រាជធានីភ្នំពេញ ៖ ជនសង្ស័យមួយក្រុមមានគ្នា១០នាក់បានធ្វើសកម្មភាពវាយប្លន់យកម៉ូតូ និងខ្សែ.កពីបុរសម្នាក់បានសម្រេចរួចគេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង១ និង ៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២០ តុលា ២០១៥ នៅចំណុចផ្លូវរទះភ្លើង ទំនប់ទួលគោក តាមបណ្តោយផ្លូវលេខ៧០ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។
ជនរងគ្រោះឈ្មោះ សុខ នុច អាយុ២៣ឆ្នាំ មុខរបរដឹកហ្គាសឱ្យគេ ស្នាក់នៅទួលសង្កែ ខណ្ឌឬស្សីកែវ បានជិះម៉ូតូមួយគ្រឿងម៉ាកវិវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1L-1070 បាននិយាយប្រាប់សមត្ថកិច្ចថា រូបគេបានជិះម៉ូតូចេញពីផឹកស៊ីជួបជុំមិត្តភក្តិនៅម្តុំជ្រោយចង្វារ រួចធ្វើដំណើរត្រឡប់មកផ្ទះវិញ ដោយជិះម៉ូតូតាមផ្លូវលេខទំនប់ទួលគោក (៧០) ក្នុងទិសដៅពីកើតទៅលិច ខណ:មកដល់ក្បែរផ្លូវរទះភ្លើង ស្រាប់តែមានស្ត្រីលោតមកកាក់ពីមុខម៉ូតូរបស់គេ ដោយមិនដឹងមូលហេតុ ។
ឃើញបែបនេះរូបគេបានឈប់ម៉ូតូសួរនាំថាមានរឿងអ្វី គ្រាន់តែសួរមិនទាន់ដឹងអីផង ស្រាប់តែលេចមុខជនសង្ស័យមួយក្រុមមានគ្នា១០នាក់ដើរមកជិតខ្លួនគេ (ជនរងគ្រោះ) ហើយធ្វើសកម្មភាពវាយប្លន់យកម៉ូតូ និងខ្សែ.កប្លាទីនទម្ងន់ប្រាំជីមួយខ្សែទៅបាត់ដោយសុវត្ថិភាព ។
ក្រោយពេលកើតហេតុជនរងគ្រោះមិនបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលិសភ្លាមៗទេ ដោយសារជនរងគ្រោះមានតែម្នាក់ឯង ខ្លាចក្រុមជនសង្ស័យនោះមកវិញម្តងទៀត រួចគេក៏ចូលទៅឱ្យអ្នករត់ម៉ូតូឌុបក្បែរនោះជួយហៅសមត្ថកិច្ច ជាង១ម៉ោងទើបសមត្ថកិច្ចមកដល់កន្លែងកើតហេតុសួរនាំ ហើយក៏ទទួលជនរងគ្រោះយកទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទួលសង្កែដើម្បីធ្វើការស្រាវជ្រាវ ៕




ចែករំលែកព័តមាននេះ