ប្រទេសថៃ ៖ ក្រុមហ៊ុនអាកាសចរណ៍ Bangkok Airways បានចុះបញ្ជីក្នុងផ្សារមូលបត្រថៃ ដែលស្ថិតនៅលើផ្លូវនៃការសម្រេចឲ្យបាននូវចំណូលពេញមួយឆ្នាំរបស់ខ្លួន និងទិសដៅកំណើននៃប្រាក់ចំណេញសុទ្ធ១០% ទៅ១៥% បើទោះជាមានការប្រកួតប្រជែងយ៉ាងស្វិតស្វាញក៏ដោយ ។
ប្រធានក្រុមហ៊ុន លោក Puttipong Prasarttong ថ្លែងថា ៖ «Bangkok Airways មានការជឿជាក់ក្នុងការសម្រេចបានលើទិសដៅនៃបរិមាណអ្នកដំណើរចំនួន៥,៤លាននាក់ក្នុងឆ្នាំនេះ ដោយកើនឡើងពី៤,៧លាននាក់កាលពីឆ្នាំទៅ ។ បរិមាណអ្នកដំណើរក្នុងអំឡុងឆមាសទី១ សម្រេចបានចំនួន២,៦លាននាក់» ។
ក្នុងអំឡុងពេលដូចគ្នានេះដែរ Bangkok Airways បានចេញផ្សាយពីប្រាក់ចំណេញសុទ្ធចំនួន៩០០លានបាត កើនឡើងយ៉ាងខ្លាំងពីបរិមាណ២០០លានបាតកាលពីដើមឆ្នាំ ស្របពេលប្រទេសថៃមានស្ថេរភាពនយោបាយ ។
លោក Puttipong Prasarttong បន្តថា ៖ «សម្រាប់រយៈពេល៦ខែចុងក្រោយនេះជារដូវមានអ្នកទេសចរច្រើន ក្រុមហ៊ុនបានទទួលការកក់ទុករួចស្រេចហើយ គឺប្រមាណជិត១លាននាក់ ស្មើនឹងជិត២០% នៃបរិមាណអ្នកដំណើរដែលព្យាករទុក» ។
ក្រុមហ៊ុនគ្រោងនឹងពង្រីកបណ្តាញនៅអាស៊ានបន្ថែមទៀតក្នុងអំឡុងពេល៣ឆ្នាំទៅ៥ឆ្នាំក្រោយ ដោយផ្តោតលើការពង្រឹងជើងហោះហើររយៈពេលខ្លី និងមធ្យម គឺ៥ម៉ោងឬតិចជាងនេះ ។
លោក Puttipong Prasarttong បានពិភាក្សាលើគម្រោងប្រកបជំនួញរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ ក្នុងពេលមានការប្រកួតប្រជែងខ្លាំងក្លា ជាពិសេសពាក់ព័ន្ធនឹងជើងហោះហើរដែលមានតម្លៃ ធូរថ្លៃលុកលុយក្នុងបណ្តាញជើង ហោះហើររយៈពេលខ្លី និងមធ្យម។
ជាងនេះទៀត ការរើបឡើងនៃជើងហោះហើរមានតម្លៃធូរថ្លៃបានធ្វើឲ្យមានការក្រឡុកដល់ជើងហោះហើរពេញសេវាកម្ម ដូចជា Bangkok Airways ជាដើម ។
លោក Puttipong Prasarttong អះអាងថា ៖ «បណ្តាញផ្លូវមួយចំនួនចាំបាច់ត្រូវលុបចោល ជាពិសេសជើងហោះហើរក្នុងស្រុក ខណៈទិសដៅថ្មីចាំបាច់ត្រូវបន្ថែមដើម្បីបំពេញនូវការខ្វះចន្លោះក្នុងបណ្តាញក្នុងតំបន់» ។
ក្រុមហ៊ុនបានជ្រើសរើសការបោះបង់ចោលបណ្តាញផ្លូវរបស់ខ្លួនពីបាងកកទៅកាន់ខេត្តភាគខាងឦសានគឺ Udon Thani ដោយលើកឡើងថា ខ្លួនមិនអាចប្រណាំងប្រជែងជាមួយជើងហោះហើរតម្លៃធូរថ្លៃបានទេ ។
សម្រាប់ផែនការនៅថ្ងៃអនាគត ជាការអំពាវនាវបណ្តាញផ្លូវបន្ថែមនៅតាមបណ្តាទីក្រុងធំៗដើម្បីធានាបាននូវបណ្តាញដែលគ្របដណ្តប់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។
Bangkok Airways បានផ្លាស់ប្តូរមុខតំណែងរបស់ខ្លួនដែលមានក្នុងតំបន់ជាមួយបណ្តាញផ្លូវថ្មី គឺពីបាងកកទៅដាណាង ប្រទេសវៀតណាម ។
ក្រុមហ៊ុនអាកាសចរណ៍នេះនឹងស្វែងរកការពង្រឹងបណ្តាញរបស់ខ្លួន ដែលអនុញ្ញាតឲ្យពឹងផ្អែកលើការជួយគាំទ្ររបស់អ្នកដំណើរមកពីដៃគូអន្តរជាតិ២០ ដែលភាគច្រើនក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ក្នុងប្រទេសថៃ ។
ម្យ៉ាងទៀតក្រុមហ៊ុនក៏បានចរចាជាមួយដៃគូដែលមានសក្តានុពលជាច្រើន ដូចជា ៖ Austrian Air, China Eastern Airlines និង Korean Air ។ ចំណែកដៃគូដទៃទៀតក្នុងប្រទេសហ្វ៊ីលីពីន ក៏ស្ថិតក្នុងការចរចាដែរ ។ គ្រប់កិច្ចព្រមព្រៀងទាំងអស់ត្រូវគេរំពឹងថា នឹងមានការអនុម័តនៅឆ្នាំក្រោយ ។
បើងាកមកមើលក្នុងស្រុកវិញ Bangkok Airways នឹងចំណាយ១ប៊ីលានបាតដើម្បីសាងសង់ស្ថានីយជួសជុលយន្តហោះផ្ទាល់ខ្លួននៅអាកាសយានដ្ឋានសុវណ្ណភូមិ ដែលគ្របដណ្តប់លើផ្ទៃដី៨.០០០ម៉ែត្រក្រឡា ហើយ១ប៊ីលានបាតទៀតសម្រាប់កែទម្រង់ថ្មី និងការពង្រីកក្រុមហ៊ុនដែលគ្រប់គ្រងអាកាសយានដ្ឋាន Koh Samui ។
Bangkok Airways នឹងបង្កើនជើងហោះហើរពីបាងកកទៅកោះសាមុយ រហូតដល់ទៅ៩ជើងក្នុងមួយថ្ងៃ បើធៀបនឹង៨ជើងក្នុងមួយថ្ងៃ ជើងហោះហើរពីភូកេតទៅកោះសាមុយមានចាប់ពី៥ជើងទៅ៦ជើង និងបាងកកទៅភូកេត ចាប់ពី៨ជើងទៅ៩ជើងក្នុងមួយថ្ងៃ ។
ដោយឡែកភាគហ៊ុនរបស់ Bangkok Airways ដែលបិទការជួញដូរលើផ្សារមូលបត្រថៃ គឺស្ថិតក្នុងអត្រា២០,៧០បាត កើនឡើង៣០សែនបាតក្នុងការជួញដូរ ដែលមានទំហំទឹកប្រាក់៩៣,៣លានបាត ៕
ចែករំលែកព័តមាននេះ