រាជធានីភ្នំពេញ ៖ នៅលើបណ្តាញទំនាក់ទំនងសង្គម (Facebook) Page ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានសរសេរបង្ហោះនៅរសៀលថ្ងៃទី២០ តុលា ២០១៥ មានខ្លឹមសារទំាងស្រុងដូចតទៅ ៖ ” រាជរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ឋសភា បានខិតខំប្រឹងប្រែងរួមគ្នាបម្រើប្រទេសជាតិ ដោយធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និង ស្ថិរភាពនយោបាយសង្គមបានល្អ ទើបធ្វើអោយប្រទេសយើងកាន់តែរីកលូតលាស់ទៅមុខ ។ ជាពិសេសបំផុតនោះ គឺកម្ពុជាមានព្រះមហាក្សត្រដ៏ឆ្នើមបំផុត ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់យ៉ាងខ្លាំងចំពោះប្រជារាស្រ្តព្រះអង្គ ដែលបានធ្វើអោយសង្គមជាតិទាំងមូលមានភាពសុខសាន្ត ។
កន្លងទៅ ទោះបីរាជរដ្ឋាភិបាលខិតខំអភិវឌ្ឍន៍កសាងសមិទ្ឋិផលអ្វី ក៏បុគ្គលប្រឆាំងជ្រុលមួយចំនួនមិនបានសាទរដែរ មានតែការនិន្ទារប្រមាថ។ រីឯចំពោះការបើកឧិកាសអោយមានការរិះគន់វិញ គឺ សម្តេចតេជោ បានបើកចំហទូលាយអោយមានការចូលរួមរិះគន់ស្ថាបនាក្នុង Facebook សម្តេចផ្ទាល់ ។ មានតែមេបក្សប្រឆាំងទេ ដែលបំបិទ (Blocked) មិនអោយមានអ្នកចូលរិះគន់ ។ តែក្រុមប្រឆាំងជ្រុលនិយមមួយចំនួន បានយកឧិកាសនេះវាយប្រហារជេរប្រមាថរហូតដល់អាយុជីវិតសម្តេចទៀតផង ។ តើនេះឬជាការរិះគន់ស្ថាបនា? តើបើកទូលាយប៉ុណ្ណឹងហើយមិនទាន់គ្រប់គ្រាន់ទៀត? សម្តេចតេជោមិនបានគំរាមអ្នកណាឡើយ ប៉ុន្តែបើលេងកុំខឹង បើខឹងកុំលេង ។ រឿងនេះមិនទាន់ចប់ទេ បើអ្នកទាំងនោះចង់បន្តលេងបាន។ សម្តេចតេជោ អាចកំដរលេងគ្រប់ទម្រង់ គ្រប់រដូវកាលទាំងអស់ និងគ្រប់រសជាតិក្តៅ ត្រជាក់ ផ្អែម ល្វីង ជូរ ចត់ ។ នេះជាជម្រើសរបស់ពួកគេ ថាតើចូលរួមកសាងអភិវឌ្ឍន៍ប្រទេសដោយសុទ្ឋចិត្ត ឬបន្តលេងល្បែងគ្រោះថ្នាក់អន្តរាយទាំងនេះតទៅទៀត ។
សម្តេចតេជោ ហ៊ុន សែន ជានិច្ចជាកាលគឺខិតខំបម្រើប្រទេសជាតិដោយសុទ្ឋចិត្ត មិនគិតពីសុខភាព និងការនឿយហត់ ហើយខំប្រឹងបំពេញនូវសេចក្តីត្រូវការនិងកង្វះខាតរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែងទូទាំងប្រទេស។ សំខាន់សម្រាប់សម្តេចពេលនេះ គឺប្រជាពលរដ្ឋមានទឹកគ្រប់គ្រាន់ធ្វើស្រែ មានការងារធ្វើ មានបាយទទួលទាន មានផ្លូវ ធ្វើដំណើរ មានសាលារៀនសម្រាប់កូនចៅរៀនសូត្រនិងរស់នៅដោយសុខដុមរម្យនា “៕







ចែករំលែកព័តមាននេះ