យោងតាមបណ្តាអ្នកទទួលខុសត្រូវប៉ាគីស្ថានថា មនុស្សយ៉ាងតិច១១នាក់ ក្នុងនោះមាននារី និងកុមារច្រើននាក់ផងបានត្រូវស្លាប់ ហើយ២២នាក់ទៀតរងរបួស កាលពីយប់ថ្ងៃទី១៩ តុលា ក្នុងការវាយប្រហារភេរវកម្មដោយគ្រាប់បែកមួយប្រឆាំងរថយន្តបឺស១គ្រឿងនៅទីក្រុងកេតា ភាគនិរតីប៉ាគីស្ថាន ។
លោក ALMISH KHAN អគ្គអធិការប៉ូលិសនិយាយថា គ្រាប់បែកដាក់ម៉ោងកំណត់ផ្ទុះ១គ្រាប់ត្រូវបានគេដាក់ជាប់នឹងរថយន្តនេះ ហើយគ្រាប់បែកបានផ្ទុះនៅចំណតតាមវិថី SARIAB ROAD ក្រុងកេតា ទីប្រជុំជនខេត្តបាលូជីស្ថានភាគនិរតីប្រទេស ។ លោកបញ្ជាក់ថា គ្រឿងផ្ទុះប្រមាណជា៥គីឡូក្រាម ត្រូវបានប្រើសម្រាប់ផលិតគ្រាប់បែកច្នៃនេះ ដែលគេយកដាក់នៅផ្នែកខាងក្រោយរថយន្ត ។ រថយន្តបឺសនេះដឹកអ្នកដំណើរ៤០នាក់ ហើយហៀបនឹងចាកចេញពីចំណតពេលគ្រាប់បែកផ្ទុះ ។ ក្រៅពីអ្នកស្លាប់ មនុស្សយ៉ាងតិច៨នាក់ដែលរបួសស្ថិតក្នុងសភាពធ្ងន់ធ្ងរ ។ ប៉ូលិសបានឡោមព័ទ្ធតំបន់ផ្ទុះ ដើម្បីធ្វើការស៊ើបអង្កេតលើការវាយប្រហារនេះ ដែលនៅពុំទាន់មានក្រុមណាប្រកាសទទួលខុសត្រូវនៅឡើយ ៕
ចែករំលែកព័តមាននេះ