រាជធានីភ្នំពេញ ៖ ក្រុមចោរមានគ្នាបួននាក់បានធ្វើសកម្មភាពយកកាំភ្លើងជ័រភ្ជង់ប្លន់យកម៉ូតូមួយគ្រឿងម៉ាកនិចពីយុវជនម្នាក់បានសម្រេច ហើយគេចខ្លួនបាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោង១២ និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២០ តុលា ២០១៥ ស្ថិតនៅចំណុចក្រោយសាលាកសិកម្ម តាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ។
បើតាមការនិយាយរៀបរាប់របស់ជនរងគ្រោះឈ្មោះ ជាណាក់ អាយុ២០ឆ្នាំ មុខរបរកម្មករក្រុមហ៊ុន ស៊ិនទ្រី ស្នាក់នៅផ្ទះជួលនៅចំណុចក្រោយសាលាកសិកម្មក្នុងខណ្ឌដង្កោបានឱ្យដឹងថា មុនពេលកើតហេតុរូបគេបានជិះម៉ូតូមួយគ្រឿងម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CT-9823 ដោយគេបានជិះម្នាក់ឯងចេញពីផ្ទះដើម្បីទៅហូបបាយឆានៅខាងក្រៅ។
ពេលគេហូបបាយរួចហើយ ក៏ជិះម៉ូតូមកវិញដល់ចំណុចកើតហេតុខាងលើស្រាប់តែមានជនសង្ស័យបួននាក់ជិះម៉ូតូពីរគ្រឿងមួយគ្រឿងម៉ាកស្តូពី និងមួយគ្រឿងទៀតម៉ាកហុងដាឌ្រឹមសេ១២៥ បានជិះមកកៀររូបគេឲ្យអែបខាង រួចដកកាំភ្លើងមួយដើមពីចង្កេះភ្ជង់គំរាមប្លន់ តែដោយគេមិនព្រមឱ្យស្រាប់តែជនល្មើសនោះទាញកាំភ្លើងបាញ់គេមួយគ្រាប់ចំថ្តាល់ខាងឆ្វេងទើបគេដឹងថា ជាកាំភ្លើងជ័រ ដោយមានការភ័យពេកគេក៏បានផ្តួលម៉ូតូរបស់ខ្លួនចោលរត់រកគេឯងក្បែរនោះឱ្យជួយ ។
ភ្លាមៗក្រុមចោរបានលើកម៉ូតូរបស់ជនរងគ្រោះជិះចេញពីកន្លែងបាត់ដោយសុវត្ថិភាពតែម្តង ។ ក្រោយពេលកើតហេតុជនរងគ្រោះបានខលហៅបងប្អួន និងមិត្តភក្តិជាច្រើននាក់ជិះម៉ូតូដើររកក្រុមជនល្មើសវិញ តែរកមិនឃើញ បានត្រឹមតែទៅដាក់ពាក្យបណ្តឹងនៅសង្កាត់ដង្កោសុំឱ្យសមត្ថកិច្ចស្រាវជ្រាវដោយខ្លួនឯងតែប៉ុណ្ណោះ ៕




ចែករំលែកព័តមាននេះ