ខេត្តក្រចេះ ៖ ប៉ូលិសស្រុកស្នួលឱ្យដឹងថា បុរស៤នាក់ក្នុងចំណោម៦នាក់ ត្រូវកម្លាំងប៉ូលិសឃាត់ខ្លួនបានភ្លាមៗ ខណៈពួកគេនាំរថយន្តកូរ៉េ២គ្រឿងមកធ្វើសកម្មភាពលួចបូមជ័រកៅស៊ូធ្វើថ្នល់ តែមិនបានសម្រេច ។
អធិការនគរបាលស្រុកស្នួល លោកចាន់ សុគីម ឱ្យដឹងថា ជនសង្ស័យទាំង៤នាក់ ត្រូវប៉ូលិសបង្ក្រាបបានកាលពីវេលាយប់ថ្ងៃទី១៩ តុលា ខណៈពួកគេទាំងបួននាក់បានសកម្មភាពលួចបូមយកជ័រកៅស៊ូធ្វើថ្នល់ពីការដ្ឋានធ្វើថ្នល់មួយកន្លែងរបស់មន្ទីរសាធារណការ លើដងផ្លូវជាតិលេខ៧៦A ក្នុងឃុំ២ធ្នូ ស្រុកស្នួល ។
ជនសង្ស័យទាំង៤នាក់ ១-ឈ្មោះសោ នន់ អាយុ២២ឆ្នាំ ២-ឈ្មោះគង់ សុភ័ក្ក អាយុ២៦ឆ្នាំ ៣-ឈ្មោះជ្រុញ ប៊ុនថន អាយុ២៥ឆ្នាំ និង៤-ឈ្មោះចក់ សុភស់ អាយុ២២ឆ្នាំ ជនទាំង៤នាក់ មានទីលំនៅខេត្តកំពង់ស្ពឺ ។
លោកវរសេនីយ៍ទោ ចាន់ សុគីម បានបញ្ជាក់ថា បន្ទាប់ពីទទួលព័ត៌មានរាយការលើជនមុខសញ្ញាទាំង៦នាក់នេះ បានដាក់កម្លាំងឃ្លាំមើល ក៏បានឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ បន្ទាប់ពីជនសង្ស័យ២នាក់ ជាបក្សពួកបានរត់គេចខ្លួន ។


ចែករំលែកព័តមាននេះ