រាជធានីភ្នំពេញ ៖ បើមិនមានការប្រែប្រួលទេនោះ នៅរសៀលថ្ងៃទី២១ តុលា ២០១៥ លោកប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវជាភរិយា, លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងអញ្ជើញចូលរួមក្នុងពិធីក្រុងពលី និងអភិសេករូបសំណាកព្រហ្មបាយ័នមុខ៤នៅរង្វង់មូលគល់ស្ពានជ្រោយចង្វារត្រើយខាងកើតដើម្បីសុំម្ចាស់ទឹកម្ចាស់ដី និងសុំសេចក្តីសុខទៅតាមទំនៀមទំលាប់ប្រពៃណីនៅមុនពិធីសម្ពោធស្ពានជ្រោយចង្វារទី២ជាផ្លូវការដែលគ្រោងធ្វើនៅថ្ងៃទី២២ តុលា ២០១៥ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន។
មន្ត្រីសាលារាជធានីភ្នំពេញឲ្យដឹងថា រូបសំណាកព្រហ្មបាយ័នដែលត្រូវសម្ពោធនាពេលនេះ យកលំនាំដើមតាមពីប្រាសាទបាយ័នក្នុងខេត្តសៀមរាបធ្វើពីថ្មភ្នំយកពីខេត្តព្រះវិហារកាត់ឆ្លាក់ដាប់ជាដុំៗបន្តុបលើគ្នាមានកំពស់៩,១៨ម៉ែត្រ, ទទឹង៦ម៉ែត្រកន្លះ។
រូបចំលាក់នេះតំណាងឲ្យព្រះភ័ក្ត្ររបស់ព្រះលោកេស្វរៈ ជាព្រះពោធិ៍សត្វនៃព្រះពុទ្ធសាសនាមហាយាន ដែលមានមហាករុណាចំពោះមនុស្សគ្រប់ទិសទាំង៤ប្រកបដោយព្រហ្មវិហារធម៌៤គឺ មេត្តា, ករុណា, មុទិតា, ឧបេខា ។
មន្ត្រីដដែលបានបញ្ជាក់ថា ព្រហ្មវិហារធម៌ទាំង៤ គឺជាមូលដ្ឋានសំខាន់សំរាប់ស្ថាបនានូវសុខសន្តិភាព និងវប្បធម៌អំពើហិង្សាក្នុងសង្គមខ្មែរ ជាមួយគ្នានេះក៏នៅមានសួនច្បារកាំភ្លើងកួចកាណុងស្ថិតនៅត្រើយខាងលិចគល់ស្ពានជ្រោយចង្វារដែលសាលារាជធានីភ្នំពេញទើបបានកែលំអយ៉ាងស្រស់ស្អាតដែលជានិមិ្មត្តរូបនៃការបញ្ចប់សង្គ្រាមនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍ ហើយសួនច្បារកួចកាណុងនេះ ត្រូវបានសាលារាជធានីភ្នំពេញជួសជុលកែលំអដោយរចនាជារាងត្របកផ្កាឈូកពទ្ធ័ជុំវិញចំណុចកណ្តាលកាំភ្លើងកួចកាណុងមានច្រកចេញ-ចូលចំនួន៣កន្លែងក្រាលកំរាលថ្មើរជើងដោយថ្មក្រានីត, រៀបបង្គោលភ្លើង ដាំស្មៅ ដាំផ្កាប្រពន្ធ័ទឹក ប្រពន្ធ័ភ្លើងយ៉ាងល្អជាទីទាក់ទាញសំរាប់ភ្ញៀវទេសចរជាតិ អន្តរជាតិ ក៏ត្រូវសម្ពោធដំណាលគ្នានឹងស្ពានជ្រោយចង្វារនេះដែរ។
គួររំលឹកថា ស្ពានជ្រោយចង្វារទី២បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២ វិច្ឆិកា ២០១១ មានប្រវែង៧១៩ម៉ែត្រ ចំណាយពេលសាងសង់៣៨ខែ និងចំណាយថវិកាប្រមាណ២៧.៥០០.០០០ដុល្លារអាមេរិក ដែលជាកំចីឥណទានរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន៕




ចែករំលែកព័តមាននេះ