ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃទី២០ តុលា ២០១៥ នៅមន្ទីរពេទ្យខេត្តស្វាយរៀង បានធ្វើពិធីសម្ពោធអគារចក្ខុរោគក្រោមអធិបតីភាពលោក តែ គុយស៊ាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោក ជៀង អំ អភិបាលខេត្ត ព្រមទាំងមានការចូលរួមពីមន្ត្រីរាជការ ពលរដ្ឋមានជំងឺភ្នែកសរុបចំនួន៦៥០នាក់ ។
លោកវេជ្ជបណ្ឌិត កែ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្ត បានឱ្យដឹងថា អគារចក្ខុរោគដែលឧបត្ថម្ភដោយអង្កការ Eye Care Foundation បានចាប់ផ្ដើមសាងសង់ថ្មីនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៥ និងបានបញ្ចប់នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥ ហើយបានដាក់ឱ្យដំណើរការបណ្ដោះអាសន្នចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៥ កន្លងទៅនេះ ។
អគារចក្ខុរោគថ្មីនេះចំណាយអស់ទឹកប្រាក់ជាង១៤ម៉ីនដុល្លារអាមេរិក ដោយមានបណ្ដោយប្រវែង២៥ម៉ែត្រ ទទឺង១២ម៉ែត្រ កម្ពស់១ជាន់ និងមានគ្រឹះសម្រាប់៣ជាន់ ដែលមានបន្ទប់វះកាត់១ បន្ទប់ចាក់ថ្នាំសន្ដំ ឬថ្នាំស្ពឹក១ បន្ទប់ធំសម្រាប់អ្នកជំងឺសម្រាកព្យាបាល១ បន្ទប់ស្ទេរីល១ បន្ទប់ពិសេសVIPអ្នកជំងឹសម្រាកព្យាបាល១ បន្ទប់វាស់វ៉ែនតា១ បន្ទប់ពិនិត្យជំងឺក្រៅ១ បន្ទប់ ASCAN LESER ១ បន្ទប់បុគ្គលិកធ្វើការចំនួន១ បន្ទប់ចុះឈ្មោះ១ បន្ទប់រង់ចាំ១ និងបន្ទប់ទឹកបង្គន់អនាម័យ៦ផងដែរ ។
លោក តែ គុយស៊ាង បានកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃមន្ទីរសុខាភិបាលខេត្ត ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការជួយដល់អាយុជីវិតប្រជាជន ពិសេសជនក្រីក្ររស់នៅជនបទដាច់ស្រយាល ។ ទាំងនេះជាសកម្មភាពមនុស្សធម៌មួយមិនអាចកាត់ថ្លៃបាន ហើយក៏ជាដំណើរការមួយចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិផងដែរ ។
លោក ជៀង អំ បានថ្លែងអំណរគុណដល់អគ្គនាយកអង្គការខាងលើ ដែលបានជួយឧបត្ថម្ភអគារចក្ខុរោគដល់មន្ទីរពេទ្យខេត្តស្វាយរៀង ជាលើកដំបូងហើយ ដែលមន្ទីរពេទ្យខេត្ត មានអគារសម្រាប់ពិនិត្យ និងព្យាបាលជំងឺភ្នែក (ចក្ខុរោគ) ដល់ប្រជាពលរដ្ឋ ព្រមទាំងមានបំពាក់ឧបករណ៍សម្ភារទំនើបៗ និងមានកាត់វ៉ែនតាជូនអ្នកជំងឺ ៕






ចែករំលែកព័តមាននេះ