យោងតាម YONHAP ថា ពលរដ្ឋកូរ៉េខាងត្បូងជាច្រើនរយនាក់នាថ្ងៃទី២០ តុលា បានធ្វើដំណើរទៅកាន់កូរ៉េខាងជើង ដើម្បីជួបជាមួយសាច់ញាតិគ្រួសារពួកគេដែលព្រាត់គ្នា ចាប់តាំងពីជាង៦០ឆ្នាំមកហើយ ក្រោយការពុះបំបែកឧបទ្វីបកូរ៉េ ។
ក្រុមដំបូងមានសមាជិកប្រមាណជា៣៩០នាក់នៃគ្រួសារកូរ៉េខាងត្បូងចំនួន៩៦គ្រួសារ ត្រូវទៅដល់ភ្នំ KUMGANG ដើម្បីជួបជាមួយសាច់ញាតិពួកគេពីថ្ងៃទី២០ ទៅ២២ តុលា ក្នុងពិធីជួបជុំគ្នានៅទីនោះ ។ នេះជាការជួបជុំសាច់ញាតិព្រាត់គ្នាលើកដំបូងចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០១៤ មក ដែលជាលទ្ធផលនៃកិច្ចព្រមព្រៀងសម្រេចបានរវាងកូរ៉េទាំង២ កាលពីថ្ងៃទី២៥ សីហា កន្លងមកនេះ ដើម្បីកាត់បន្ថយភាពតានតឹងខាងយោធា ហើយឱ្យមានការជួបជុំសាច់ញាតិគ្រួសារព្រាត់គ្នាឡើងវិញ ។
ក្រុមគ្រួសារកូរ៉េខាងត្បូងទាំងនេះនឹងជួបជាមួយបណ្តាសមាជិកនៃគ្រួសារពួកគេដែលរស់នៅកូរ៉េខាងជើង៦លើក នៅលើភ្នំទេសចរណ៍ KUMGANG ដែលការធ្វើដំណើរទៅកាន់ទីនោះជិះរថយន្តត្រឹមប្រមាណ៣០នាទីពីទីក្រុងឆ្នេរសមុទ្រ SOKCHO ។
រឿងសាច់ញាតិគ្រួសារព្រាត់គ្នាជារឿងមនុស្សធម៌បន្ទាន់មួយ ព្រោះភាគច្រើននៃសមាជិកគ្រួសារព្រាត់គ្នានៅរស់រានមានជីវិតមានអាយុចាប់ពី៨០ឆ្នាំ ឬលើសពីនេះទៅទៀត ។ ប្រមាណពាក់កណ្តាលនៃមនុស្ស១២៩.៧០០នាក់ ដែលស្នើជួបសាច់ញាតិព្រាត់គ្នានៅកូរ៉េខាងជើងបានស្លាប់បាត់ទៅហើយ ៕
ចែករំលែកព័តមាននេះ