ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពង់​ផែ​ស្វយ័ត​ភ្នំពេញ​នឹង​ចុះបញ្ជី​លក់​មូល​ប​ត្រ​ជា​ផ្លូវការ​នៅ​ដំណាច់ឆ្នាំ​2015

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដើម្បី​ឲ្យ​វិនិយោគិន​ជាតិ និង​អន្តរជាតិ ព្រមទាំង​សាធារណជន​ទូទៅ​ចាប់អារម្មណ៍​ក្នុង​ការ​វិនិយោគ​លើ​ការ​បោះផ្សាយ​លក់​ភាគហ៊ុន កំពង់​ផែ​ស្វយ័ត​ក្រុងភ្នំពេញ​បាន​រៀបចំ​កម្មវិធី​រ៉ូ​ដ​សូ ស្តី​ពី «​ការ​បោះផ្សាយ​លក់​មូល​ប​ត្រក​ម្មសិ​ទិ្ធ​លើក​ដំបូង​ជា​សាធារណៈ​» នា​ព្រឹក​ថ្ងៃ​ទី​១៩ តុលា នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ ភូ​គី​ត្រា ដោយ​មាន​ក្រុមហ៊ុន យាន់​តា ស៊ី​ឃ្យួ​រឹ​ធី ជា​ក្រុមហ៊ុន​ធានា​ទិញ​មូល​ប​ត្រ បាន​ផ្តល់​ការ​គាំទ្រ និង​សហការ​យ៉ាង​សកម្ម​ក្នុង​ការ​ជួយ​រៀបចំ​ដំណើរការ​នៃ​កម្មវិធី​នេះ ។

លោក ហ៊ឺ បា​វី ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​អគ្គនាយក​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា ៖ «​ការ​រៀបចំ​កម្មវិធី​រ៉ូ​ដ​សូ​នេះ​ឡើង ដើម្បី​ផ្តល់​ព័ត៌មាន​ជូន​ដល់​វិនិយោគិន​សាធារណៈ​ជាតិ និង​អន្តរជាតិ ព្រមទាំង​សាធារណជន​ទូទៅ ស្តី​ពី​ការ​បោះផ្សាយ​លក់​មូល​ប​ត្រក​ម្មសិ​ទិ្ធ​លើក​ដំបូង​ជា​សាធារណៈ​របស់​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ (​ក​.​ស​.​ភ​) ដែល​ជា​វេទិកា​ជំនួប​ដំបូង​រវាង ក​.​ស​.​ភ និង​វិនិយោគិន​សាធារណៈ​ទាំង​ទ្បា​យ​ក្នុង​ការ​ស្វែង​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក មុន​នឹង​ធ្វើការ​សម្រេចចិត្ត​វិនិយោគ​លើ​ការ​ធ្វើ​បរិវិសកម្ម​មូល​ប​ត្រក​ម្មសិ​ទិ្ធ​របស់​ខ្លួន​» ។

