រាជធានីភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់បាក់ជើងខាងឆ្វេង ដោយសារតែរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបើកក្នុងល្បឿនលឿនបុកពីក្រោយពេញទំហឹង កាលពីវេលាម៉ោង១២និង៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២០ តុលា ២០១៥ នៅតាមបណ្តោយមហាវិថីសហព័ន្ឋរុស្ស៊ី ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូស្មាសវីមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខកំពត1G-3013 ដោយជិះតាមបណ្តោយមហាវិថីសហព័ន្ឋរុស្សី ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបើកក្នុងល្បឿនលឿនទិសដៅស្របគ្នាបុកចំពីក្រោយពេញទំហឹង បណ្តាលឱ្យបុរសម្ចាស់ម៉ូតូប៉ើងហោះចេញពីម៉ូតូរងរបួសធ្ងន់បាក់កជើងខាងឆ្វេង ចំណែករថយន្តបង្កបានបន្ថែមល្បឿនបើកគេចខ្លួនបាត់ស្រមោល ។ ភ្លាមៗនោះ បុរសរងគ្រោះស្រែកទ្រហោយំ និងស្រែកសុំឱ្យគេជួយ តែមិនមានប្រជាពលរដ្ឋណាម្នាក់ហានជួយនោះទេ ព្រោះតែសភាពជើងបុរសនោះមានរងរបួសធ្ងន់ខ្លាំងពេក បានត្រឹមជួយហៅរថយន្តសង្គ្រោះបន្ទាន់តែប៉ុណ្ណោះ ។
ក្រោយពេលកើតហេតុ បុរសរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍ននគរបាលចោមចៅ ដើម្បីរង់ចាំបងប្អូនជនរងគ្រោះមកទទួលយកវិញ ៕


ចែករំលែកព័តមាននេះ