ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គការ​អុក​ស្វា​ម បើក​យុទ្ធនាការ​ស្តីពី កិច្ច​គាំពារ​មាតុភាព ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ​

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ ដើម្បី​បង្កើន​ការយកចិត្តទុកដាក់​ទៅដល់​កម្មការិនី នៅតាម​វិស័យ​នានា ជាពិសេស​នៅក្នុង​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែលជា​រឿយៗ ពុំទាន់​ត្រូវបាន​គេ​គិតគូរ​ពេញលេញ​នៅឡើយ​ទាំង​នៅ​ប្រទេស​កម្ពុជា និង​តំបន់​អាស៊ាន នៅក្នុង​ឱកាស​ទិវា​ពលកម្ម​អន្តរជាតិ​លើក​ទី​១៣៥ នា​ឆ្នាំនេះ អង្គការ​អុក​ស្វា​ម…

ភ្នំពេញ​៖ ដើម្បី​បង្កើន​ការយកចិត្តទុកដាក់​ទៅដល់​កម្មការិនី នៅតាម​វិស័យ​នានា ជាពិសេស​នៅក្នុង​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែលជា​រឿយៗ ពុំទាន់​ត្រូវបាន​គេ​គិតគូរ​ពេញលេញ​នៅឡើយ​ទាំង​នៅ​ប្រទេស​កម្ពុជា និង​តំបន់​អាស៊ាន នៅក្នុង​ឱកាស​ទិវា​ពលកម្ម​អន្តរជាតិ​លើក​ទី​១៣៥ នា​ឆ្នាំនេះ អង្គការ​អុក​ស្វា​ម និង​ដៃគូ​នៅ​កម្ពុជា ឡាវ និង​វៀតណាម បានរួម​គ្នា​រៀបចំ​យុទ្ធនាការ “​កិច្ច​គាំពារ​មាតុភាព​” មួយ​ក្នុង​គោលបំណង​លើកកម្ពស់​ការយកចិត្ត​ទុកដាក់ និង​ដោះស្រាយ​លើ​រាល់​បញ្ហា​ប្រឈម របស់​កម្ម​ការ​នី​នៅក្នុង​វិស័យ​ខាងលើនេះ ដើម្បី​ទទួលបាន​កិច្ច​គាំពារ​មាតុភាព​ពេញលេញ និង​សមស្រប​។

យុទ្ធនាការ​នេះ មាន​រយៈពេល ២​ខែ ធ្វើឡើង​តាម​ប្រព័ន្ធ​អន​ឡាញ ក្នុង​គោលបំណង​លើកកម្ពស់​ការយល់ដឹង​អំពី​បញ្ហា​ប្រឈម និង​តម្រូវការ​របស់​កម្មការិនី ក្នុងការ​ទទួលបាន​អត្ថប្រយោជន៍​កិច្ច​គាំពារ​មាតុភាព​។

​នៅក្នុង​ប្រទេស​កម្ពុជា ស្ត្រី​ប្រមាណ​ជាង​៩០% ក្នុង​វិស័យ​ការងារ មិនទាន់​បានទទួល​កិច្ច​គាំពារ​មាតុភាព​នៅឡើយ​ទេ ដោយសារ​ស្ថានភាព​ការងារ​ក្រៅ​ប្រព័ន្ធ​របស់​ពួកគេ​។ តាមរយៈ​យុទ្ធនាការ​នេះ អង្គការ​អុក​ស្វា​ម និង​ដៃគូ​មាន​គោលបំណង​ជាក់លាក់ ដើម្បី​លើកកម្ពស់​ការយល់ដឹង ជាពិសេស​ក្នុង​កម្រិត​អ្នកបង្កើត​គោលនយោបាយ​ថ្នាក់ជាតិ អំពី​តម្រូវការ​បន្ទាន់ ដែលមាន​នៅក្នុង​បទ​ប្បញ្ញត្តិ​ស្តីពី កិច្ច​គាំពារ​មាតុភាព​សម្រាប់​កម្មការិនី និង​ស្ត្រី​ជាន​យោ​ជិ​ក​ទាំងអស់ ហើយ​ជាពិសេស​នោះ​គឺ​ស្ត្រី​កម្មករ​ក្រៅ​ប្រព័ន្ធ​។