លោក​បន្ត​ថា ៖ «​បច្ចុប្បន្ន​នេះ ក​.​ស​.​ភ កំពុង​ធ្វើ​ប្រតិបត្តិការ​ចំណត​ផែ​សំខាន់​ៗ​ចំនួន​៤ ៖ ១-​ចំណត​ផែ​កុងតឺន័រ LM១៧ ។ ២-​ចំណត​ផែ​ពហុ​បំណង TS៣ ។ ៣-​ចំណត​ផែ​អ្នកដំណើរ និង​ទេសចរណ៍ TS១ និង​៤-​ចំណត​ផែ​ទន្លេ​បិទ UM២ រួម​នឹង​ប្រតិបត្តិការ​ចំណត​ស្តុក​កុងតឺន័រ ICD មួយ​កន្លែង ។ ក​.​ស​.​ភ បាន​និង​កំពុង​ធ្វើ​អាជីវកម្ម​ចម្បង​ៗ ដូច​ជា ការ​លើកដាក់ ផ្ទេរ​ផ្ទុក​កុងតឺន័រ និង​ទំនិញ​រាយ​សេវាកម្ម​ស្តុក​ទំនិញ រៀប​និង​រើ​ទំនិញ​ចេញចូល​កុងតឺន័រ និង​ដឹក​ជញ្ជូន​កុងតឺន័រ​នាំ​ចេញ​នាំ​ចូល​បរិវេណ​ផែ​។ បរិមាណ​កុងតឺន័រ​បាន​កើន​ទ្បើ​ង​ទ្វេ​ដង​ចាប់ពី​ចំនួន​៦២.២៥៦ TEUs ក្នុង​ឆ្នាំ​២០១០ ដល់​ចំនួន​១៣៣.៦៦៦ TEUs ក្នុង​ឆ្នាំ​២០១៤ ដែល​អត្រាកំណើន​គិត​ជា​មធ្យម​ប្រចាំឆ្នាំ​មាន​ចំនួន​២១,៥% ។ ចំណូល​បាន​កើន​ទ្បើ​ង​ទ្វេ​ដង​ក្នុង​ចំនួន​២១,២០% ។ នៅ​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ គិត​ចាប់ពី​ឆ្នាំ​២០១០-២០១៤ ដែល​មាន​ចំនួន​ពី​៦,១៦​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ឆ្នាំ​២០១០ ដល់​១៣,២៩​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ឆ្នាំ​២០១៤ ដោយ​មាន​អត្រាកំណើន​ជា​មធ្យម​ប្រចាំឆ្នាំ​» ។

លោក រស់ សីល​វ៉ា អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ប្រធាន​ក្រុមការងារ​ចម្រុះ​ដើម្បី​អនុវត្ត​គម្រោង​ធ្វើ IPO របស់​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា ៖ «​កម្មវិធី​រ៉ូ​ដ​សូ​ក្នុងថ្ងៃនេះ គឺជា​វេទិកា​ដ៏​សំខាន់​មួយ​ក្នុង​ដំណើរការ IPO របស់ ក​.​ស​.​ភ ក្នុង​គោលបំណង​សំខាន់​ដើម្បី​ធ្វើ​បទ​បង្ហាញ​ជូន​វិនិយោគិន​សាធារណៈ​ទាំងអស់​ដែល​មាន​វត្ត​មាននៅ​ទី​នេះ អំពី​ព័ត៌មាន​អាជីវកម្ម​របស់​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ រួម​មាន ប្រតិបត្តិការ​អាជីវកម្ម​ស្នូល ស្ថានភាព​ហិរញ្ញវត្ថុ និង​គម្រោង​អាជីវកម្ម​នា​ពេល​អនាគត ជា​ពិសេស​សក្តានុពល និង​ការ​ធ្វើ IPO របស់​ខ្លួន​» ។

លោក​បន្ត​ទៀត​ថា ៖ «​ការ​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ (IPO) របស់ ក​.​ស​.​ភ គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​ដែល​គូសបញ្ជាក់​ពី​ការ​ផ្លាស់​ប្តូរ​ទាំង​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ក៏​ដូច​ជា​វិស័យ​ដឹក​ជញ្ជូន និង​ឡូ​ជី​ស្ទីក ។ ខ្ញុំ​សង្ឃឹមថា ការ​ចូល​ទីផ្សារ​មូល​ប​ត្រ​របស់ ក​.​ស​.​ភ នឹង​រួម​វិភាគទាន​ដល់​កំណើន​សេដ្ឋកិច្ចជាតិ​រួម ជា​ពិសេស​ការ​អនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ឆ្នាំ​២០១៥-២០១៥ របស់​រាជរដ្ឋាភិបាល​» ។

