រាជធានីភ្នំពេញ ៖ ជនជាតិចិនស្រវឹងស្រាបើករថយន្តបុករថយន្តមួយគ្រឿងហើយទៅបុកម៉ូតូ២គ្រឿងទៀត បណ្តាលឲ្យដួលរងរបួសហើយចាប់ក្របួចកអាវរកវាយគេទៀតបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៩ តុលា នៅតាមវិថីសុធារសកែងផ្លូវស្ពានឥន្ទធនូ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
រថយន្តបង្កម៉ាកតាកូម៉ា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AF-1361 បើកបរដោយបុរសជនជាតិចិនម្នាក់ក្នុងស្ថានភាពស្រវឹងតាមផ្លូវស្ពានឥន្ទធនូពីកើតមកលិច ។ ចំណែកររថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2P-9884 និងម៉ូតូ២គ្រឿងទៀត ម៉ាកគុបជ្រុង ពណ៌ទឹកប៊ិក ពាក់ស្លាកលេខភ្នំពេញ 2AC-4939 ម៉ាកអាយខន ពណ៌ទឹកក្រូច ពាក់ស្លាកលេខ 1AO-1086 បើកបរស្របទិសគ្នាតាមវិថីសុធារសពីជើងទៅត្បូង ។
ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តបង្កបើកបរដោយជនជាតិចិនក្នុងស្ថានភាពស្រវឹងស្រាបើកចេញពីមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រតាមផ្លូវស្ពានឥន្ទធនូពីកើតទៅលិច លុះមកដល់កន្លែងកើតហេតុ ក៏បុកចំទ្វារខាងក្រោយរថយន្តហាយឡែនឌ័រចំហៀងខាងឆ្វេងពេញទំហឹងធ្វើឲ្យរថយន្តហាយឡែនឌ័រវេរទទឹងផ្លូវទៅបោកនឹងម៉ូតូ គុបជ្រុងនៅខាងមុខបណ្តាលឱ្យម្ចាស់រងរបួសស្រាល ហើយរថយន្តបង្កជ្រុលទៅបុកអូសម៉ូតូអាយខនដែលជិះមកពីក្រោយរថយន្តរងគ្រោះគាបជាប់ក្រោមរថយន្តបង្កទៅមុខលែងរួចបណ្តាលឲ្យអ្នកបើកបរម៉ូតូអាយខនរបួសដៃឆ្វេង ។
ក្រោយពេលកើតហេតុ អ្នកបើករថយន្តបង្កបានចុះពីលើរថយន្តហុចលុយចំនួន២០ដុល្លារ ឲ្យទៅជនរងគ្រោះជិះម៉ូតូអាយខន តែគេមិនព្រមយកបានហូតថែម២០ដុល្លារទៀត នៅតែមិនព្រមយក ស្រាប់តែជនបង្កបានចាប់ក្របួចកអាវជនរងគ្រោះបម្រុងវាយ ក៏ត្រូវប្រជាពលរដ្ឋឃើញនាំគ្នាដេញវាយជនជាតិចិនរហូតបែកច្រមុះហូរឈាម ទើបត្រូវជនជាតិចិនភ័យខ្លួនបានរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពេលកើតហេតុ រថយន្តបង្កនិងរថយន្តរងគ្រោះ ព្រមទាំងម៉ូតូ២គ្រឿង ត្រូវសមត្ថកិច្ចវាស់វែងយកទៅដោះស្រាយនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ៕
ចែករំលែកព័តមាននេះ