​លោកស្រី លឹម សូ​លីន នាយិកា​អង្គការ​អុក​ស្វា​ម​មានប្រសាសន៍ថា​៖ “​កិច្ច​គាំពារ​មាតុភាព គឺជា​សិទ្ធិ​មូលដ្ឋាន និង​សិទ្ធិ​នៅក្នុង​រដ្ឋធម្មនុញ្ញ ហើយ​កិច្ច​គាំពារ​នេះ គឺជា​ការចាំបាច់​ណាស់ ក្នុងការ​សម្រេច បាន​នូវ​សមភាព​យេនឌ័រ សុខុមាលភាព និង​សុខភាព​របស់​ម្តាយ និង​កូន ក៏ដូចជា​ក្នុងការ​ទទួលបាន​ឱកាស និង​ភាពស្មើគ្នា​ក្នុង​វិស័យ​ការងារ​រវាង​ស្ត្រី និង​បុរស ក៏ដូចជា​ពលរដ្ឋ​ក្នុង​ក្រុម​ផ្សេងៗ​ផងដែរ​។​”

​របាយការណ៍​របស់​ធ​នាគារ​ពិភពលោក ឆ្នាំ​២០២០ បានឱ្យដឹងថា ស្ត្រី​ដែល​ស្ថិតនៅក្នុង វ័យ​សកម្ម​ក្នុងការ​ពរ​ពោះ​នៅ​ចន្លោះ​ពី​អាយុ ២៥​ឆ្នាំ ដល់​៣៤​ឆ្នាំ ហាក់​មាន​ចំនួន​ច្រើន​លើសលប់​នៅក្នុង​ចំណោម​អ្នកមាន​ជីវភាព​ខ្វះខាត​។ សម្រាប់​ប្រទេស​កម្ពុជា ស្ត្រី​ចំណាយពេល​ជា​មធ្យម ៣.៥ ម៉ោង ច្រើនជាង បុរស​ទៅលើ​ការមើល​ថែកូន​ដោយ​មិន​ទទួលបាន​ប្រាក់ចំណូល និង​ការងារ​ផ្ទះ សូម្បីតែ​អំឡុង​មាន​ផ្ទៃពោះ និង​មាតុភាព​ក៏ដោយ ហើយ​ជាពិសេស​ក្នុងអំឡុងពេល​នៃ​ជំងឺ​រាតត្បាត​កូ​វីដ​១៩​តែម្តង​។ នេះ​អាច​បញ្ជាក់ បាន​ថា ស្ត្រី​មាន​ពេលវេលា​មិន​គ្រប់គ្រាន់​ក្នុងការ​ធ្វើការ​ក្នុង​ប្រព័ន្ធ និង​រកប្រាក់​ចំណូល និង​ពុំ​មានឱកាស​សម្រាប់​ពង្រឹង​សមត្ថភាព ពុំមាន​លទ្ធភាព​សន្សំ​ប្រាក់​បាន​គ្រប់គ្រាន់ និង​មិនមាន​លទ្ធភាព​បង់​វិភាគទាន​ទៅក្នុង​របប​សន្តិសុខ​សង្គម​។

​ទន្ទឹមនឹងនេះ ស្ត្រី​ក៏​ងាយ​រងគ្រោះ​ខ្លាំង ប្រឈម​នឹង​ភាពក្រីក្រ និង​ជំងឺ​ផ្សេងៗ​ទាំង​ខ្លួនឯង និង​កូនៗ​។ ដូច្នេះ យើង​ត្រូវតែ​ធានាថា ច្បាប់ គោលនយោបាយ និង​នីតិវិធី មួយផ្នែក​ដែល​អាច​ការពារ​កម្ម​កា​រ​នី និង​និ​យោ​ជិ​ក​ស្ត្រី​ទាំងអស់ តាមរយៈ​ការបញ្ចូល​ការងារ​របស់​ពួកគេ​ជា​ប្រព័ន្ធ និង​តាមរយៈ​ការផ្តល់​ការ​គាំពារ ព្រមទាំង​អត្ថប្រយោជន៍​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ និង​សម្រាក​មាតុភាព​។​

​របាយការណ៍​របស់​អង្គការ​អុក​ស្វា​ម ដែល​នឹង​ចេញផ្សាយ​នាពេល​ឆាប់ៗ​នេះ បានឱ្យដឹងថា ច្បាប់​ខ្លះ មិនទាន់បាន​យកចិត្តទុកដាក់​ក្នុងការ​ផ្តល់​កិច្ច​គាំពារ​មាតុភាព​ឱ្យបាន​ប្រសើរ សម្រាប់​កម្ម​ការ​នី និង​និ​យោក​ជិ​ក​ស្ត្រី​ទាំងអស់​នៅឡើយ​។ ជាក់ស្តែង ច្បាប់​ការងារ​របស់​កម្ពុជា នៅ​ពុំទាន់​បាន​បញ្ចូល​កម្ម​ការ​នី​ក្រៅ​ប្រព័ន្ធ​ក្នុងការ​ទទួលបាន​កិច្ច​គាំពារ​សង្គម​ណាមួយ​នៅឡើយ​នោះទេ​។

ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​កិច្ច​គាំពារ​មាតុភាព​ពេញលេញ កម្ម​ការ​នី​ត្រូវមាន​ការងារ​ជា​លក្ខណៈ ប្រព័ន្ធ ហើយ​ត្រូវ​បង្ហាញថា ពួកគេ​បាន​បំពេញ​គោលការណ៍​តម្រូវ​អប្បបរមា ដើម្បី​ទទួលបាន​ការធានារ៉ាប់រង សន្តិសុខ​សង្គម ឬ​គម្រោង​ជំនួយ​សង្គម​ជា​វិភាគទាន​។

ប៉ុន្តែ​ដូច​បាន​រៀបរាប់​ខាងលើ កម្ម​ការ​នី និង​និ​យោ​ជិ​ក ស្ត្រី​កម្មករ​ក្រៅ​ប្រព័ន្ធ​ភាគច្រើន មិនអាច​បំពេញ​តាម​គោលការណ៍​តម្រូវ​ទាំងនេះ​បាន​នោះទេ ដោយសារ​ពួក គេ​ពុំមាន​ការរៀបចំ​ការងា​រ​ជា​ប្រព័ន្ធ​ណាមួយ​ច្បាស់លាស់ ហើយ​កាលវិភាគ​ការងារ​របស់​ពួកគេ​ពុំមាន​ភាពទៀងទាត់ ដើម្បី​អាច​ចូលរួមចំណែក​ដល់​ការធានារ៉ាប់រង​សន្តិសុខ​សង្គម​បាន​នោះដែរ​។​

​ឯកឧត្តម​បណ្ឌិត ច​ន ណា​រិ​ទ្ធ អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម (GS-NSPC) មាន ប្រសាសន៍ថា​៖ “​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម ទទួលស្គាល់​នូវ​សារៈសំខាន់​នៃ​កិច្ច​គាំពារ​មាតុភាព ដែលជា​កត្តា​ដ៏​សំខាន់​ក្នុងការ​ដោះស្រាយ​វិសមភាព​យេនឌ័រ និង​កាត់បន្ថយ​ភាព​ងាយ​រងគ្រោះ​របស់​ស្ត្រី និង​គ្រួសារ​។ កិច្ច​គាំពារ​មាតុភាព ជាពិសេស​សម្រាប់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ដែល​ពេល​បច្ចុប្បន្ននេះ ស្ថិតនៅក្នុង​របៀបវារៈ​ដ៏​ចម្បង​នៃ​កិច្ច​គាំពារ​សង្គម​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ ដែលមាន​ដូចជា “​កម្មវិធី​ផ្ទេរ ប្រាក់​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​តូចៗ​”​។

ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម​កំពុងធ្វើការ​ពង្រឹង​បន្ថែមទៀត ក្នុងការ​សម្របសម្រួល និង​ធ្វើ​ឪ្យ​មាន​ភាព​សុខដុម​នីយកម្ម​នៃ​គោលនយោបាយ និង​បទ​ប្បញ្ញត្តិ​នានា ដើម្បី​ធានាថា ស្ត្រី​ទាំងអស់ ទាំង​នៅក្នុង វិស័យ​ការងារ​ក្នុង​ប្រព័ន្ធ​ក្តី និង​ក្រៅ​ប្រព័ន្ធ​ក្តី សុទ្ធតែ​អាច​ទទួលបាន​នូវ​កិច្ច​គាំពារ​សង្គម​។ យើង​ទទួលស្គាល់ នូវ​តួនាទី​សំខាន់​របស់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ រួមទាំង​សង្គម​ស៊ីវិល​ផង​ក្នុង​កិច្ច​បន្ត​សហការ ដើម្បី​ធានាថា ម្តាយ​គ្រប់ៗ​រូប​ទទួលបាន​នូវ​អត្ថប្រយោជន៍​ពេញលេញ ពី​កម្មវិធី​កិច្ច​គាំពារ​សង្គម ដែល​នឹង​ផ្តល់ឱ្យ​ស្ត្រី​មាន ឱកាស​បន្ត​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ផងដែរ​។​

