រាជធានីភ្នំពេញ ៖ រថយន្តដឹកសំរាមរបស់ក្រុមហ៊ុនស៊ិនទ្រី បានបើកបត់ឆ្លងផ្លូវលឿនមិនប្រយ័ត្ន ក៏ជ្រុលទៅបុកនិងកិន បណ្តាលបុរសម្នាក់រងរបួសបាក់ជើងម្ខាង ដែលហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី១៩ តុលា ២០១៥ ស្ថិតនៅតាមបណ្តោយផ្លូវ២១៥ កែងផ្លូវលេខ១៥៦ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។
សាក្សីដែលឃើញហេតុការណ៍ឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តដឹកសំរាមរបស់ក្រុមហ៊ុនស៊ិនទ្រីមួយគ្រឿង ពណ៌ សលាយបៃតង បានបើកពីជើងទៅត្បូងដោយព្យាយាមបើកបត់ឆ្វេងឆ្លងផ្លូវម្ខាងទៀត ស្រាប់តែជ្រុលទៅបុកនិងម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រឹមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប 1F-9906 ដែលជិះដោយបុរសម្នាក់កំពុងធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១៥ ក្នុងទិសដៅពីត្បូងទៅជើង បុកម៉ូតូចំពាក់កណ្តាល បណ្តាលឱ្យម៉ូតូដូលចូលក្រោមកង់រថយន្តកិនរងការខូចខាតយ៉ាងដំណំ ។
សាក្សីបន្តថា នេះក៏ជាសំណាងមួយដែលម្ចាស់ម៉ូតូមិនចូលក្រោមកង់រថយន្តនោះ ព្រោះពេលកើតហេតុ ម្ចាស់ម៉ូតូលោតចេញពីម៉ូតូរបស់គេទាន់ពេល កុំអីមិនដឹងយ៉ាងណានោះទេ ។ បន្ទាប់ពីកើតហេតុភ្លាមៗនោះ អ្នកបើកបររថយន្តបង្ករបស់ក្រុមហ៊ុនស៊ិនទ្រី ក៏ រត់ចុះពីរថយន្តគេចខ្លួនបាត់តែម្តង ។




ចែករំលែកព័តមាននេះ