លោក រស់ សីល​វ៉ា បន្ត​ថា ៖ «​គិត​មក​ត្រឹម​ថ្ងៃនេះ មាន​រយៈពេល​មួយ​ឆ្នាំ​កន្លះ​ប៉ុណ្ណោះ ដែល​ការ​ធ្វើ IPO របស់ ក​.​ស​.​ភ ឈាន​មក​ដល់​ដំណាក់កាល​នៃ​ការ​ធ្វើ​រ៉ូ​ដ​សូ និង Bookbuilding នា​ពេល​នេះ ដោយ​សម្រេច​បានការ​ងារ​ប្រមាណ​៨០% គ្រោង​នឹង​បញ្ចប់​ដំណើរការ​ទាំងស្រុង​តាម​ផែនការ​នៅ​ក្នុង​ខែធ្នូ ឆ្នាំ​២០១៥ ដ៏​ខ្លី​ខាង​មុខ​នេះ ។ ការ​សម្រេច​បាន​លទ្ធផល​មក​ត្រឹម​ពេល​នេះ ចាត់ទុកជា​ជោគជ័យ​មួយ​នៃ​ដំណើរការ​នៃ​ការ​ធើ្វ IPO របស់ ក​.​ស​.​ភ ព្រោះ​ក្នុង​ការ​រៀបចំ​ខ្លួន​ធ្វើ IPO របស់ ក​.​ស​.​ភ ជា​សហគ្រាស​រដ្ឋ យើង​ត្រូវ​ដោះស្រាយ​បញ្ហា​ប្រឈម​ស្មុគស្មាញ​ជា​ច្រើន​ទាំង​ក្នុង​ផ្នែក​ច្បាប់​គណនេយ្យ និង​អភិបាលកិច្ច ។ លទ្ធផល​ទាំង​អស់នេះ​ឆ្លុះ​បញ្ចាំង​ពី​ការ​ខិតខំ​ប្រឹងប្រែង និង​ឆន្ទៈ​មោះមុត​របស់​គ្រប់​ភាគី​ពាក់ព័ន្ធ ជា​ពិសេស​ថ្នាក់ដឹកនាំ​របស់ ក​.​ស​.​ភ ក្នុង​ការ​នាំ​យក ក​.​ស​.​ភ ឲ្យ​បោះផ្សាយ​លក់​មូល​ប​ត្រ​ជា​សាធារណៈ​» ។

លោក​បន្ត​ថា ៖ «​ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ក​.​ស​.​ភ នឹង​បន្ត​ដំណើរការ​នៃ​ការ​ធ្វើ IPO ទៅ​មុខ​ទៀត​ដោយ​រលូន ដើម្បី​ឈាន​ដល់​ការ​ចុះបញ្ជី​លក់​មូល​ប​ត្រ​ជា​ផ្លូវការ​នា​ដំណាច់ឆ្នាំ​២០១៥ តាម​ការ​គ្រោងទុក ។ ទន្ទឹម​នឹង​នេះ ក្រុមការងារ​ចម្រុះ​ដើម្បី​អនុវត្ត​គម្រោង​ធ្វើ IPO របស់ ក​.​ស​.​ភ បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​បន្ត​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម​នានា​ដើម្បី​សម្រេច​បាន​គោលដៅ​នេះ ។ យ៉ាងណា​ក៏​ដោយ ការ​ធ្វើ IPO របស់ ក​.​ស​.​ភ នឹង​មិន​ទទួល​បាន​ជោគជ័យ​ទេ ប្រសិនបើ​គ្មាន​ការ​គាំទ្រ និង​ការ​ចាប់អារម្មណ៍​ពី​វិនិយោគិន​ជាតិ និង​អន្តរជាតិ​ទាំងអស់​ដែល​មាន​វត្ត​មាននៅ​ទី​នេះ​» ។