​ឯកឧត្តម ថេ ឈុន​ហាក់ អគ្គនាយក​សមភាព​យេនឌ័រ និង​អភិវឌ្ឍ​សេដ្ឋកិច្ច នៃ​ក្រសួង​កិច្ចការនារី មានប្រសាសន៍ថា​៖ “​កិច្ច​គាំពារ​មាតុភាព គឺជា​តម្លៃ​របស់​មនុស្ស​ទូទៅ និង​ជា​មូលដ្ឋាន នៃ​សមភាព​យេនឌ័រ និង​សេដ្ឋកិច្ច​ដែល​គិតគូរ​លើ​ការ​គាំពារ​និង​ថែទាំ​។ នៅក្នុង​ប្រទេស​កម្ពុជា ការចូលរួម​នៃ កម្លាំង​ពលកម្ម​ស្ត្រី​កំពុងតែ​មានការ​កើនឡើង​ជា​លំដាប់ ហើយ​តម្រូវការ​កិច្ច​គាំពារ​មាតុភាព​កាន់​តែមាន សារៈសំខាន់ និង​ត្រូវ​យកចិត្តទុកដាក់​សម្រាប់​គ្រប់ៗ​គ្នា​។ ក្រសួង​កិច្ចការនារី តាមរយៈ​ផែនការ​យុទ្ធសាស្ត្រ នារីរតន​ទី​៥ ឆ្នាំ​២០១៩-២០២៣ បាន​ប្តេជ្ញាចិត្ត​ក្នុងការ​លើកកម្ពស់​ការ​យកចិត្តទុកដាក់ និង​ការទទួលខុសត្រូវ​ពី​គ្រប់​មជ្ឈដ្ឋាន​លើ​របៀបវារៈ​នេះ​។ យើង​បន្ត​ធ្វើការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ អង្គការ​សង្គម​ស៊ីវិល និង​វិស័យ​ឯកជន ដើម្បី​ប្រែក្លាយ​គុណ​តម្លៃ​របស់​យើង​ទៅជា​សកម្មភាព ប្រែក្លាយ​គោលនយោបាយ​កាន់តែ ប្រកបដោយ​បរិ​យាប​ន្ន និង​បង្កើត​បរិយាកាស​ឲ្យ​ស្ត្រី​បាន​អនុវត្ត​នូវ​សិទ្ធិ និង​ជម្រើស​របស់ខ្លួន​ឲ្យ​បាន​កាន់តែ​ពេញលេញ​។​”
​ ​
​ដោយ​មើលឃើញ​ពី​បញ្ហា​ប្រឈម​នៃ​ការ​ពរ​ពោះ និង​មាតុភាព ជាពិសេស​សម្រាប់​កម្ម​កា​រ​នី ក្រៅ​ប្រព័ន្ធ អង្គការ​អុក​ស្វា​ម​សូម​ធ្វើការ​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ធ្វើការ​ពិចារណា លើ​សង្គតិភាព​ច្បាប់ និង​គោលនយោបាយ​ឱ្យបាន​ប្រសើរ និង​ពេញលេញ​ដោយ​ស្របទៅតាម​អនុសញ្ញា ការពារ​មាតុភាព​លេខ​១៨៣(២០០០) ដែល​ចងក្រង​ជាគោលការណ៍​គំរូ​ចំនួន​៥​ផ្នែក​ធំៗ រួមមាន ការ​សម្រាក​មាតុភាព អត្ថប្រយោជន៍​ផ្នែក​ប្រាក់​គាំពារ និង​វេជ្ជសាស្ត្រ ការការពារ​សុខភាព​នៅ​កន្លែងធ្វើការ សម្រាប់​ម្តាយ និង​ទារក អំឡុងពេល​មាន​ផ្ទៃពោះ និង​អំឡុងពេល​បំបៅ​ដោះ ការការពារ និង​ការមិន​រើសអើង ចំពោះ​ការងារ និង​ការ​បំបៅកូន​។​
​ ​
​យុទ្ធនាការ កិច្ច​គាំពារ​មាតុភាព នេះ​ជា​ផ្នែក​មួយ​នៃ​គម្រោង​កិច្ច​គាំពារ​សង្គម​របស់​អង្គការ អុក​ស្វា​ម ដែល​គាំទ្រ​ដោយ​ក្រសួងការបរទេស​ប៊ែ​ល​ហ្សិ​ក ក្នុង​គោលបំណង​លើកកម្ពស់​ការងារ​សម​រម្យ​ក្នុង​តំបន់​អាស៊ាន និង​អប់រំ​ផ្សព្វផ្សាយ​ឲ្យ​មានការ​ទទួលស្គាល់​កិច្ច​គាំពារ​សង្គម​ថា ជា​ផ្នែក​មួយ​ជួយ​កាត់បន្ថយ​វិសមភាព ភាព​ងាយ​រងគ្រោះ និង​ភាពក្រីក្រ​។ កិច្ច​គាំពារ​មាតុភាព គឺជា​ផ្នែក​មួយ​សំខាន់​នៃ​វិធានការ​គាំពារ​សង្គម​គ្រប់​ជ្រុងជ្រោយ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