អ្នកទទួលខុសត្រូវប៉ូលិសម្នាក់រាយការណ៍ថា អគ្គិភ័យយ៉ាងធំមួយបានបំផ្លាញផ្ទះជាង៣០០ខ្នង កាលពីថ្ងៃទី១៩ តុលា នៅតំបន់ជាយក្រុងញូវដែល្លី រដ្ឋធានីឥណ្ឌា ។
អ្នកទទួលខុសត្រូវប៉ូលិសរូបនោះអះអាងថា ទោះបីយ៉ាងនេះក្តី មានមនុស្សតែម្នាក់គត់ត្រូវរបួសស្រាលក្នុងអគ្គីភ័យនេះ ។ ភ្លើងបានឆាបឆេះរាលដាលនៅសង្កាត់ម៉ាន់ហ្គោល ពូរី នាព្រឹកព្រលឹម ហើយក្រុមពន្លត់ភ្លើងប្រើពេលជិត២ម៉ោងទើបអាចពន្លត់ភ្លើងបាន ។
បណ្តាទូរទស្សន៍ក្នុងស្រុករាយការណ៍ថា ប្រជាជានជាង១.៥០០នាក់ នៃតំបន់ជាយក្រុងនេះអាចរត់គេចចេញពីផ្ទះពួកគេទាន់ ទើបអាចចៀសផុតបានពីសោកនាដកម្មមួយ ។ អាជ្ញាធរក្រុងញូដែល្លីបានប្រកាសពីការជួយជាបន្ទាន់ដល់ជនរងគ្រោះ ។
ការស៊ើបអង្កេតមួយត្រូវបានបើកធ្វើលើឧប្បត្តិហេតុនេះ រួចលទ្ធផលដំបូងនៃការស៊ើបអង្កេតអះអាងថា អគ្គីភ័យនេះបណ្តាលមកពីការទុស្សេខ្សែភ្លើង ៕


ចែករំលែកព័តមាននេះ