លោក ស៊ូ សុ​ជាតិ អគ្គនាយក​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ៖ «​ការ​អភិវឌ្ឍ​ទីផ្សារ​មូល​ប​ត្រ​របស់​យើង​កំពុង​បន្ត​ដើរ ថ្វី​ដ្បិត​នៅ​មាន​ភាព​យឺតយ៉ាវ​បន្តិច ប៉ុន្តែ​យើង​បាន​ឆ្ពោះទៅ​មុខជា​និច្ច ។ ការ​ធ្វើ Bookbuilding ពេល​នេះ​ផ្អែក​ទៅ​លើ​ផែនទី​បង្ហាញផ្លូវ​ដែល​ហៅ​ថា យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។ កំពង់​ផែ​ស្វយ័ត​ភ្នំពេញ ជា​សហគ្រាស​សាធារណៈ​ទី​២ ដែល​បាន​បោះផ្សាយ​លក់​មូល​ប​ត្រ​ជា​សាធារណៈ ហើយ​ក៏​ជា​ការ​ចាប់ផ្តើម​បន្ថែម​នូវ​ទម្ងន់​លើ​ទីផ្សារ​របស់​យើង​ឱ្យ​កាន់តែ​មាន​ភាពរឹងមាំ​បន្ថែម​ទៀត ។ ថ្ងៃនេះ​ជា​ការ​បើក​ទំព័រ​ថ្មី ហើយ​ទំព័រ​ថ្មី​នេះ​នឹង​បង្ហាញ​ពី​ក្រុមហ៊ុន​ដែល​បាន​បោះផ្សាយ​លក់​មូល​ប​ត្រ​ជា​បន្តបន្ទាប់​ផង​ដែរ​» ។

បើ​តាម​លោក ហ៊ឺ បា​វី អគ្គនាយក​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ មាន​ប្រសាសន៍​បញ្ជាក់​ថា ៖ «​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ​នឹង​បោះផ្សាយ​លក់​មូល​ប​ត្រ​លើ​ទី​១ ក្នុង​ភាគហ៊ុន​ជាង​៤​លាន​ហ៊ុន ហើយ​លើក​ទី​២ អាច​បន្ថែម​២​លាន​ហ៊ុន ស្មើនឹង​១០% នៃ​ភាគហ៊ុន​សរុប​របស់​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ ។ តម្លៃ​លក់​ភាគហ៊ុន​របស់​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ ក្នុង​មួយ​ហ៊ុន​មាន​តម្លៃ​ចាប់ពី​១.០៨​ដុល្លារ​ទៅ​១.៥៥​ដុល្លារ ក្នុង​នោះ​ទាំងអស់​គ្នា​បាន​ដាក់​ពាក្យ​ទិញ និង​ដេញថ្លៃ​នៅ​ចុង​ក្រោយ​នេះ អុ​ី​ចឹ​ង​អ្នក​ណា​ដែល​ហ៊ាន​ដាក់​ថ្លៃ​ខ្ពស់ នឹង​បាន​ទៅ​អ្នក​នោះ​» ។

បើ​តាម​ទិន្នន័យ​ពី​កំពង់​ផែ​ស្វយ័ត​ក្រុងភ្នំពេញ​បង្ហាញ​ថា ទំនិញ​ដែល​ឆ្លងកាត់​កំពង់​ផែ​នេះ​ក្នុង​រយៈពេល​៧​ខែ​ដំបូង​ក្នុង​ឆ្នាំ​២០១៥​នេះ មាន​ចំនួន​៧៩.៨៨៤TEUs កើនឡើង​៨ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៤ ដែល​មាន​៧៣.៧៤៦TEUs​។ ការ​សម្រេច​ឡើង​ផ្សារ​ហ៊ុន​នា​ពេល​នេះ គឺ​ដើម្បី បង្កើន​មូលនិធិ​សម្រាប់​ពង្រីក​ការ​អភិវឌ្ឍ​ដំណាក់កាល​ទី​២​របស់​ខ្លួន​នៅ​ចំណត​ផែ​ថ្មី​ស្ថិត​ស្រុក កៀនស្វាយ ខេត្តកណ្តាល ដោយ​បាន​ចាប់ផ្ដើម​ដំណើរការ​ដំណាក់​កាលពី​១ ក្នុង​ឆ្នាំ​២០១៣ ដែល​ចំណាយ​ទឹកប្រាក់​អស់​ជាង​២៨​លាន​ដុល្លារ ជា​ការ​ផ្ដល់ ហិរញ្ញប្បទាន​ដោយ​រដ្ឋាភិបាល​ចិន ៕