ស្ងប់ ។ អាត្មាសុខចិត្តរត់មកបួសដល់ស្រុកកំណើតហ្នឹង (ប៉ៃលិន) គឺអត់ចង់ឲ្យមានអ្នកណាដឹងឮច្រើនទេ ។ ចំពោះគម្រោងថាសឹកហើយត្រូវប្រដាល់ឲ្យស៊ប់ ឬយ៉ាងណា អាត្មាសុំអត់និយាយទេ ព្រោះអាត្មាអត់ចង់ប៉ះពាល់អារម្មណ៍ក្នុងពេលបួសហ្នឹង!» ។
នេះជាការសាងផ្នួសលើកដំបូងនៅក្នុងជីវិតរបស់កីឡាករវង្ស ណយ បន្ទាប់ពីពេលកន្លងមកលោកអះអាងថា មានបំណងមកបួសបែបនេះច្រើនលើកមកហើយ ប៉ុន្តែចេះតែមានសម្ពាធរារាំង ។ បើកុំតែត្រូវទទួលខុសត្រូវរឿងកូនប្រពន្ធលោកថាចង់បួសជារៀងរហូតបើតាមតែការនឿយណាយនៅក្នុងជីវភាព ។ លោកថា មុនពេលសាងផ្នួសលោកបានបញ្ចប់ការប្រកួតនៅក្នុងព្រឹត្តិការណ៍ប្រដាល់កុងត្រានៅប៉ុស្ដិ៍បាយ័នអស់ហើយ ដោយលទ្ធផលចុងក្រោយគឺបានធ្វើឲ្យលោករបូតឱកាសដណ្ដើមខ្សែក្រវាត់ខារ៉ាបាវរហូតដល់ទៅ២លើក ។ លោកសារភាពថា កម្លាំង និងថាមពលក្រោយពេលវិលត្រឡប់មកប្រដាល់វិញ មិនសូវខ្លាំងក្លាដូចប៉ុន្មានឆ្នាំមុននោះទេ ដោយសារតែការហូបចុក និងស្ថានភាពជីវភាពមិនសូវល្អ ។ ពាក់ព័ន្ធនឹងរឿងធ្លាក់ដៃនេះ លោកធ្លាប់បានបញ្ជាក់ជាចំហមុនបួសជាសង្ឃថា៖«ការប្រដាល់គឺជាជីវិត និងជាក្ដីស្រឡាញ់របស់ខ្ញុំ ប៉ុន្តែដល់ពេលយើងហូបអត់គ្រប់គ្រាន់ ហើយឡើងវ៉ៃទៅមិនសូវបានដូចចិត្តអញ្ចឹងធ្វើឱ្យយើងនឿយណាយ ប៉ុន្តែខ្ញុំអត់ចោលទេ គឺនៅតែចង់តស៊ូ!»។ កីឡាករវង្ស ណយ បានសារភាពថា ស្ថានភាពខ្វះខាតផ្នែកជីវភាព និងការហូបចុកមិនគ្រប់គ្រាន់ គឺជាហេតុផលតែមួយគត់ដែលធ្វើឲ្យការប្រកួតរបស់លោកប៉ុន្មានលើកចុងក្រោយមិនទទួលបានផ្លែផ្កា ។
គួរបញ្ជាក់ថា វង្ស ណយ បានសម្រេចចិត្តសាងផ្នួសបន្ទាប់ពីលោកមានបំណងចង់បានខ្សែក្រវាត់ជើងឯកខារ៉ាបាវហើយទទួលបរាជ័យ។ ជាមួយនឹងភាពចម្រូងចម្រាសមិនចេះមិនចប់ហើយ កីឡាករវង្ស ណយ ធ្លាប់អះអាងថា បានធ្វើឲ្យលោកកើតឡើងនូវអារម្មណ៍នឿយណាយនឹងអាជីពយ៉ាងខ្លាំង ទើបលោកសម្រេចចិត្តទៅបួសដោយមិនមានអារម្មណ៍សោកសង្រេងរឿងមិនបានបន្តឡើងដណ្ដើមខ្សែក្រវាត់នោះឡើយ ៕





ចែករំលែកព័តមាននេះ